Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​ជា​ឯកច្ឆន្ទ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​

spot_img

​ភ្នំពេញ ៖ បន្ទាប់បី​បាន​ប្រជុំពិភាក្សា​យ៉ាង​ល្អិតល្អន់​ពេញ​មួយ​ព្រឹក​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​។

​បើតាម​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំពេញអង្គ ស្តីពី​ការពិនិត្យ និង​សម្រេច​សំណើ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ។​

​ជា​លទ្ធផល នៃ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​ថា ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ នីតិកាល​ទី​៦ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង លើ​ទម្រង់ និង​គតិ​ច្បាប់​ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់​ក្នុងសម័យ​ប្រជុំ​សាមញ្ញ​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​អនុម័ត កាលពី​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ហើយ​ច្បាប់​នេះ បាន​បញ្ជូនទៅ​ដល់ដៃរ​ដ្ឋ​សភា កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ហើយក៏​ត្រូវបាន​បាន​រដ្ឋសភា ជាតិ​សម្រេច​អនុម័ត​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ ដោយ​សំឡេងគាំទ្រ​១១៥/១១៥ សំឡេង ។​

​សូម​រំលឹក​ជូន​ថា សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាន​៥​ជំពូក និង​១១​មាត្រា ដែល​រៀបចំ​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​។​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​ជា​មូលដ្ឋាន គតិយុត្ត ដើម្បី​ធានា​ដល់​ការ អនុវត្ត​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​ជា​មូលដ្ឋាន​គតិយុត្ត កំណត់​សិទ្ធិអំណាច របស់​រាជរដ្ឋាភិបាល ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់ ដែល​មិនអាច​ខ្វះ​បាន ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព របស់​ប្រទេស​ក្នុង​ភាពអាសន្ន សំដៅ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ពាំរ​ទ្រព្យសម្បត្តិ និង​បរិស្ថាន ។​

​សេចក្តីព្រាងច្បាប់​នេះ ក៏​នឹង​កំណត់​នូវ​បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស ដាក់​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន ព្រមទាំង​វិធានការ​ចាំបាច់​នានា ដែល​រាជរដ្ឋាភិបាល មាន​សិទ្ធិ​ដាក់ចេញ ក្នុងពេល​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន ។ ការដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន អាចធ្វើ​ឡើង នៅពេល​ប្រជាជាតិ ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ជាអាទិ៍ គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​សង្គ្រាម ឬ​ការឈ្លានពាន​ពី​កម្លាំង​បរទេស គ្រោះអាសន្ន​បន្ទាន់ ចំពោះ​សុខភាព​សាធារណៈ បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ដែល​គំរាមកំហែង ឬ​អាច​បង្ក​គ្រោះថ្នាក់​រីក​រាលដាល​ដល់​កម្រិត​ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រុមប្រឹក្សាធម្មនុញ្ញ អគារ​ស វិមាន​រដ្ឋ​ចំការមន ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​បំភ្លឺ​លើ​អត្ថបទ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​
​ការឆ្លើយបំភ្លឺ​នេះ ធ្វើឡើង​ចំពោះមុខ ឯកឧត្តម អ៊ុត ឈន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង ជា​សមាជិក​រាយការណ៍ ដោយមាន​វត្តមាន សម្តេច ឯកឧត្តម ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ​ចូលរួម​។​
​ការអញ្ជើញ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​បំភ្លឺ​នេះ គឺធ្វើឡើង​ស្របតាម​មាត្រា ២១ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×