Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​មិន​គោរព​ច្បាប់ នៅតែ​បើកបរ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដឹកជញ្ជូន​សំពីងសំពោង ដឹក​លើស​ទម្ងន់ គ្មាន​ប័ណ្ណបើកបរ​​នៅលើ​ផ្លូវ​សាធារណៈ នៅ​ប៉ៃលិន​

spot_img

​ខេត្ត​ប៉ៃលិន ៖ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ បាន​បន្ត​ចុះ​ពង្រឹង​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត​និង​ប័ណ្ណបើកបរ លើ​រថយន្ត​គ្រប់​ប្រភេទ ដែល​បើកបរ​លើផ្លូវ​សា​ធារ​ណៈ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ឲ្យ​អ្នកបើកបរ​យានយន្ត គោរព​ច្បាប់​ចរាចរណ៍ មិនមែន​ចង់បាន​ថវិកា ដែល​បានមកពី​ការ​ផាក​ពិន​យ័​នោះទេ​។​

​ការចុះ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស យានយន្ត និង​ប័ណ្ណបើកបរ​នេះ បាន​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា មកហើយ​ចាប់​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​។​

​លោក អ៊ា​ត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឲ្យ​ដឹង តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​ថា គោលបំណង ដែល​ក្រុមការងារ បន្ត​ចុះ​ត្រួតពិនិត្យ​យានយន្ត នៅតាម​ដងផ្លូវ​នាពេល​នេះ ក្នុង​គោលបំណង​ពង្រឹង ឲ្យ​អ្នកបើកបរ​យានយន្ត​ទាំងឡាយ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​។ “​បើ​យើង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា នោះ​ពិតជា​ធ្វើ​ឲ្យ​យើង ទទួលបាន​នូវ​សេចក្តីសុខ ដល់​ខ្លួន ដល់​ក្រុមគ្រួសារ ក៏ដូចជា​អ្នកដទៃ​ផងដែរ​។ ប៉ុន្តែ​បើ​យើង​មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ សមត្ថកិច្ច​នឹងធ្វើ​ការ​ផាកពិន័យ ទៅតាម​ច្បាប់ បណ្តាល​ឲ្យ​យើង​ខាតបង់​ថវិកា ពេលខ្លះ​ក៏​អាច​ប៉ះពាល់ ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាក់​ជាមិនខាន​” ប្រធាន​មន្ទីរ​សាធារណការ​បានបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​។

​លោក​បន្តថា ការចុះ​ត្រួតពិនិត្យ​រឹតបន្តឹង​នេះ មាន​គោលបំណង​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ ដូចជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវ ថ្នល់ ស្ពាន​) ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស រឹងមាំ​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង តាម​អាយុកាល ស្របតាម​ស្តង់ដារ​បច្ចេកទេស​សាងសង់​កំណត់ ក៏ដូចជា ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន បាន​រំលឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ឱ្យ​ចូលរួម​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ដោយ​ស្មារតី រួមសហការ និង​ការទទួលខុសត្រូវ​ខ្ពស់​។ ទោះជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​អនុវត្ត​និង​ធ្វើការ​រឹតបន្តឹង ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រួតពិនិត្យ​នៅតាម​ដង​ផ្លូវ​នានា យ៉ាងណាក្តី ក៏​គេ​សង្កេតឃើញថា ម្ចាស់​យានយន្ត​ភាគច្រើន នៅតែ​មិន​គោរព​ច្បាប់ ក្នុងនោះ នៅតែ​បើកបរ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដឹកជញ្ជូន​សំពីងសំពោង ដឹក​លើស​ទម្ងន់ គ្មាន​ប័ណ្ណបើកបរ ក៏ដូចជា​យានយន្ត ពុំមាន​ឯកសារ​គ្រប់គ្រាន់ ជាដើម​។​

​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ដើម្បី​រួមចំណែក ក្នុង​យុទ្ធនាការ នៃ​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​ក្រសួងមហាផ្ទៃ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×