Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ទាត់​ចោល ការស្នើ​ស៊ើបអង្កេត រក​ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណា​

spot_img

​ប្រទេស​ចិន បាន​បដិសេធ​ការស្នើ​ឲ្យ​មាន ការស៊ើបអង្កេត​ឯករាជ្យ​អន្តរជាតិ ដើម្បី​រក​ប្រភពដើម​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​មន្ត្រីការទូត​ជាន់ខ្ពស់​ចិន​ប្រចាំ​ប្រទេស​អង់គ្លេស អ្នកស្រី Chen Wen បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC ដូច្នេះ​ថា ការទាមទារ​នោះ​គឺជា​រឿង​នយោបាយ ហើយ​វា​នឹង​បង្វែរ​ការយកចិត្តទុកដាក់ របស់​ចិន​ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​វីរុស​។​

​ការដឹង​ព័ត៌មាន​ពី​ប្រភព​នៃ​វីរុស COVID-19 និង​ពី​របៀប​ដែល​វា​រាតត្បាត​ដំបូង អាចជួយ​ប្រទេស​ជាច្រើន ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺ​នេះ​។​

​វីរុស​កូ​រ៉ូ​ណា ដែល​រហូតមក​ដល់ពេលនេះ បានសម្លាប់​មនុស្ស​ជិត ២០០.០០០​នាក់ ត្រូវបាន​គេ​គិតថា ផ្ទុះ​ចេញពី​ទីផ្សារ​លក់​សត្វព្រៃ​មួយកន្លែង ក្នុង​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ ២០១៩​។​

​នៅពេល​ជាមួយគ្នានេះដែរ របាយការណ៍​របស់​ស​ហ​ភាព​អឺរ៉ុប បាន​ចោទប្រកាន់​ចិន​ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​វិបត្តិ​វីរុស​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានធ្វើការ​វាយប្រហារ​ចិន​ជាច្រើន​ដង លើ​ការដោះស្រាយ​របស់​ចិន ចំពោះ​ការផ្ទុះ​វីរុស ហើយ​រដ្ឋ​មួយ​របស់​អា​មេ​រិច​ឈ្មោះ​Missouri បានធ្វើ​ការប្តឹង​រដ្ឋាភិបាល​ចិន ដោយ​ចោទ​ចិន​ថា បានធ្វើ​កិច្ចការ​តិចតួច ដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃ​វីរុស​។​

​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការរិះគន់ លើ​ការប៉ាន់ស្មាន​ថា វីរុស​ប្រហែល​ត្រូវបាន​គេ​បង្កើតឡើង នៅក្នុង​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។​

​តើ​អ្វីដែល​ចិន​ជំទាស់​?

​ចាប់តាំងពី​ការផ្ទុះ​មក មានការ​ស្នើ​ឲ្យ​អនុញ្ញាត ឲ្យ​អ្នកស៊ើប​អង្កេត​អន្តរជាតិ ចូលទៅ​កាន់​ប្រទេស​ចិន ដើម្បី​រក​មូលហេតុ​តើ​វីរុស​នោះ ចាប់ផ្តើម​កើតឡើង​យ៉ាងម៉េច​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Marrison បាន​និយាយថា គាត់​នឹង​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​សុខាភិបាល​ពិភពលោក ដែល​នឹង​ធ្វើឡើង​នៅ​ខែក្រោយ​។ សភា​សុខាភិបាល​ពិភពលោក គឺជា​ស្ថាប័ន​ធ្វើការ​សម្រេចចិត្ត របស់​អង្គការ​សុខភាព​ពិភពលោក​។ អូស្ត្រាលី​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​សភា​នោះ​។​

​ទោះ​យា់ង​ណា មន្ត្រីការទូត​ជាន់ខ្ពស់​ចិន អ្នកស្រី Chen និយាយថា ប្រទេស​របស់​អ្នកស្រី មិនអាច​យល់ព្រម​ឲ្យ​មានការ​ស៊ើបអង្កេត ជា​អន្តរជាតិ​ឡើយ​។​

​អ្នកស្រី​និយាយថា “​ការស៊ើបអង្កេត​ឯករាជ្យ​ជា​រឿង​នយោបាយ​”​។​

“​ពួកយើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នៅពេលនេះ​។ យើង​កំពុង​ផ្តោតលើ​ការប្រឹងប្រែង​ទាំងអស់ របស់​យើង​ដើម្បី​ប្រឆាំងនឹង​វីរុស​។ ហេតុអ្វី​ត្រូវ​និយាយ​ពី​រឿង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។ វា​នឹង​បង្វែរ​មិន​ត្រឹម​ការយកចិត្តទុកដាក់ របស់​ចិន​នោះទេ ថែមទាំង​ធនធាន​ផងដែរ​”​។​

​អ្នកស្រី​និយាយទៀតថា “​វា​គឺជា​ការផ្តួចផ្តើម ដែលមាន​ហេតុផល​នយោបាយ​។ ខ្ញុំ​គិតថា គ្មាន​នរណាម្នាក់​អាច​យល់ព្រម លើ​រឿងនេះ​បានទេ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×