Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​នឹង​បង្កើត​សិប្បកម្ម​កែច្នៃ​ផ្លែ​ម្នាស់ ទៅជា​ភេសជ្ជៈ លើកដំបូង​នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង ៖ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​ឯកជន​មួយ គ្រោង​បោះទុន​បង្កើត​សិប្បកម្ម​កែច្នៃ​ផ្លែ​ម្នាស់ ជា​លើកដំបូង​នៅក្នុង​ខេត្តបាត់ដំបង ដើម្បី​កែច្នៃ​ទៅជា​ភេសជ្ជៈ ក្នុងការ​ផ្គត់​ផ្គង​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​។ គម្រោង​នេះ ជា​ដំណឹង​វិជ្ជមាន​មួយ​សម្រាប់​កសិករ ដែល​នឹងធ្វើ​ឲ្យ​ផ្លែ​ម្នាស់​មានតម្លៃ​សមរម្យ ខណៈ​តម្លៃ​នាពេល​បច្ចុប្បន្ន មានការ​ចុះឡើងៗ​មិន​ទៀងទាត់​។

​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា សិប្បកម្ម​កែច្នៃ​ផ្លែ​ម្នាស់​ទៅជា​ភេសជ្ជៈ​នេះ គ្រោង​នឹង​បង្កើត​នៅលើ​ទី​ដី​ស្រុក​សង្កែ​។ គម្រោង​នេះ ស្ថិតក្នុង​ការសិក្សា​និង​វាយតម្លៃ​នៅឡើយ ទៅលើ​ការចំណាយ​របស់​កសិក​រ​ក្នុង​ការដាំដុះ រួមទាំង​ការធ្វើ​កិច្ច​ព្រម​ព្រៀម​ជាមួយ​កសិករ ឲ្យ​បានច្បាស់លាស់​សិន ទើប​ខាង​ក្រុមហ៊ុន​ហ៊ាន​បោះទុន​វិនិយោគ​។​

​ចំពោះ​ផ្លែ​ម្នាស់​ដែល​តម្រូវ ទិញ​ពី​កសិករ​នោះ គឺ​ស្របតាម​ស្ដង់ដារ មាន​ទំហំ​មួយ​ច្បាស់លាស់ ហើយ​ខាង​ក្រុមហ៊ុន​នឹង​បញ្ជូន​អ្នក​ជំ​
​នា​ញ មកជួយ​បណ្ដុះបណ្ដាល​ពី​របៀបការ​ដាំ​ឲ្យ​មាន​ទិន្នផល​ល្អ រួមទាំង​ការធានា​ការទិញ​យក​ពី​កសិករ ប៉ុន្តែ​ក៏​ទុក​លទ្ធភាព​ឲ្យ​ពួកគាត់ ទុក​លក់​សម្រាប់​តម្រូវ​ការ​ទីផ្សារ​នានា​ផងដែរ​។​

​កសិករ​ដាំ​ម្នាស់ ស្ថិតក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​តំបន់​ពួកគាត់ រស់​នៅមាន​ពលរដ្ឋ​ប្រមាណ ៧៥​ភាគរយ ក្រៅពី​ធ្វើស្រែ បាន​ប្រក​បរបរ​ដាំ​ម្នាស់​ជា​លក្ខណៈ​វិលជុំ ប៉ុន្តែ​សម្រាប់​តម្លៃ​វិញ គឺមាន​ការចុះ​ឡើងៗ​មិន​ថិ​ត​ថេរ ឆ្នាំ​ខ្លះ​ក្នុង​មួយ​ផ្លែ​អាច​លក់បាន​ត្រឹម​តម្លៃ ២០០​រៀល និង​ឆ្នាំ​ខ្លះទៀត អាច​លក់បាន​រហូតដល់​ជាង ១០០០​រៀល ។ សម្រាប់​ផ្លែ​ម្នាស់ បើ​លក់​ត្រឹម​តម្លៃ ២០០​រៀល​នេះ គឺ​មិនអាច​ទូទាត់​នឹង​ការចំណាយ​លើ​ការដាំដុះ​បាន​នោះទេ គឺ​ទាល់តែ​តម្លៃ​បាន ៧០០​ទៅ​៨០០​រៀល ក្រោយ​កាត់​លើ​ការចំណាយ​អស់ អាច​សល់​ប្រា​ក់បាន​គួរសម ។ ក្រោយ​ពេលឮ​ដឹង​ដំណឹង​ថា នៅក្នុង​ខេត្តបាត់ដំបង គ្រោង​បង្កើត​សិប្បកម្ម​កែច្នៃ​ផ្លែ​ម្នាស់​ទៅជា​ភេសជ្ជៈ ពួកគាត់​សប្បាយចិត្ត ហើយក៏​រំពឹងថា តម្លៃ​ផ្លែ​ម្នាស់​នឹងមាន​ទីផ្សារ​បាន​តម្លៃ​គួរសម​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ខេត្តបាត់ដំបង មានស្រុក​ចំនួន​២ បាន​ដាំ​ផ្លែ​ម្នាស់​ច្រើនជាងគេ មានស្រុក​មោងឫស្សី និង​ស្រុក​រុក្ខ​គិរី ក្នុង​ផ្ទៃដី​ប្រមាណ​ជាង ២.០០០​ហិកតា ហើយ​ការដាំ​នេះ ក្នុង​មួយ​ហិកតា ដាំ​បាន​ចាប់ពី ៥​ម៉ឺន​ទៅ​៦​ម៉ឺន​ដើម ដោយ​ដាំ​បាន​ជាង ៨ ទៅ​១០​ខែ ទើប​ប្រមូល​ផល​បាន ។ ការដាំ​ក្នុង​មួយ​ហិកតា ប្រើ​អស់​ទឹកប្រាក់​ប្រមាណ ៨​លាន ទៅ​១០​លាន​រៀល ៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×