Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​ពី​វិបត្តិ COVID-19 ដោយ​ផ្តោត​ការយកចិត្តទុកដាក់ លើ​វិស័យ​សំខាន់ៗ ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក​

spot_img

ភ្នំពេញ​៖ ក្រសួងការបរទេស បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ឯកឧត្តម វ៉ាង យី បាន​អះអាងថា ចិន​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​ពី​វិបត្តិ​COVID-19 ដោយ​ផ្តោត​ការយកចិត្តទុកដាក់ លើ​វិស័យ​សំខាន់ៗ ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក ជាពិសេស ចិន​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា តទៅទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

 

​នៅវេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អំពី​ការរួម​កម្លាំង​គ្នា​ប្រយុទ្ធប្រឆាំង COVID-19​។

​ឯកឧត្តម ប្រាក់ សុខុន បានចាប់ផ្តើម​ជាមួយ នឹង​ការកោតសរសើរ​ជោគជ័យ ដែល​ប្រទេស​ចិន សម្រេចបាន​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 តាមរយៈ​ការធ្វើ​ពលិកម្ម​ខ្លួនឯង​ដ៏​ធំធេង និង​ការរួម​កម្លាំង​ជា​ធ្លុង​មួយ​របស់​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ចិន​ទាំងមូល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល និង​ការព្យាបាល​អ្នកជំងឺ​។

​ឯកឧត្តម ក៏បាន​សរសើរ និង​អរគុណ​ចិន ដែល​បាន​បោះដៃ​ជួយ​ដល់​ប្រទេស​ជាច្រើន នៅលើ​លោក តាម​ការបញ្ជូន​គ្រូពេទ្យ សម្ភារ​ពេទ្យ និង​ថ្នាំ ចែករំលែក​មេរៀន បទពិសោធន៍ ដែល​នេះ​ជាការ​បង្ហាញ​ពី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ជា​អន្តរជាតិ​ពិតៗ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ចិន ដែល​បាន​បញ្ជូន​គ្រូពេទ្យ និង​សម្ភារ​ពេទ្យ​ទាំងពី​ខាង​ស៊ីវិល និង​យោធា ជួយ​ផ្គត់ផ្គង់​វត្ថុធាតុដើម ដើម្បីឱ្យ​រោងចក្រ​នៅ​កម្ពុជា​បន្ត​ដំណើរការ ជួយ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន ក៏ដូចជា​ជួយផ្តល់​បទពិសោធន៍ ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា នៅ​លី​បង់ និង​នៅ​ម៉ាលី​។​

​ឯកឧត្តម វ៉ាង យី បាន​រំលឹក​ពី​កិច្ចប្រឹងប្រែង របស់​ប្រទេស​ចិន​ទាំងមូល ក្នុងការ​ជម្នះ​វិបត្តិ គ្រប់គ្រង​វិបត្តិ តាមរយៈ​វិធានការ​ដ៏​តឹងរ៉ឹង​នានា និង​គូសបញ្ជាក់ ពី​តម្រូវការ​ក្នុង​ការរក្សា​ការប្រុងប្រយ័ត្ន​តទៅទៀត​។​

​ឯកឧត្តម វ៉ាង យី បានលើកឡើង​អំពី​ស្មារតី ជួយ​គ្នា​ទៅវិញទៅមក រវាង​ចិន និង​កម្ពុជា ដោយ​រំលឹក​ពី​ព្រះរាជកិច្ច គាំទ្រ​របស់​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ ក៏ដូចជា ការគាំទ្រ​ដ៏​ពេញទំហឹង​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី តាមរយៈ​ការបំពេញ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​ប៉េកាំង នៅពេល​ប្រទេស ចិន​ជួប​ការលំបាក​ខ្លាំង​បំផុត​។​

​ឯកឧត្តម វ៉ាង យី បាន​អរគុណ​កម្ពុជា ដែល​បាន​ប្រឆាំងនឹង​ការធ្វើ​នយោបាយ​តូបនីយកម្ម និង​ល្បែង​ទម្លាក់កំហុស ក្នុងពេលដែល​យើង​ត្រូវ​រួមគ្នា ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​រួម ចំពោះ​មនុស្សជាតិ​។

​ឯកឧត្តម វ៉ាង យី បានចាត់ទុក​ការដែល​កម្ពុជា គាំទ្រ​កិច្ច​ប្រឹ​ប្រែង របស់​អង្គការ​សុខភាព​ពិភពលោក (WHO) គឺជា​ជំហរ​មួយ​ដ៏​ត្រឹមត្រូវ​។​

​ស្តីពី​ទំនាក់ទំនង​ទ្វេភាគី​វិញ ឯកឧត្តម វ៉ាង យី បាន​លើកឡើងថា ឆ្នាំនេះ​ជា​ខួប​២០​ឆ្នាំ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ចិន និង​កម្ពុជា ហើយ​ប្រទេស​ទាំងពីរ នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងឡាយ ដើម្បី​ជ្រោង​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង ទៅកាន់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត​។

​ឯកឧត្តម វ៉ាង យី បាន​លើកឡើងថា អាទិភាព​របស់​យើង គឺ​បន្ត​ជំរុញ​កិច្ច​សហ​ប្រិប​ត្តិ​ការ​ក្នុង​ក្របខ័ណ្ឌ​នានា ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ​ពី​វិបត្តិ​COVID-19 ដោយ​ផ្តោត​ការយកចិត្តទុកដាក់ លើ​វិស័យ​សំខាន់ៗ ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក​។​

​ឯកឧត្តម វ៉ាង យី បានបញ្ជាក់​ជាថ្មី​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា តទៅទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​តប​នឹង​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម វ៉ាង យី ក្នុង​ការជំរុញ​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់ រវាង​ថ្នាក់ដឹកនាំ​នានា​តាមរយៈ Video Conference ឯកឧត្តម ប្រាក់ សុខុន បាន​គាំទ្រ​គំនិត​នេះ ហើយ​បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី កាលពី​ថ្ងៃទី​១៤ ខែមេសា កន្លងទៅ គឺជា​ការបញ្ជាក់​យ៉ាងច្បាស់ អំពី​ការប្តេជ្ញា​របស់​មេដឹកនាំ​របស់​យើង ក្នុងការ​ផ្គុំ​កម្លាំង​គ្នា ស្វែងរក​ចម្លើយ​រួម​ប្រឆាំង COVID-19 ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​ការគាំទ្រ ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ចិន ដែល​អំពាវនាវ ឱ្យមាន​ការឯកភាព​គ្នា ក្នុងការ​ប្រឆាំង COVID-19 (“Covid-19: A Call for Unity”) ដោយ​អះអាងថា ពេលនេះ គឺជា​ពេលវេលា​ដែល​យើង​ត្រូវ​រួបរួមគ្នា មិនមែនជា​ពេលដែល​ត្រូវ​បែក​គ្នា​នោះទេ​។

​ឯកឧត្តម ប្រាក់ សុខុន ក៏បាន​គាំទ្រ​ការប្រកាន់​អភិក្រម បែប​វិទ្យាសាស្ត្រ ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19 គាំទ្រ​កិច្ចប្រឹងប្រែង​របស់​អង្គការ WHO និង​គាំទ្រ​គំនិត​ថ្លឹងថ្លែង រវាង​ការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹង​ការអភិវឌ្ឍ​។​

​ចុងបញ្ចប់ ឯកឧត្តម វ៉ាង យី បាន​នាំ​ការសួរសុខទុក្ខ ពី​សំណាក់​ប្រធានាធិបតី ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី លី ខឺ​ឈាង ក៏ដូចជា ពី​សំណាក់​ឯកឧត្តម​ផ្តល់ជូន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ព្រមទាំង​រង់ចាំ​ស្វាគមន៍​សម្តេច ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង Wuhan ក្រោយ​វិបត្តិ COVID-19 នេះ​ចប់​៕​ដោយ៖កូឡាប

spot_img
×