Wednesday, September 22, 2021

រដ្ឋមន្ត្រី​ការងារ អំពាវនាវ ទៅដល់ កម្មករ​កម្មការិនី និង​អ្នកបើកបរ​ដឹក​កម្មក​រ ចូលរួម​អនុវត្ត​ច្បាប់ ចរាច​រណ៍​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ការងារ បាន​ផ្ញើ​សារ និង​អំពាវនាវ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​កម្មក​រកម្ម​ការិនី និង​អ្នកបើកបរ​ដឹក​កម្មក​រ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នានា​ទូទាំង​ប្រទេស សូមមេត្តា​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ​អញ្ជើញ​បើក​សិក្ខាសាលា​ជាមួយ​អ្នកពាក់ព័ន្ធ ស្តីពី​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​គាំពារ​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង នៅ​ព្រឹក ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

​លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP), GIZ, ILO-BFC និង​អង្គការ ACILS ព្រមទាំង​ការគាំទ្រ​ពី​អ្នកបញ្ជា​ទិញ​ធំៗ​មួយចំនួន និង​ភាគី​ពាក់ព័ន្ធ ក្នុងនោះ​ក៏​មាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​កម្មករនិយោជិត និង​ការខិតខំ​ប្រឹងប្រែង​ចូលរួម​គ្រប់​សកម្មភាព និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ធ្វើឲ្យ​កម្មករនិយោជិ​ត​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​។​

​លោក រដ្ឋមន្ត្រី​មានប្រសាសន៍ថា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ​និយោជិត ប​.​ស​.​ស បាន​បង្កើត​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត នៅ​ឆ្នាំ​២០១៣ ដែល​សម្រេចបាន​នូវ​ការងារ​មួយចំនួន​ដូចខាងក្រោម​៖ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​បណ្ដុះបណ្ដាល និង​បំប៉ន​សម្រាប់​ត្រៀម​ប្រឡង​យក​បណ្ណ​បើកបរ​ចំនួន បាន​ចុះ​ប្រឡង​យក​បណ្ណ​បើកបរ ចុះ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​សុវត្ថិភាព​ចរាច​រណ៍ ចុះ​បណ្តុះបណ្តាល​ភ្នាក់ងារ​សង្គ្រោះ​បឋម បាន​ចុះ​បំពាក់​បដា​ពាក្យស្លោក​នៅ​តាម​រោងចក្រ ។​

​លោក រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ និង​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​កម្មក​រកម្ម​ការិនី និង​អ្នកបើកបរ​ដឹក​កម្មក​រ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នានា​ទូទាំង​ប្រទេស សូមមេត្តា​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​, ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​, ពិនិត្យ​បច្ចេកទេស​យានយន្ត​មុនពេល​ចេញដំណើរ​, ពេល​ធ្វើដំណើរ​តាម​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ទាំង​អ្នក​នៅ​ខាង​មុខ និង​អ្នក​នៅ​ខាងក្រោយ​, ពេល​ធ្វើដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​ជាមួយ​, កុំ​បើកបរ​លើស​ល្បឿន​កំណត់​, ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ កុំ​វ៉ា កុំ​ជែង​ដោយ​ប្រថុយប្រថាន​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ដឹក​លើស​ទម្ងន់​។ ម្យ៉ាងវិញទៀត​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ជាតិ​ទាំងអស់ ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ អង្គការ​ជាតិ និង​អន្តរជាតិ វិស័យ​ឯកជន រួមទាំង សហជីព​តំណាង​កម្មករ​និយាជិត និង​តំណាង​និយោជក ព្រមទាំង​អ្នក​បញ្ជា​ទិញ​ផង​ដែរ មេត្តា​ចូលរួម​បន្ត​យកចិត្តទុកដាក់ និង​បន្ត​ផ្តល់​កិច្ច​សហ​ប្រត្តិការ និង​ផ្តល់​អនុសាសន៍​បន្ថែម​ទៀត ទៅលើ ”​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់ គាំពារ​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​” នៅក្នុង​សិក្ខា​សិលា​ថ្ងៃនេះ ធ្វើយ៉ាងណា​ឲ្យ​យុទ្ធសាស្ត្រ​នេះ កាន់តែ​មាន​ភាព​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ​អាចឆ្លើយតប​នឹង​បញ្ហា​ដែល​កំពុង​ប្រឈម​នៅពេល​បច្ចុប្បន្ន​នេះ​។

​សូមបញ្ជាក់ថា​នៅក្នុង​ខ្លឹមសារ​ក្នុង​សេចក្តីព្រាង​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​គាំពារ​កម្មករនិយោជិត​នៅ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង នេះ​ផ្តោត​សំខាន់​លើ​យុទ្ធសាស្ត្រ ៤​ចំណុច រួមមាន ទី​១៖ ការគ្រប់គ្រង​សុវត្ថិភាព​ចរាច​រណ៍ និង​គណនេយ្យភាព ទី​២៖ បង្កើន​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរៀបចំ​ផែនការ ទី​៣៖ បង្កើន​សុវត្ថិភាព​យានជំនិះ និង​មធ្យោបាយ​ធ្វើដំណើរ និង ទី​៤៖ បង្កើន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​