Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​​មួយចំនួន ដែល​ពុំបាន​ចុះបញ្ជី ឬ​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​តាមច្បាប់ បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាង​​អនាធិបតេយ្យ​ក្នុង​តំបន់ការពារធម្មជាតិ

spot_img

​ភ្នំពេញ​៖ មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៤​មេសា បានចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​ការធ្វើសកម្មភាព​អនាធិបតេយ្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​មួយចំនួន​នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​ថ្មីៗ​នេះ ក្រសួងបរិស្ថាន​បាន​ពិនិត្យឃើញថា មាន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​​មួយចំនួន ដែល​ពុំបាន​ចុះបញ្ជី ឬ​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​តាមច្បាប់ បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់ការពារធម្មជាតិ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​គ្រប់គ្រង​រប​ស់​ក្រសួងបរិស្ថាន​។ សកម្មភាព​បំពាន​លើ​ច្បាប់​យ៉ាង​គឃ្លើន​បែបនេះ ដោយ​ជ្រក​ក្រោម​ស្លាក​ជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​​ធនធានធម្មជាតិ គឺជា​ចេតនា​ទុច្ចរិត​ក្នុងការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ តែប៉ុណ្ណោះ​។​

​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ណា ដែល​នៅតែ​បន្ត​បំពាន​ធ្វើ​សកម្មភាព​យ៉ាង​​អនាធិបតេយ្យ​និង​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការអនុវត្ត​​វិធានការ​ច្បាប់ ជាពិសេស​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​សកម្មភាព បែបនេះ​ទេ ហើយ​ក្រសួង​ក៏​ស្នើ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​តាមដាន​ពិនិត្យ​និង​ចាត់វិធានការ​តាមច្បាប់ ទៅលើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ឬ​សមាគម​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ច្បាប់​ត្រឹមត្រូវ​។

​ក្រសួងបរិស្ថាន គ្មាន​ផលប្រយោជន៍​អ្វី​ទៅ​ប្រឆាំងនឹង​អ្នក​ស្រឡាញ់ និង​ចូលរួម​ការពារ​ធនធាន​​ធម្មជាតិ​ឡើយ ប៉ុន្តែ​តម្រូវឱ្យ​ទាំងអស់គ្នា​គោរព​ច្បាប់​ជា​ធរមាន និង​ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​កំណត់ និង​ដោយ​ក្តី​ស្មោះត្រង់​ក្នុង​ភាពជា​ដៃគូ ដើម្បី​រួម​កម្លាំង​គ្នា​ថែរក្សា​ធនធានធម្មជាតិ​កម្ពុជា​ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​។

​ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់​សាជាថ្មី​ថា ក្រសួង​សូម​ស្វាគមន៍​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម ដែល​បាន​ចុះបញ្ជី និង​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​ច្បាប់ ឱ្យ​ចូលរួម​ក្នុង​ការងារ ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី និង​ការងារ​លើកស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជា​សហគមន៍​ដែល​រស់នៅក្នុង និង​ក្បែរ​តំបន់ការពារធម្មជាតិ ដើម្បី​បុព្វហេតុ​សម្បត្តិ​ធម្មជាតិ របស់​យើងទាំងអស់គ្នា​។

​បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​បាននិងកំពុង​គ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ដែល​រួមមាន​​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ សរុប​ចំនួន ៦០ កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី ប្រមាណ​ជាង ៧,២ លាន​ហិ​កាតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ចំនួន ១.២៦០​នាក់ ឈរជើង​នៅតាម​តំបន់ការពារធម្មជាតិ​នីមួយៗ បាននិងកំពុង​ធ្វើ​សកម្មភាព​ល្បាត ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយមាន​ការចូលរួម និង​​កិច្ចសហការ​ល្អ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​សហគមន៍ មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងយប់​ទាំង​ថ្ងៃ​។

​ទន្ទឹមនឹង​នេះដែរ ក្រសួងបរិស្ថាន​បាននិងកំពុង​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយ​អង្គការ មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ សមាគម ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​មូលដ្ឋាន​នានា ដើម្បី លើកកម្ពស់​ប្រសិទ្ធភាព​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ ក៏ដូចជា​ជំរុញ​ការងារ កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង ការបោះបង្គោល​ព្រំប្រទល់ ការរៀបចំ​ផែនការ​គ្រប់គ្រង និង​ការចុះបញ្ជី​ដី​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​ការបណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​មន្ត្រី​​ឧ​ទ្យា​នុ​រក្ស និង​ការលើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​ផងដែរ​។​

​ក្រសួងបរិស្ថាន សូម​យក​ឱកាស​នេះ អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម នានា ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ បញ្ឈប់​សកម្មភាព​បែប​​នេះ​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការប្រឈមមុខ​ដាក់គ្នា​តាមផ្លូវ​ច្បាប់​។ ក្រសួង​ក៏​សូម​អំពាវនាវ​ព្រមទាំង ​លើកទឹកចិត្ត​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ សមាគម ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍ មូលដ្ឋាន​ទាំងអស់ ដែលមាន​ទឹកចិត្ត​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ ផ្តល់​កិច្ចសហការ​ឱ្យបាន កាន់តែ​ជិតស្និទ្ធ និង​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សកម្មភាព​ការពារ និង​អភិរក្ស ធនធានធម្មជាតិ​ដ៏​មានតម្លៃ​របស់​យើង​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​៕

ដោយ​៖​កូ​ឡាប​

spot_img
×