Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ ដាក់ចេញ​ផែនការ​សកម្មភាព​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​រក្សា​សោភ័ណភាព​ទីក្រុង និង​សុខុមាលភាព​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖​ នៅ​​ថ្ងៃ​ចន្ទ ទី​២៧ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​នានា​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​លើ​គម្រោង​នានា​ដែល​កំពុង​អនុវត្ត នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត និង​រៀបចំ​រចនាសម្ព័ន្ធ​មន្ត្រី​គ្រប់គ្រង និង​មន្ត្រី​អនុវត្ត​គម្រោង​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​គម្រោង​នានា​ទាក់ទង​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​រលូន មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាពេលនោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ផែនការ​សកម្មភាព​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​គឺជា​ការងារ​មួយ​ដ៏​ធំ និង​សំខាន់បំផុត ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​រក្សាបាន​នូវ​សោភ័ណភាព សុខុមាលភាព និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា បច្ចុប្បន្ន​ក្រសួង​មាន​គម្រោង​ជាច្រើន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក ដែល​ត្រូវ​ព​ន្លឿ​ន​ក្នុងការ​អនុវត្ត ឱ្យស្រប​តាម​ផែនការ​សកម្មភាព​រប​ស់​ក្រសួង និង​ផែនការអភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​ឱ្យបាន​នូវ​សោភ័ណភាព​ទីក្រុង​(​ទីក្រុង​បៃតង​) និង​ភាព​ទាក់ទាញ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ផែនការមេ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​រៀបចំ​រួចហើយ ហើយ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំងបី​ស្ថានីយ​ដែល​បាន​សិក្សា​រួច រួមទាំង​ការស្ដារ​អូរ​ប្រឡាយ​នានា​ត្រូវ​ព​ន្លឿ​ន​ការសាងសង់ និង​ស្ដារ​ឱ្យបាន​លឿន​បំផុត ដើម្បី​រក្សាបាន​នូវ​កំណើន​ទេសចរ​ថែមទៀត​ចូលទៅ​ទស្សនា​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​នេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ចិត្ត ប្រាជ្ញា​ស្មារតី និង​ពេលវេលា​ក្នុងការ​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំ​ផ្ញើឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ថ្មី​នេះ ជួបពិភាក្សា​ឱ្យបាន​ញឹកញាប់​ថែមទៀត ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​បច្ចេកទេស​ថ្មីៗ បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ រៀបចំ​ក្រុមការងារ​គ្រប់គ្រង ក្រុមការងារ​អនុវត្ត​ផ្ទាល់ និង​សហការគ្នា​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ដើម្បី​រក្សាបាន​នូវ​សោភ័ណភាព សុខុមាលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ៕

ដោយ​៖​កូ​ឡាប​

spot_img
×