Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សាធារណការ ពិនិត្យ​លើ​វឌ្ឍនភាព នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ ​២ និង​ផ្លូវជាតិ​លេខ ​២២

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​។​

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល និង​ខេត្តតាកែវ មន្ត្រី​គ្រប់គ្រង​គម្រោង និង​មន្ត្រី​អនុវត្ត​គម្រោង​ផ្ទាល់ របស់​ក្រសួង​ជាច្រើនរូប​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​តាមដាន​សកម្មភាព​សាងសង់​របស់​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស ថា​តើ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស កិច្ចសន្យា ឬ​សៀវភៅ​បន្ទុក​កម្រិតណា​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាពេលនោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការតាមដាន​ឱ្យបាន​ដិតដល់​ពី​សំណាក់​ក្រុមការងារ​បច្ចេកទេស​ក្រសួង​គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​តម្រូវឱ្យ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​អនុវត្ត​គម្រោង​បាន​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក សំដៅ​រក្សាបាន​នូវ​គុណភាព​ផ្លូវថ្នល់​របស់​យើង​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា គ្រប់​គម្រោង​ដែល​កំពុង​អនុវត្ត​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​កិច្ចប្រជុំ​ប្រចាំខែ​ឱ្យបាន​ទៀងទាត់ ដើម្បី​ពិនិត្យ​ឱ្យបាន​ជាប្រចាំ​នូវ​វឌ្ឍនភាព​គម្រោង បញ្ហា​ប្រឈម និង​ដំណោះស្រាយ សំដៅ​ឱ្យ​ការអនុវត្ត​គម្រោង​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គុណភាព​។

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​រាយការណ៍​មក​ក្រសួង​អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​សាងសង់​ដើម្បី​រក​នីតិវិធី​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ក្នុង​គោលបំណង​ឱ្យ​គម្រោង​ទាំងនោះ​ប្រព្រឹត្តទៅ និង​បញ្ចប់​តាម​កិច្ចសន្យា​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​អនុវត្ត​គម្រោង​ផ្ទាល់​តាមដាន​ការសាងសង់ និង​ការផ្ដល់​បច្ចេកទេស​រប​ស់​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស និង​ហ៊ាន​និយាយថា​ខុស ប្រសិនបើ​ការសាងសង់​នោះ​ខុស​នឹង​លក្ខណៈ​បច្ចេកទេស ឬ​ខុសពី​កិច្ចសន្យា ដោយហេតុថា​វា​ជា​ផ្លូវ​របស់​យើងទាំងអស់គ្នា ប្រសិនបើ​ការសាងសង់​មិនមាន​គុណភាព នោះ​វា​គឺជា​បន្ទុក​របស់​យើងទាំងអស់គ្នា និង​ជាការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ផងដែរ​ ។​

​សូមបញ្ជាក់​ជូន​ថា​៖ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ ដែល​ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង ៦២,៥៦​គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ​២២ ពី​អូរ​ចំបក់ ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តតាកែវ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC​ ។

​កំណាត់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ចាប់ពី​ខែតុលា ឆ្នាំ​២០១៩ ដល់​ខែមេសា ឆ្នាំ​២០២២ ៕

ដោយ​៖​កូ​ឡាប​

spot_img
×