Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ា​ត់ ចំរើន ក្រើនរំលឹក​ជាថ្មី​ការហ្វឹកហាត់​តាម​ផ្ទះ និង​បង្ហាញ​បច្ចុប្បន្នភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣

spot_img

CAMSOC-​ភ្នំពេញ​៖ ប្រតិបត្តិ​ករ​កីឡា​បាន​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ចំពោះ​កម្មវិធី​ហ្វឹកហាត់​នៅតាម​ផ្ទះ​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ឲ្យ​ពង្រឹង​ការហ្វឹកហាត់​ឲ្យ​បាន​៣​ម៉ោង ក្នុង​១​ថ្ងៃៗ ព្រមទាំង​បានបង្ហាញ​នូវ​បច្ចុប្បន្នភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​ព្រឹត្តិការណ៍​កីឡា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) មានប្រសាសន៍ថា ក្រោយពី​ការប្រកាស​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ធ្វើឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ខែមីនា ឆ្នាំ​២០២០ កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​សម្រាក​សក​ម្ម​នោះ កំពុង​បន្ត​ការហ្វឹកហាត់​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង តាម​កម្មវិធី​ដែល​គ្រូបង្វឹក​នៃ​សហព័ន្ធ​កីឡា​ជាតិ​នានា​ដាក់​ឲ្យ ប៉ុន្តែ​ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​ហ្វឹកហាត់​ឲ្យ​បាន​៣​ម៉ោង ក្នុង​មួយថ្ងៃៗ​។​

​ឯកឧត្តម​បានបញ្ជាក់​ជូន​ជាថ្មី​ទៀតថា នៅក្នុង​សកម្មភាព​កីឡា គឺ​មិនអាច​សម្រាក​អសកម្ម​បានទេ ដោយ​មូលហេតុ​នៃ​ការ​សម្រាក​អសកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​ផល​កីឡា ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវកាយ បច្ចេកទេស​របស់​ពួកគាត់ នៅពេលដែល​ពួកគាត់​ចូលមក​ហ្វឹកហាត់​វិញ​។ នៅក្នុង​កិច្ចប្រជុំ កាលពី​ម្សិលមិញ​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​រំលឹក​ជាថ្មី​ឲ្យ​អត្ត​ព​លិ​ក​ជម្រើសជាតិ​ទាំងអស់​ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការបន្ត​ការហ្វឹកហាត់​ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ ព្រោះថា​ការ​សម្រាក​នេះ​ទទួលរង​ផលប៉ះពាល់​ច្រើនណាស់ ពោលគឺ​ឡើង​ទម្ងន់ អាច​នឹងមាន​ជំងឺ ដោយសារ​ធ្លាប់​ហ្វឹកហាត់​ខ្លាំង ហើយ​នៅពេល​ទំនេរ​នេះ​អាច​ហូប​ច្រើនពេក ឬ​ហូប​ប្រៃ​ពេក ផ្អែម​ពេក ដែល​អាចធ្វើ​ឲ្យ​រង​ផលប៉ះពាល់ ក្នុងការ​ថែរក្សា​និរន្តរភាព​នៃ​បន្សាំ​គុណភាព​កម្លាំងកាយ​របស់​ពួកគាត់ ដូច្នេះហើយ​ឯកឧត្តម​សូម​ណែនាំ​បន្ថែម​ឲ្យ​កីឡាករ កីឡាការិនី ជាពិសេស​គឺ​គ្រូបង្វឹក​លើ​ប្រភេទ​កីឡា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​កម្មវិធី​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ឬ​យ៉ាងតិច​ឲ្យ​បាន​៣​ម៉ោង ក្នុង​១​ថ្ងៃៗ​។ ដោយសារ​កម្ពុជា​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដូច្នេះហើយ​យើង​មិនអាច​ផ្តេកផ្តួល នៅក្នុង​ស្ថានភាព​នេះ​ទេ ដោយពេល​នេះ​គឺ​យើង​ត្រូវតែ​ខិតខំ​ប្រែក្លាយ​នៃ​ការ​សម្រាក​នេះ ទៅជា​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ដោយ​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ដល់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នោះ ត្រូវបាន​ឯកឧត្តម អគ្គលេខាធិការ​គូសបញ្ជាក់​ថា កាលពីពេល​ថ្មី​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​សង្កត់ធ្ងន់​លើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​តម្រូវ​ការចាំបាច់​ត្រៀម​ស៊ី​ហ្គេម​នោះ​ឲ្យ​បាន​ចប់សព្វគ្រប់ នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​។ ចំពោះ​ការសាងសង់​កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កំពុងដំណើរការ​សាងសង់​តាម​ធម្មតា មិនមាន​ការផ្អាក​នោះទេ ដោយមាន​កម្មករ​ខ្មែរ​២០០​នាក់ និង​កម្មករ​ចិន​២០០​នាក់​ដែរ ស្ថិតនៅក្នុង​ការគ្រប់គ្រង​យ៉ាង​ល្អ មិន​អនុញ្ញាត​ឲ្យ​ចេញចូល​នោះទេ​។ ពេលនេះ ការសាងសង់​កីឡដ្ឋាន​ធំ សម្រេចបាន​ប្រមាណ​៨០% ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ​នៃ​ស៊ី​ហ្គេម ២០២៣ ហើយ​ផ្នែក​សំណង់​រឹង គឺ​ត្រូវបានធ្វើ​សម្រេចបាន​១០០%​ហើយ ដោយ​នៅសល់តែ​ការបំពាក់​ដំបូល កៅអី កញ្ចក់ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត ដែល​ត្រូវ​បំពាក់​នៅ​ខាងក្រោម​អគារ​នៃ​កីឡដ្ឋាន ដែលមាន​ផ្សារ​ទំនើប សណ្ឋាគារ សាល​ហ្វឹកហាត់​មួយចំនួនទៀត នៅ​ខាងក្រោម​នោះដែរ​។ ខាង​ភាគី​ចិន​បាន​ប្តេជ្ញា​ថា​នឹង​សាងសង់​ឲ្យ​រួចរាល់​ជា​ស្ថាពរ នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ ហើយ​ចាប់ពី​ឆ្នាំ​២០២១​តទៅ​យើង​នឹង​អាច​ប្រើប្រាស់​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្រាប់​ការហ្វឹកហាត់​បន្សាំ​ទៅនឹង​ទីលាន​ទាំងនោះ​។

​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សម្រាប់​ស៊ី​ហ្គេម យើង​មិន​ព្រួយបារម្ភ​ខ្លាំង​ទេ ប៉ុន្តែ​អ្វី​ដែលជា​ក្តីបារម្ភ​ខ្លាំង​នោះ គឺ​ការកសាង​សមត្ថភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​។ ក្រោម​ការចង្អុលបង្ហាញ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន CAMSOC ឲ្យ​ប្រតិបត្តិ​ករ​កីឡា​សម្រួច​គោលដៅ​លើ​ផ្នែក​បច្ចេកទេស​កីឡា​របស់​អត្ត​ព​លិ​ក ហើយ​នៅ​ដើមឆ្នាំ​២០២០​នេះ ប្រសិនបើ​គ្មាន​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​១១០​នាក់​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រួចហើយ​។ ប៉ុន្តែ​ឥឡូវនេះ​មាន​ភាពប្រែប្រួល​ថ្មីៗ ដែល​កម្ពុជា​គ្រោង​នឹងត្រូវ​បញ្ជូន​អត្ត​ព​លិ​ក​១១០​នាក់​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​ដដែល នា​ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រសិនបើ ២​ឬ​៣​ខែ​ឆាប់ៗ​នេះ មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ត្រូវតែ​អនុវត្ត​វិធានការ​សុខាភិបាល​១៤​ថ្ងៃ​នៅ​កម្ពុជា និង​បន្ត​១៤​ថ្ងៃ​នៅ​ចិន​ទៀត​។​
​ប្រសិនបើ​មិនអាច​បញ្ជូន​ក្នុង​ខែវិច្ឆិកា ២០២០ គឺ​នឹងត្រូវ​បញ្ជូន​ទៅនា​ខែមីនា ឆ្នាំ​២០២១ ដើម្បី​គោលដៅ​ដណ្តើម​នូវ​មេដាយ​ឲ្យ​បាន​ច្រើន​នៅ​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ដើម្បី​ជាស​ញ្ញាណ​ល្អ​មួយ ឬ​ជោគជ័យ​មួយ​ជំហាន​ទៀត ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន​៕

ដោយ​៖​កូ​ឡាប​

spot_img
×