Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា រាយការណ៍​ពី​សកម្មភាព​ការងារ​ នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៤

spot_img

​ភ្នំពេញ​៖ ព្រឹទ្ធសភា​បានបញ្ចប់​សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ នា​ចន្លោះ​សម័យប្រជុំ​លើក​ទី​៤ និង​លើក​ទី​៥​នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ គណៈកម្មការ ក្រុម​ភូមិភាគ​នានា ក្រុម​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក សមាជិកា​ព្រឹទ្ធសភា បាន​ខិតខំ​បំពេញការងារ ស្របតាម​ការកំណត់​ក្នុង​ប្រការ​៥៥ នៃ​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​។ ព្រឹទ្ធសភា​សូម​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការខិតខំ​ប្រឹងប្រែង ជា​អតិបរមា​នឹង​វិធានការ​ចាំបាច់​នានា របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ក្នុង​សេច​ក្តិ​សន្និដ្ឋាន​របស់​ព្រឹទ្ធសភា បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា​រយៈពេល​បី​ខែ​នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ គណៈកម្មការ ក្រុម​ភូមិភាគ​នានា ក្រុម​សមាជិកា ព្រឹទ្ធសភា និង​សមាជិក សមាជិកា​ព្រឹទ្ធសភា បានរួម​គ្នា​ខិតខំ​បំពេញភារកិច្ច រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សម្រេចបាន​លទ្ធផល ផ្លែផ្កា ជា​គុណប្រយោជន៍​ដល់​ជាតិ​និង​ប្រជាពលរដ្ឋ​យើង​។ សកម្មភាព​លេចធ្លោ គឺ​ការយកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ឆ្ពោះទៅកាន់​មូលដ្ឋាន តាមរយៈ​ការរៀបចំ​វេទិកា កិច្ច​ពិគ្រោះ​យោបល់ ការ​ឈ្វេងយល់​អំពី​វឌ្ឍន​ភាពជា​វិជ្ជមាន​ក្រោយ​ការរៀបចំ​វេទិកា ការផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ គណៈកម្មការ​ទាំង​១០ ដែលជា​សេ​- នា​ធិ​ការ​របស់​ព្រឹទ្ធសភា បាន​ចុះ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រសួង​ស្ថាប័ន​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ឈ្វេងយល់​វឌ្ឍនភាព​ការងារ​តាម​វិស័យ ប្រមូល​ព័ត៌មាន ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​។

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ព្រឹទ្ធសភា គឺ​នៅ​ចន្លោះ​សម័យប្រជុំ​នៃ​ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​ជូន​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ព្រឹទ្ធសភា លើ​មុខងារ​ស្នូល​ទាំងបី ដោយបាន​រួមចំណែក​ផ្តល់​សេវា​រៀបចំ​វេទិកា​តាម​ភូមិ​។ ភាគី​នានា​ចំនួន​២​លើក ជំនួប​សវនាការ​ការ​ងារ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា ចំនួន​២​លើក បេសកកម្ម​របស់​គណៈ​កម្ម​ការ​ទៅតាម​បណ្តា​ខេត្ត ក្រុង​នានា​ចំនួន​១២​លើក និង​បាន​អមដំណើរ​គណៈប្រតិភូ​ព្រឹទ្ធសភា​បំពេញបេសកកម្ម​ក្រៅប្រទេស​ចំនួន​២​លើក ព្រមទាំង​បាន​ចូលរួម​រៀបចំ​កម្មវិធី​បុណ្យ​សម្ពោធ​កាត់​ឫស​សីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ដ​ពោធិ​ជ័យ ស្ថិតនៅ​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

​ក្រៅពី​ការផ្តល់សេវា​ស្នូល​លើ​មុខងារ​ទាំងបី អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​-​សភា បន្ត​លើកកម្ពស់​ការផ្តល់សេវា​ស្រាវជ្រាវ និង​ការបញ្ចូល​ប្រើប្រាស់​បច្ចេក​- វិទ្យា​ព័ត៌មាន​ក្នុង​គ្រប់​វិស័យ នៃ​ការងារ​របស់​ស្ថាប័ន ព្រមទាំង​កំពុង​សិក្សា​រៀបចំ​ឱ្យមាន​កម្មវិធី​សម្តែង​មតិយោបល់​របស់​សមាជិក​ព្រឹទ្ធសភា លើ​សេចក្តី ព្រាង​ច្បាប់ ឬ​សេចក្តីស្នើច្បាប់​តាម​ប្រព័ន្ធ Online ដែលជា​មធ្យោបាយ​មួយ​ដ៏​ល្អប្រសើរ​ក្នុងការ​រួមចំណែក​ក្នុង​ដំណើរការ​នីតិកម្ម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ព្រមទាំង​បានរៀបចំ​ផលិត​ខ្សែ​វីដេអូ​ឆ្នាំ​ទី​២ នៃ​នីតិកាល​ទី​៤ របស់​ព្រឹទ្ធសភា សម្រាប់​ផ្សព្វផ្សាយ នៅ​ខួប​ទី​២១​ឆ្នាំ​របស់​ព្រឹទ្ធសភា​។​

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា កំពុង​រៀបចំ​កសាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​រប​ស់​ព្រឹទ្ធសភា​កម្ពុជា និង​ទស្សនវិស័យ​នៃ​ដំណើរ​ទៅមុខ​របស់​អគ្គលេខាធិកា​រដ្ឋា​ន​ព្រឹទ្ធសភា សម្រាប់​រយៈពេល​១០​ឆ្នាំ​(២០២១- ២០៣០)​។ ចំពោះ​ការងារ​អភិវឌ្ឍ​ធនធានមនុស្ស អគ្គលេខាធិការដ្ឋាន​បាន បណ្តុះបណ្តាល​មន្ត្រី​ក្នុងប្រទេស​ចំនួន​២២៤​នាក់ និង​ក្រៅប្រទេស​ចំនួន​៥​នាក់ ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​អគ្គ​-​លេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។ ផ្អែក​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ភាគី​ទាំងពីរ​នឹង​អនុវត្ត​សកម្មភាព​រួមគ្នា រួមមាន​៖ ១.​ការស្រាវជ្រាវ និង​ការបោះពុម្ព ២.​ការរៀបចំ​ព្រឹត្តិការណ៍​រួមគ្នា ដូចជា​សិក្ខាសាលា ការធ្វើ​ប​ឋ​កថា និង​៣.​ការបណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​។​

​យោងតាម​សារាចរ​ណែនាំ​ស្តីពី ការធ្វើ​វិចារណ​កម្ម និង​ការពង្រឹង​ប្រសិទ្ធ​-​ភាព​ចំណាយ​សម្រាប់​អនុវត្ត​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ អគ្គ​-​លេខាធិការដ្ឋាន​បានធ្វើការ​ប្រជុំពិភាក្សា​ជាមួយ​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ដើម្បី​កាត់បន្ថយ​ការចំណាយ ក្រៅពី​បន្ទុក​បុគ្គលិក​សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ទប់ ទល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​សេដ្ឋកិច្ចជាតិ​។ ទន្ទឹមនេះ អគ្គលេខាធិការ​-​ដ្ឋា​ន​ព្រឹទ្ធសភា បាន​ផ្សព្វផ្សាយ​ជូន​មន្ត្រី​អំពី​ការទប់ស្កាត់​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម ធ្ងន់ធ្ងរ (covid១៩) ដោយ​អនុវត្តតាម​វិធានការ​សំខាន់ៗ​ចំនួន​៣​ចំណុច គឺ​វិធាន​ការអប់រំ អនាម័យ វិធានការ​រដ្ឋបាល និង​វិធានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​តាម​ប្រព័ន្ធ online ដើម្បី​ធានា​និរន្ត​ភាព​ការងារ​ស្របតាម​ស្ថានភាព និង​តម្រូវការ​ចាំបាច់​របស់​ស្ថាប័ន និង​ប្រទេសជាតិ​។​

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បានគិត​គូរ​ពី​ផលប្រយោជន៍​របស់​មន្ត្រី​រាជការ ដោយបាន​រៀបចំ​កែប្រែ និង​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រីរាជការ ដែល ត្រូវ​ចាប់​អនុវត្ត​ពី​ខែមេសា ឆ្នាំ​២០២០​នេះ​តទៅ​។ ក្រៅពី​ការងារ​ខាងលើ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​បន្ត​កែលម្អ​បរិស្ថាន ការដាំ​ដើមឈើ​បន្ថែម និង​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា​ក្នុង​បរិវេណ​ព្រឹទ្ធសភា​។

​របាយការណ៍​តាម​វិស័យ​របស់​គណៈកម្មការ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹងថា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៤​និង​លើក​ទី​៥​គណៈកម្មការ​នានា​រប​ស់ ព្រឹទ្ធសភា បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​យ៉ាងសកម្ម ដោយបាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រសួង ស្ថាប័ន​នានា និង​ចុះ​តាម​បណ្តា​ខេត្ត រាជធានី ដើម្បី​តាមដាន​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ច្បាប់​និង​គោលនយោបាយ​នានា​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅលើ​គ្រប់​វិស័យ​របស់​ប្រជាជន​យើង​នៅ​ទូទាំងប្រទេស​។ ដោយ​ឆ្លុះបញ្ចាំង​តាមរយៈ​ដំណើរ​បេសកកម្ម​ទៅកាន់​គ្រប់​មូលដ្ឋាន គណៈ​-​កម្ម​ការ​នានា​ព្រឹទ្ធសភា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​និង​សមិទ្ធផល​ដ៏​ធំធេង​លើ​គ្រប់​វិស័យ ដែល​រាជរដ្ឋាភិបាល​ខិតខំ​សម្រេចបាន​ដោយ​សកម្ម ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​ប្រសិទ្ធភាព និង​គុណភាព​មួយ​ថ្មី ដែល​ឈរលើ​កំណែទម្រង់​លើ​គ្រប់​វិស័យ ជាពិសេស​ការតម្រង់ទិស​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។

​ស្របតាម​វិស័យ​ជា​សមត្ថកិច្ច​រៀងៗ​ខ្លួន​គណៈកម្មការ​នានា​របស់​ព្រឹទ្ធសភា បាន​ចាប់អារម្មណ៍​លើ​វិស័យ​ជា​អាទិភាព​សំខាន់ៗ​ដូចតទៅ​៖

-​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ទទួលបាន​លទ្ធផល កាន់តែ​ល្អប្រសើរ ក្រោយពី​រាជរដ្ឋាភិបាល​ខិតខំ​បង្ខិត​សេវា​កាន់តែ​ជិត​នឹង​ប្រជាពលរដ្ឋ ដោយបាន​ផ្ទេរ​រចនាសម្ព័ន្ធ មុខងារ ធនធានមនុស្ស និង​ថវិកា​ទៅ​ថ្នាក់ក្រោម​ជាតិ​។ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ជាពិសេស​ការផ្តល់សេវា​តាម​ច្រកចេញចូល​តែមួយ ដោយបាន​រួមចំណែក​លើ​ក​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

-​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ស្តីពី​របប​សារព័ត៌មាន ច្បាប់​ស្តីពី ការប្រឆាំង​អំពើពុករលួយ មាន​ភាពល្អប្រសើរ​ជាង​មុន ដោយ​អាជ្ញា​ធរមាន សមត្ថកិច្ច​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ អំពី​វិធាន​ការអប់រំ បង្ការ និង​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើពុករលួយ​តាម​អភិក្រម​អភិបាលកិច្ច​ល្អ​៥​ចំណុច​។​

-​វិស័យ​អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ​និង​ទេសចរណ៍ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយ​អនុវត្តតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ បញ្ហា​ប្រឈម​នានា ក្រសួង​មាន​សមត្ថកិច្ច​បាន​បន្ត​ខិតខំ​ដោះស្រាយ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​២០១៩-២០២៣​។​

-​វិស័យ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា បម្រើឱ្យ​វិស័យសេដ្ឋកិច្ច ទេសចរណ៍ និង​វិស័យ​ដឹកជញ្ជូន មាន​ភាព ល្អប្រសើរ​ជាង​មុន និង​បង្កើត​នូវ​សក្តានុពល​ថ្មីៗ ដើម្បី​ធានា​វឌ្ឍនភាព និង​ការ អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

-​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ផែនការ វិនិយោគ ធនធានទឹក អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន បាន​អនុវត្ត​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ ទី​៦ នៃ​រដ្ឋសភា​។ ក្រសួង​មាន​សមត្ថកិច្ច​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​៖ ការគ្រប់គ្រង​សំណល់​រឹង និង​សំណល់​រាវ កង្វះ​ប្រព័ន្ធធារាសាស្ត្រ គ្រាប់ពូជ បច្ចេកទេស​កសិកម្ម ការគ្រប់គ្រង​ដីធ្លី ធនធានធម្មជាតិ​។​ល​។​

-​ការផ្សព្វផ្សាយ​ព័ត៌មាន​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បន្ត​ពង្រីក​វិសាលភាព​កាន់តែ​ទូលំទូលាយ ស្របពេល​នឹង​ការ វិវត្តន៍​លឿន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​កាន់តែច្រើន និង​ឆាប់រហ័ស​ជាង​មុន​។​

-​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី និង ជំហាន​នៃ​ថវិកា ដោយបាន​បង្កើតឱ្យមាន​ជា​គណៈកម្មការ​ពិនិត្យ និង​វាយតម្លៃ​ក្រុមហ៊ុន​ដេញថ្លៃ​គណៈកម្មការ​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង និង​គណៈ​-​កម្ម​ការដេញថ្លៃ​គម្រោង​។​

​ជារួម​រាជរដ្ឋាភិបាល​បាន​បន្ត​ជំរុញ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់ កំណែទម្រង់​រដ្ឋ​ស៊ីជម្រៅ​របស់ខ្លួន​លើ​គ្រប់​វិស័យ ដោយ​ប្រកាន់យក​អភិបាលកិច្ច​ល្អជា​ស្នូល​។ ដំណើរការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ​។ ស្របតាម​ជំហាន​ទៅមុខ​ដ៏​ស្វាហាប់​របស់​រាជរដ្ឋាភិបាល ព្រឹទ្ធសភា​សូម​គាំទ្រ និង​លើកទឹកចិត្ត​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើន​សកម្មភាព ដើម្បី​ព​ន្លឿ​នស​ន្ទុះ​រីកចម្រើន​សេដ្ឋកិច្ចសង្គម ប្រកបដោយ​បរិ​យា​ប័ន្ន ហើយ​មាន​ជំនឿ​ជឿជាក់ថា ក្រោម​ពន្លឺ​នៃ​កំណែទម្រង់​លើ​គ្រប់​វិស័យ ការអនុវត្ត​ច្បាប់​និង​គោលនយោបាយ​ទាំងឡាយ​នឹង​ប្រព្រឹត្តទៅ​កាន់តែ​រលូន និង​មាន​លទ្ធផល​កាន់តែ​ល្អប្រសើរ ជា​គុណប្រយោជន៍​ដល់​ការពង្រឹង​ពង្រីក​អភិបាលកិច្ច​ល្អ គណនេយ្យភាព តម្លាភាព និង​ការកសាង​កម្ពុជា​ជា​នីតិរដ្ឋ ប្រកបដោយ​ការអភិវឌ្ឍ​យូរអង្វែង​។​

​ព្រឹទ្ធសភា​សូម​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ជា​អតិបរមា​នឹង​វិធានការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែលមាន​លក្ខណៈ​ជាស​កល ដើម្បី​ការពារ​សុខុមាលភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភា​បានប្រកាស​ត្រៀមខ្លួន​ជានិច្ច ដើម្បី​គាំទ្រ​រាល់​វិធាន​ការសំខាន់ៗ​របស់​រាជរដ្ឋាភិបាល សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រទេសជាតិ ក្នុងដំណាក់កាល​ឆ្លងកាត់​ដ៏​ស្មុគស្មាញ​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×