Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម័យ COVID-19 ចាក់​ស្វាយ​ចោល ដោយសារតែ​គ្មាន​ទីផ្សារ​លក់ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក Agri Founder បាន​បង្ហោះ​រូបភាព និង​វីដេអូ រៀបរាប់​អំពី​ការបង្ខំចិត្ត ចាក់ចោល​ផ្លែស្វាយ ដោយសារ​គ្មាន​ទីផ្សារ ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩​។ សម័យ COVID-19 ស្វាយ​មួយ​ចំការ​ត្រូវបាន​ចាក់ចោល​ទាំងអស់ ដោយសារតែ​គ្មាន​ទីផ្សារ​លក់ (​មាន​វីដេអូ​)។

​បន្ទាប់ពី​មាន​ករណី​ខាងលើ​កើតឡើង ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ចិត្ត​ទុកដាក់​ចំពោះ​ករណីនេះ ក្នុង​គោលបំណង​ស្វែងរក​ការពិត និង​ចាត់វិធានការ​ជាក់លាក់​ដើម្បី​ជួយ​ដល់​កសិករ​រងគ្រោះ​។
​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា លេខាធិការដ្ឋាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​កិត្តិយស​សូម​ធ្វើការ​បំភ្លឺ ជម្រាបជូន​ប្រិយមិត្ត​ហ្វេ​ស​ប៊ុ​ក និង​សាធារណជន​ទូទៅ​មេត្តា​ជ្រាបថា បន្ទាប់ពី​បានឃើញ​រូបភាព និង​វីដេអូ រៀបរាប់​អំពី​ការបង្ខំចិត្ត ត្រូវ​ចាក់ចោល​ផលិតផល​កសិកម្ម​ជា​ផ្លែស្វាយ ដោយសារ​គ្មាន​ទីផ្សារ​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩ រួចមក ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ ដោយ​ចិត្ត​ទុកដាក់​ចំពោះ​ករណីនេះ ក្នុង​គោលបំណង​ស្វែងរក​ការពិត និង​ចាត់វិធានការ​ជាក់លាក់​ដើម្បី​ជួយ​ដល់​កសិករ​រងគ្រោះ​។​

​ជាក់ស្ដែង បន្ទាប់ពី​បាន​ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្វាយ ដែល​បាន​ចាក់ចោល​នេះ ព្រមទាំង​សាកសួរ​ដល់​ភាគី​ពាក់ព័ន្ធ ក្រុមការងារ​បាន​រក​ឃើញថា ទីតាំង​កើតហេតុ​ស្ថិតនៅ​ចំការ​ស្វាយ​ភូមិ​ផ្សារ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយ​ស្វាយ​ទាំងនោះ ជា​ស្វាយ​ដែល​ខូច​ដោយសារ​ទុំ​ក្នុង​កញ្ចប់ មាន​បរិមាណ​ប្រហែលជា​ពីរ​តោន ដែល​ត្រូវតែ​ចាក់ចោល​ដោយសារ​អ្នកទិញ មិនអាច​ទទួល​ទិញ​បាន ព្រោះ​មាន​បញ្ហា​ទាក់ទង​នឹង​គុណភាព​។ ប្រិយមិត្ត និង​សាធារណជន ក៏​អាច​សម្គាល់​មើល​ជាក់ស្តែង ក្នុង​រូបភាព​ដែល​បង្ហាញ​រូប​ស្វាយ​ទុំ​ជោរ ពណ៌​លឿង ដែល​ពុំ​អាច​នឹង​ទុក​ឱកាស ឲ្យ​ដឹកជញ្ជូន​ទៅ​លក់​ឯណា​ទៀត​បាន សូម្បីតែ​យកទៅ​រោងចក្រ​ធ្វើ​តំណាប់​ស្វាយ កុំថាឡើយ​នាំចេញ​ទៅ​បរទេស ដែល​ត្រូវការ​រយៈពេល​សម្រាប់​ដឹកជញ្ជូន ដូច្នេះ​ទាមទារ​ផ្លែស្វាយ ដែលមាន​គុណភាព​តាម​តម្រូវការ​ទីផ្សារ​។​

​ក្រសួង​សូម​ឆ្លៀតឱកាស​នេះ​ជម្រាបជូន​ថា បច្ចុប្បន្ននេះ ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​កសិផល​កម្ពុជា នៅតែមាន​ទីផ្សារ​ទាំង​សម្រាប់​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក អោយតែ​ទំនិញ​ទាំងនោះ មាន​គុណភាព​ស្របតាម​តម្រូវការ​ទីផ្សារ ពិសេស​ផ្លែស្វាយ​។ ផ្លែស្វាយ​ដែលមាន​គុណភាព​ល្អ រោងចក្រ​ផលិត​ដំណាប់​ស្វាយ ទទួល​ប្រមូល​ទិញ​ក្នុងតម្លៃ​ពី ៥០០​រៀល ទៅ ៥៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​ផ្លែស្វាយ​ដែល​ខ្ចប់ ក្នុង​កញ្ចប់​សម្រាប់​នាំចេញ​គឺ បាន​ថ្លៃ​ដល់ ៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ដូច្នេះ ឲ្យ​តែ​ស្វាយ​មានគុណ​ភាពល្អ ពុំ​ខ្វះ​ទីផ្សារ​ឡើយ​។​

​បច្ចុប្បន្ន នៅ​ខេត្តកំពង់ស្ពឺ ពុំមាន​សល់​ស្វាយ​ក្នុង​ចំការ​ច្រើន​ទេ ឈ្មួញកណ្ដាល​ដឹក​ស្វាយ តាំងពី​ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រះវិហារ ដើម្បី​យកមក​លក់​ឱ្យ​ឃ្លាំង​ធំៗ នៅ​កំពង់ស្ពឺ សម្រាប់​នាំចេញ និង​បម្រើ​តម្រូវការ​រោងចក្រ​កែច្នៃ​ក្នុងស្រុក​។ ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ស្វះស្វែង​បើក​ច្រក​ទីផ្សារ សម្រាប់​ការនាំចេញ​កសិផល​កម្ពុ​ជា ឱ្យ​កាន់តែ​បាន​ច្រើន​ថែមទៀត ទៅកាន់​ទីផ្សារ​ពិភពលោក​។​

​អាស្រ័យហេតុនេះ ក្រសួង​សូម​អំពាវនាវ​យ៉ាងទទូច សូម​ប្រិយមិត្ត​ហ្វេ​ស​ប៊ុ​ក មេត្តា​ពិចារណា និង​ប្រមូល​ព័ត៌មាន ឱ្យបាន​គ្រប់​ជ្រុងជ្រោយ មុននឹង​ដាក់​បង្ហោះ​នូវ​រូបភាព ឬ ខ្លឹមសារ​ណាមួយ​ដែល​ជះឥទ្ធិពល​អវិជ្ជមាន ដល់​ការប្រឹងប្រែង​របស់ រាជរដ្ឋាភិបាល ដែល​បច្ចុប្បន្ននេះ កំពុង​អនុវត្ត​គោលនយោបាយ លើកស្ទួយ​វិស័យ​កសិកម្ម និង​គាំទ្រ លើកទឹកចិត្ត​ដល់​ការនាំចេញ​កសិផល​។​

​សូមមេត្តា​រួមគ្នា​លុបបំបាត់​ព័ត៌មាន​មិន​ពិត (Fake News) ដែលមាន​ចរិត​បំពុលសង្គម ហើយ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការរីកចម្រើន នៃ​សង្គមជាតិ​យើង​។ “​ការពិត ទើប​នាំមក​នូវ​ការគាំទ្រ និង​ការកោតសរសើរ ចំណែក​ព័ត៌មាន​ក្រ​ឡៃ មិន​ពិត នឹង​នាំមក​នូវ​ទុក្ខទោស​ដល់​ខ្លូន​!”៕​ដោយ​៖​កូ​ឡាប​

spot_img
×