Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈុត វុទ្ធី នៅតែ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ​ទេ​

spot_img

​ភ្នំពេញ​៖ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ប្រាំបី​ឆ្នាំ​ក្រោយពី​ការស្លាប់​នេះ យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី នៅតែ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ផ្សាយ​ថា ​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ នេះ យើងខ្ញុំ​នៅ​ចងចាំ​ពី​ការស្លាប់​របស់លោក ឈុត វុទ្ធី ដែលជា​សកម្មជន​បរិ​ស្ថាន​ប្រឆាំងនឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដ៏​លេចធ្លោ​ម្នាក់​របស់​កម្ពុជា ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២​។ ប្រាំបី​ឆ្នាំ​ក្រោយពី​ការស្លាប់​នេះ យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី នៅតែ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ​។

​លោក ឈុត វុទ្ធី គឺ ជា ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ថ្ងៃ ទី​២៦ ខែមេសា ឆ្នាំ ២០១២ នៅត្រង់ចំណុច វាល​បី ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង នៅ​ខណៈ​ចុះទៅ​ស៊ើបអង្កេត​និង​ថតរូប​សកម្មភាព​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នៅ​តំបន់​ជួរ ភ្នំក្រវាញ​។

​បន្ទាប់ពី​មរណភាព​របស់លោក ឈុត វុទ្ធី បាន​ប៉ុន្មាន​ថ្ងៃ នៅ​ថ្ងៃ ទី​៣០ ខែមេសា ឆ្នាំ ២០១៦ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ចម្រុះ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត ហើយក៏​បានប្រកាសថា លោក ឈុត វុទ្ធី ត្រូវបាន​លោក អ៊ិន រតនា បាញ់សម្លាប់ ហើយ​លោក អ៊ិន រតនា បាន​ត្រូវ​គ្រាប់កាំភ្លើង​ដោយ​ចៃដន្យ នៅពេល​លោក រ៉ា​ន់ បូ​រ័ត្ន ដណ្ដើម​កាំភ្លើង​ពី​លោក រតនា​។ នៅក្នុង​សំណុំរឿង​នោះ​សាលាដំបូង​ខេត្តកោះកុង បាន​បើកសវនាការ​ជម្រះ​រឿងក្តី​មនុស្សឃាត​ដោយ​អ​ចេតនា​តែ​តុលាការ​ពុំបាន​ចាត់ការ​សំណុំ​រឿងនេះ​ទេ ដោយសារ​លោក ឈុត វុទ្ធី និង​ឃាតករ អ៊ិន រតនា បាន​ស្លាប់​ទាំងពីរ​នាក់​។​

​គួរកត់សម្គាល់​ផងដែរ​ថា គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ករណី​ស្លាប់ លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា បានចាប់ផ្ដើម​បំពេញបេសកកម្ម​របស់​ខ្លួន នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១២​នេះ គឺ​បន្ទាប់ពី​មាន​សេចក្ដីសម្រេច​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មួយ​នេះ ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១២​។​

​លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​សមាជិក​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ករណី​ស្លាប់ លោក ឈុត វុទ្ធី និង​ឈ្មោះ អ៊ិន រតនា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បន្ទាប់ពី​ជួបប្រជុំ កាលពី​ថ្ងៃទី​១​ឧសភា គណៈកម្មការ​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​យុត្តិធម៌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ត្រូវ​ចុះទៅ​កាន់​ខេត្តកោះកុង ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ដល់ទី​កន្លែង នៅ​ថ្ងៃទី​២​ឧសភា ឆ្នាំ​២០១២​។​

​លោក ទិ​ត សុធា បាន​បន្តថា គណៈកម្មការ​ចម្រុះ​នេះ ត្រូវ​ស៊ើបអង្កេត​បន្ថែមទៀត​ទៅលើ​ហេតុការណ៍​ដែល​កើតឡើង បូករួម​នឹង​របាយការណ៍​ដែល​បានចេញ​កន្លងមក និង​រក​ព័ត៌មាន​បន្ថែមទៀត ដែលមាន​អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេស​ផ្សេងៗ កងរាជអាវុធហត្ថ ចម្រុះ​ដោយ​អាជ្ញាធរ​ស្រាវជ្រាវ​លំអិត និង​រក​ភស្តុតាង​បន្ថែមទៀត ដើម្បី​ឲ្យ​មាន​ទម្ងន់​មុន និង​ចេញ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​។​

​កាលពី​ថ្ងៃទី​៣០​មេសា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ ស្តីពី ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ស៊ើបអង្កេត ករណី​ស្លាប់ ឈ្មោះ ឈុត វុទ្ធី និង​ឈ្មោះ អ៊ិន រតនា កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​សេចក្តីសម្រេច​បង្កើត​គ​ណៈ​កម្ម​ការ​ចម្រុះ​ស៊ើបអង្កេត ករណី​ស្លាប់​របស់​សកម្មជន​ការពារ​ព្រៃឈើ និង​ប៉េអឹម មាន​សមាសភាព ៥ រូប រួមមាន​៖ ទី​១-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​យុត្តិធម៌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រ​សួ​មហាផ្ទៃ ជា​ប្រធាន​។ ទី​២-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន សូ​ផាន្នី មេបញ្ជាការរង និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​អនុប្រធាន​។ ទី​៣-​លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ជា​សមាជិក​។ ទី​៤-​លោក គឹម សន្ដិភាព អគ្គនាយករង អគ្គនាយកដ្ឋាន​បច្ចេក​ទេស នៃ​ក្រសួងយុត្តិធម៌ ជា​សមាជិក និង​ទី​៥-​លោក សោម សាបាន អនុប្រធាននាយកដ្ឋាន ទទួល​ពាក្យបណ្ដឹង និង​អង្កេត ស្រាវជ្រាវ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ជា​សមាជិក​។​

​ក្នុង​សេចក្តីសម្រេច ដែល​បាន ៧ ប្រការ ក៏បាន​លើកឡើងថា គណៈកម្មការ​ចម្រុះ​នេះ មាន​ភារកិច្ច ដឹកនាំ​ស៊ើបអង្កេត​ករណី​ស្លាប់​ឈ្មោះ ឈុត វុទ្ធី និង​ឈ្មោះ អ៊ិន រតនា កាលពី​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០១២ នៅក្នុង​ភូមិសាស្ដ្រ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​។ ស្រាវជ្រាវ​រក​ភស្ដុតាង (​សាក្សី និង​វត្ថុតាង​) ក្នុងករណី​សម្លាប់​។ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែនដី ស្ថាប័ន​ច្បាប់ និង​ស្ថាប័ន​ដែលមាន​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​បំផុត​ចំពោះ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស ដែលមាន​ការពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​នេះ​។ ផ្អែកលើ​លទ្ធផល នៃ​ការស៊ើបអង្កេត​ប្រកបដោយ​ភាពយុត្តិធម៌ ត្រូវធ្វើ​របាយការណ៍ និង​ការសន្និដ្ឋាន​ឲ្យ​បានច្បាស់លាស់​ករណី​សម្លាប់​នេះ រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​

​សេចក្តីសម្រេច ដែល​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា គណៈកម្មការ​ចម្រុះ​នេះ អាច​ប្រើប្រាស់​មន្ត្រីក្រោមឱវាទ ដើម្បី​ជួយ​បំពេញការងារ​ខាងលើ និង​មាន​សិទ្ធិ​បង្កើត​ក្រុមការងារ​មួយចំនួន តាម​ការចាំបាច់​។ គណៈកម្មការ​ចម្រុះ​នេះ ក៏មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ក្នុងករណី​ពាក់ព័ន្ធ​ខាងលើ​។​

​សូមជម្រាបថា កាលពី​ម៉ោង​វេលា​ជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ រួម​ដំណើរ​ដោយ​កញ្ញា ផន បុ​ប្ជា និង​ឈ្មោះ អូ​លេ​ស្យា ប្លុក​ឃី (​ស្រី​) ជនជាតិ​កាណាដា​ជា​បុគ្គលិក​កាសែត ឌឹ​ខេ​ម​បូ​ឌា ដេលី បាន​ចុះ​ទៅយក​ព័ត៌មាន​នៅ​ទីតាំង​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ នៅ​ភូមិ​កោះ​ប៉ោ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដោយបាន​ថតរូប​ភាព​ស្តុក​ឈើ​នៅក្នុង​ក្រុមហ៊ុន បានធ្វើ​ឲ្យ​មានការ​ហាមឃាត់​ពី​សំណាក់​សន្តិសុខ​ក្រុមហ៊ុន ហើយក៏​មាន​អន្តរាគមន៍​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ចុះទៅ​កន្លែងកើតហេតុ​។ ក្រោយមក ក៏​មានការ​ប្រទាញប្រទង់​គ្នា ធ្វើ​ឲ្យ​មានការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ លោក ឈុត វុទ្ធី ស្លាប់​នៅនឹងកន្លែង ដោយសារ​គ្រាប់កាំភ្លើង បាញ់​ចូលក្នុង​ឡាន​ធ្លាយ​ត្រូវ​ជង្គង់​ផ្លាត​ទៅ​ចំពោះ (​ស្លាប់​ក្នុង​ឡាន​)​។ បន្ទាប់មក​ឈ្មោះ អ៊ិន រតនា បាន​បាញ់​ខ្លួនឯង (​ធ្វើអត្តឃាត​) ចំនួន ២​គ្រាប់ ១​គ្រាប់​ចំពោះ ១​គ្រាប់​ទៀត​ចំ​គល់​ដោះ​ខាងឆ្វេង ស្លាប់​នៅនឹងកន្លែង​ក្បែរ​ឡាន​លោក ឈុត វុទ្ធី​។ នេះ​បើតាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ប៉េអឹម​៕

ដោយ​៖​កូ​ឡាប​

spot_img
×