Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេគណ​ខេត្តស្វាយរៀង នាំ​អំណោយ​ដល់​រដ្ឋបាលខេត្ត ប្រយុទ្ធ​នឹង COVID-19

spot_img

​ខេត្តស្វាយរៀង​៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ បាន​ទទួលយក​អំណោយ ពី​ព្រះ​វិសុទ្ធិ​ញ្ញាណ មុំ សយ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​មេគណ​ខេត្តស្វាយរៀង ព្រមទាំង​ព្រះ​មន្ត្រី​សង្ឃ ព្រះ​អនុគណ​ក្រុង​-​ស្រុក មន្ត្រី​សង្ឃ​ក្រុង​-​ស្រុក និង​ព្រះគ្រូ​ចៅអធិការ​វត្ត​ទូទាំង​ខេត្តស្វាយរៀង បានផ្ដល់​ជូន​ដល់​រដ្ឋបាលខេត្ត​សម្រាប់ ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម​ភិ​បាល​ខេត្ត បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​កោតសរសើរ​ចំពោះ ទឹក​ព្រះទ័យ​របស់​ព្រះ​វិសុទ្ធិ​ញ្ញាណ មុំ សយ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​មេគណ​ខេត្តស្វាយរៀង ព្រមទាំង​ព្រះសង្ឃ គ្រប់​ព្រះអង្គ បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត សម្រាប់​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​សបញ្ជាក់​ឱ្យឃើញ​នូវ​កាយវិការ​មួយ​ប្រកបដោយ​សប្បុរសធម៌ និង​មិនអាច​ខ្វះ​បាន​ចំពោះ​ការរួមចំណែក​ទៅលើ​វិស័យ​ពុទ្ធចក្រ ចូលរួម​ជាមួយ​វិស័យ​អាណាចក្រ​ក្នុង​កិច្ចការ​ដោះស្រាយ​បញ្ហា​សង្គម​។​

​ឯកឧត្តម​សន្យាថា អំណោយ​ដែល​បានផ្ដល់​ជូន​នេះ រដ្ឋបាលខេត្ត​នឹង​យកទៅ​ចាត់ចែង​ក្នុង​គោលដៅ​បម្រើ​ឲ្យ​សកម្មភាព​នានា ទាំង​ការងារ​ផ្សព្វផ្សាយ​អប់រំ​ពី​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការងារ​សង្គម​ដូចជា ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​នៅតាម​មូលដ្ឋាន​ក្នុង​ខេត្ត ស្របតាម​អនុសាសន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​តែងតែ​បញ្ជាក់ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រស់នៅ​ដោយ​អត់​ស្បៀង ឬ​អាហារ​សម្រាប់​បរិភោគ​នោះឡើយ​។​

​ជាមួយនឹង​ការ​ថ្លែង​អំណរ​ព្រះ​គុណ​នូវ​ទឹក​ព្រះទ័យ​ដ៏​សប្បុរស​នេះ លោក​អភិបាលខេត្ត ក៏បាន​បង្ហាញ​នូវ​សេចក្ដីសង្ឃឹម​ជឿជាក់ថា ព្រះ​មេគណ​ខេត្ត ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ទី​អារាម​ក្នុង​ខេត្ត​ទាំងអស់ នឹង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង កាន់តែ​ទទួលបាន​ជោគជ័យ និង​ទប់ស្កាត់​បានជា​បន្តទៀត​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ឆ្លង​នូវ​ជំងឺ​រាតត្បាត ដ៏​កាច​សាហាវ​មួយ​នេះ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×