Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ម្នាក់ មានគំនិត​កែច្នៃ ម៉ាស៊ីន​គោយន្ត ទៅជា​ត្រាក់ទ័រ ធ្វើ​កសិកម្ម​

spot_img

​ស្ទឹងត្រែង​៖ កសិករ​ម្នាក់ បាន​រៀបរាប់​ពី​ដំណើរ នៃ​ការផលិត និង​ការ​ប្រែ​ម៉ាស៊ីន​គោយន្ត​កន្ត្រៃ ឲ្យ​ទៅជា​ត្រាក់ទ័រ សម្រាប់​បម្រើការ​ក្នុង​វិស័យ​កសិកម្ម​របស់គាត់​។ លោក គ្រី លាង​ពៅ វ័យ​៤៥​ឆ្នាំ ជា​កសិករ​រស់នៅក្នុង​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​កសិករ​រូបនេះ គិត​ឃើញ ចង់​ផលិត​ត្រាក់ទ័រ​នេះ គឺ​ដោយសារតែ​លោក​យល់ថា ការធ្វើ​ស្រែចំការ ដោយ​ប្រើ​កម្លាំង​មនុស្ស គឺ​ត្រូវ​ចំណាយពេល និង​ចំណាយ​កម្លាំង​ច្រើន លុយកាក់​ក៏​ច្រើន​ដែរ​។​

​កសិករ​ខាងលើ យល់ថា ដើម្បី​ជាការ​ងាយស្រួល​លោ ក​ក៏បាន​យក​ម៉ាស៊ីន​គោយន្ត​កន្ត្រៃ ទៅ​កែច្នៃ​ជា​កូន​ត្រាក់ទ័រ​វិញ ហើយ​កង់​គោយន្ត និង​តួ​ពី​ត្រាក់ទ័រ ភ្ជាប់​គ្នា​ច្នៃ​គ្រប់កន្លែង​។​

​តាម​ការ​បញ្ជាក់ថា លោក​ត្រូវ​ចំណាយពេល ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ ដើម្បី​ផលិត​គោយន្ត​ដោយ​ខ្លួនឯង ។ ឯ​ថវិកា​ចំណាយ ក្នុង​ការទិញ​សម្ភារ លោក​មិនទាន់បាន​បញ្ជាក់ថា​បាន​ចំណាយ​អស់​ប៉ុន្មាន​នៅឡើយ​ទេ ។​

​លោក​ថា ត្រាក់ទ័រ​នេះ មាន​មុខងារ​ពិសេស ៥​យ៉ាង គឺ​មុខងារ​ទី​១ អាច​ភ្ជួរ​ដី​បាន​ដោយ​ផ្លែ​ភ្ជួរ ភ្ជាប់​នៅក្រោយ​ផ្នែក​ខាងក្រោម​នៃ​ត្រាក់ទ័រ មុខងារ​ទី​២ គឺអាច​រុញ​ដី​បាន​ដោយមាន​ផ្លែ​ប៉ែល រុញ​នៅខាងមុខ​ត្រាក់ទ័រ ទី​៣ អាច​សណ្តោង​រ៉ឺម៉ក​បាន ទី​៤ មាន​ក្បាល​បាញ់ថ្នាំ​សម្រាប់​បាញ់​ស្មៅ និង​ទី​៥ អាច​បាញ់ថ្នាំ​ជំនួយ​រុក្ខជាតិ ។​

​លោក​ពៅ បានបង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន​ថា នៅពេល​លោក​ផលិត​ត្រាក់ទ័រ​មួយ​ប្រភេទ​នេះ បាន​ជោគជ័យ ហើយ​នោះ​លោក​នឹង​ឈានទៅ​ធ្វើ​ការផលិត​ប្រភេទ​យន្តហោះ​បញ្ជា​ដោយ​តេ​ឡេ សម្រាប់​ស្រោច​ដំណាំ និង​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​បន្ថែមទៀត ។​

​កសិករ​ស្រឡាញ់​កសិកម្ម​និយាយថា គំនិត​របស់គាត់​ខ្លួនឯង មិន​គ្រប់គ្រាន់​លោក​ត្រូវ​សិក្សា​តាម​យូ​ធូប​បន្ថែម សម្រាប់​ច្នៃ​ត្រាក់ទ័រ ប្រភេទ​នេះ​យកទៅ​បម្រើការ​ក្នុង​វិស័យ​កសិកម្ម បាន​ដោយ​ស្រួល ។ ចំពោះ​គ្រឿង បន្លាស់​ត្រាក់ទ័រ​កែច្នៃ ពេល​វា​ខូច​មិន​ពិបាក​រក​ទិញ​ពី​ផ្សារ​ទេ​។ បើ​គ្រឿងបន្លាស់​ត្រាក់ទ័រ​ទិញ ពី​ក្រុមហ៊ុន​ទើប​ពិបាក​រក​៕ ដោយ ៖ សុខុម​

spot_img
×