Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិនិត្យ​ផ្តល់​អន្តរាគមន៍​បន្ទាន់​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិនិត្យ​ផ្តល់​អន្តរាគមន៍​បន្ទាន់​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដោយ​ប្រើប្រាស់​ទិន្នន័យ​គ្រួសារ​ក្រីក្រ របស់​ក្រសួងផែនការ ជាពិសេស​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួលរង​ប៉ះពាល់​ខ្លាំងជាងគេ​។​

​នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ តាមរយៈ​វីដេអូ Conference ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ផែនការ មន្ទីរ​ផែនការ​ទាំង​២៥ រាជធានី ខេត្ត ក្រុង ដើម្បី​រៀបចំ​ផែនការ​អន្តរាគមន៍​ប​ន្ទា​ន់ លើ​ការត្រៀម​អនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​គោលបំណង​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាជន និង កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ជួយឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ដែលមាន​ប័ណ្ណ​សមធម៌​រួចហើយ និង គ្រួសារ​ក្រីក្រ​ខ្លះ​ដែល​បាន​អវត្តមាន​តាម​ជុំ​នៃ​ការប្រមូល​ទិន្នន័យ និង គ្រួសារ​ខ្លះទៀត​ទើប​ទទួលរង​ផលប៉ះពាល់​បាត់បង់​ចំណូល​ធ្លាក់ខ្លួន​ក្រីក្រ​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍ថា ផ្តើមចេញពី​បញ្ហា​នេះ និង ដើម្បី​ទទួលបាន​ទិន្នន័យ​សម្រាប់​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ គឺ កិច្ចប្រជុំ​ក្រុមការងារ​ចំពោះ​កិច្ច ១) រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញកិច្ច និង​២) រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ក្នុងអំឡុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ បានសម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ចំនួន​២ គឺ ក្រសួងផែនការ​ត្រូវ​រៀបចំ​ក្របខ័ណ្ឌ​និង​យន្ត​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ដើម្បី​បំពេញបន្ថែម​ទិន្នន័យ ដូចជា គ្រួសារ​ក្រីក្រ​ដែល​មិនទាន់​បានធ្វើ​ការកំណត់​អត្តសញ្ញាណ​ជា​គ្រួសារ​ក្រីក្រ គ្រួសារ ខ្លះទៀត​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​ហើយ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ និង​ត្រូវ​កែសម្រួល ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែលមាន​ស្រាប់​(​ដូចជា​ដកចេញ​គ្រួសារ​ដែលមាន​ជីវភាព​លេចធ្លោ​ខ្លាំង គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​អស់​។​ល​។​) និង ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​រៀបចំ​យន្តការ​កំណត់​ក្រុម​គោលដៅ គណនា​ចំនួន​ថវិកា​ដែល​ត្រូវ​ផ្តល់ជូន និង​រៀបចំ​យន្តការ​សម្រាប់​បើកប្រាក់​។​ល​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បានដាក់​ចេញ​នូវ​វិធានការណ៍​បន្ទាន់​មួយចំនួន​ដល់​គ្រប់​មន្ទីរ​ផែនការ អង្គភាព​ជំនាញ​ទាំងអស់ ដើម្បី​អនុវត្ត​ដូចតទៅ ៖

១-​ត្រូវ​រៀបចំ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ ដែល (i) តំបន់​ជនបទ​ឱ្យបាន​ចប់សព្វគ្រប់​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ និង (ii) តំបន់​ទីប្រជុំជន​ឱ្យបាន​មុន​ដំណាច់​ខែមិថុនា ឆ្នាំ​២០២០ ដោយ​ប្រើ​យន្តការ​កំណត់​អត្តសញ្ញាណ​ម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ និង ត្រូវមាន​ការពិគ្រោះ​យោបល់​ជាមួយ​ភូមិ និង​ឃុំ ករណី​មានការ​ដកចេញ​នូវ​គ្រួសារ​ណា​ដែលមាន​ជីវភាព​លេចធ្លោ​។​

២-​គ្រប់​មន្ទីរ​ផែនការ​ទាំង​២៥​រាជធានី ខេត្ត ក្រុង ទាំងអស់ ត្រូវ​ត្រៀម​មន្ត្រី​ដែលមាន​សមត្ថភាព និង លះបង់​ពេលវេលា​សម្រាប់​ធ្វើជា​គ្រូ​បង្គោល និង​ទទួលខុសត្រូវ​នៅតាម​ស្រុក និង​ឃុំ​សង្កាត់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​នៅពេល អនុវត្ត​ការងារ​។​

៣-​ដោយសារ​ការសម្ភាសន៍ តាម​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ប្រើប្រាស់​តា​ប្លេ​ត នៅតាម​មន្ទីរ​ផែនការ​រាជធានី​-​ខេត្ត ត្រូវ​ជ្រើសរើស​អ្នកមាន​ជំនាញ IT ១​ឬ ២​នាក់ ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​នៅពេល​តា​ប្លេ​ត​មាន​បញ្ហា​។​

៤-​ត្រូវមាន​កម្មវិធី​ការងារ និង​បែងចែក​ការទទួលខុសត្រូវ​ច្បាស់លាស់​។​

៥-​ត្រូវ​ចុះ​តាមដាន​ជាប្រចាំ និង ណែនាំ​ដល់​មន្ត្រី​របស់ខ្លួន និង ឃុំ​សង្កាត់ ដូចជា ចុះ​ពិនិត្យមើល​ការដាក់សំណើ​សម្ភាសន៍ និង​ការជ្រើសរើស​មុខសញ្ញា​ដែល​ត្រូវ​សម្ភាសន៍​ឱ្យបាន​ច្បាស់លាស់​។​

៦-​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​នូវ​ទិន្នន័យ​ជន​ងាយ​រងគ្រោះ ផ្ទុកមេរោគ​អេដស៍ ពិការភាព ចាស់ជរា និង កុមារ ជាពិសេស​ទិន្នន័យ​ក្រុម​អាយុ នៅពេល​ធ្វើ​សម្ភាសន៍​។​

៧-​អំឡុងពេល​អនុវត្ត​ការងារ ត្រូវ​រាយការណ៍​ពី​វឌ្ឍនភាព​ការងារ​នៅវេលា​ម៉ោង​១៧:០០ ជា​រៀងរាល់ថ្ងៃ​មក​អង្គភាព​ជំនាញ​របស់​ក្រសួង​។​

៨-​ត្រូវ​ចងចាំ និង​អនុវត្ត​ចំណុច​ទាំង​៧​ខាងលើ អោយមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​បុព្វហេតុ បម្រើ​ជាតិ ប្រជាជន​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍​បន្ថែមថា នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៃ​អគ្គនាយកដ្ឋាន​ផែនការ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​គ្រប់​បណ្តា​មន្ទីរ​ផែនការ រាជធានី ខេត្ត ក្រុង​ទាំងអស់ ក្នុងពេល​ឆាប់ៗ​នេះ តាម​ការសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​ថ្លែង​កោត​ស​សើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​អង្គភាព​ជំនាញ​ដែល​ទទួលបន្ទុក​លើ​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​មន្ទីរ​ផែនការ​ទាំង​២៥ រាជធានី ខេត្ត ក្រុង ហើយ​ឯកឧត្តម​មាន​ជំនឿ​ជឿជាក់​លើ​លទ្ធផល​គ្រួសារ​ក្រីក្រ​ដែល​ទទួលបាន​ពី​ការប្រើប្រាស់​នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មាន​ភាពច្បាស់លាស់​និង​ពិតប្រាកដ សម្រាប់​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ជោគជ័យ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×