Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​១៤​ថ្ងៃ ក្រសួង​ការងារ និង​សុខាភិបាល បាន​ពិនិត្យ​សុខភាព​កម្មករ ចំនួន ៥០៤៥​នាក់ ដែ​ឈប់សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ ហើយ​ចូល​បម្រើ​ការងារ​វិញ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​សរុប​នៃ​ការត្រួតពិនិត្យ​សុខភាព និង​ការបិទ​បញ្ចប់​ការត្រួតពិនិត្យ​សុខភាព​កម្មករ​រោងចក្រ ដែល​បាន​ឈប់សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ ហើយ​ចូល​បម្រើ​ការងារ​វិញ ខណៈ​រយៈពេល​១៤​ថ្ងៃ​មកនេះ ក្រសួង និង​ភាគី​ពាក់ព័ន្ធ​បាន​ពិនិត្យ​សុខភាព​កម្មករ ចំនួន ៥០៤៥​នាក់​។​

​បើតាម​សេចក្តីប្រកាស ក្រសួង​ការងារ បានឱ្យដឹងថា ដោយ​គិត​ចាប់ពី​យប់​ថ្ងៃទី​០៩ ខែមេសា ដល់​ថ្ងៃទី​២៤ ខែមេសា​នេះ គឺមាន​រយៈពេល​លើស ១៤​ថ្ងៃ ហើយ​ក្នុងអំឡុង​ពេលនេះ ក្រសួងសុខាភិបាល​ក៏​ពុំបាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី និង​យោង​លទ្ធផល​អវិជ្ជមាន​នៃ​ការធ្វើ​តេស្ត​សំណាក​ទាំង​១២៥​ករណី ក្រសួង​សម្រេច​បញ្ចប់​ការត្រួតពិនិត្យ​សុខភាព ចាប់ពី​ម៉ោង ៦:០០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​នេះ ដោយ​រក្សាទុក​តែ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ក្នុង​វិទ្យាល័យ​ជម្ពូ​វ័ន ដើម្បី​បន្ត​តាមដាន​ស្ថានភាព​សុខភាព​កម្មករ​ចំនួន ២០​នាក់​ត​ទៀត រហូតដល់​ស្ថានភាព​សុខភាព​អ្នក​ទាំងនេះ​អាច​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​បាន​។​

​ក្រោយ​ការបិទ​បញ្ចប់​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ទាំង ១០​កន្លែង​នេះ ប្រសិនជា​បងប្អូន​កម្ម​ករ​មាន​អាការ​សង្ស័យ​ណាមួយ សូម​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល​តាមរ​យៈ​លេខ ១១៥ ឬ​ទូរស័ព្ទ​លេខ ០១២ ៨២៥ ៤២៤​។​

​នាពេល​កន្លងមកនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល​, រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ រៀបចំ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព ចំនួន​១០​កន្លែង និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ៣​កន្លែង ដើម្បី​ត្រួតពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ដែល​បាន​ឈប់សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ និង​ទើប​វិលត្រឡប់​ចូល​បម្រើ​ការងារ​វិញ​។​

​រយៈពេល​១៤​ថ្ងៃ​មកនេះ ក្រសួង និង​ភាគី​ពាក់ព័ន្ធ​បាន​ពិនិត្យ​សុខភាព​កម្មករ ចំនួន ៥០៤៥​នាក់ ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ ចំនួន ៤៨២៣​នាក់ ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន ៩៧​នាក់ ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ចំនួន ១២៥​នាក់ និង​យក​សំណាក​ទៅ​ពិសោធ​បន្ត ចំនួន ១២៥​នាក់ ដោយមាន​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ១២៥​នាក់ និង​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ និង​កម្រិត​២ សរុប​ចំនួន ២០២​នាក់ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅតាម​ផ្ទះ​៕

ដោយ​៖ កូ​ឡាប​

spot_img
×