បាត់ដំបង៖ មន្ត្រីសុខាភិបាល បានប្រាប់ឲ្យដឹងថា ពលករខ្មែរឆ្លងដែន មកពីប្រទេសថៃ តាមច្រកទ្វារនានា ដែលមិនបានត្រួតពិនិត្យសុខភាព ត្រឹមត្រូវនៅតាមច្រកទ្វារព្រំដែន ឬតាមចត្តាឡីស័ក ដោយធ្វើដំណើរមកដល់មូលដ្ឋាន តាមរយៈការបញ្ចុះបញ្ចូលរបស់ជនខិលខូចនោះ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង គ្រប់គ្រងបានទាំងស្រុង។
ក្នុងវគ្គបណ្ដុះបណ្ដាលការការពារទប់ស្កាត់ជំងឺកូវីដ១៩ ដល់អាជ្ញាធរស្រុកមោងឫស្សី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ដែលឧបត្ថម្ភគាំទ្រ ដោយអង្គការសាម៉ារីតាស់។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពលករខ្មែរដែលឆ្លងដែនមកពីប្រទេសថៃភាគច្រើន ពួកគាត់មានការសហការជាមួយអាជ្ញាធរ និងមន្ត្រីសុខាភិបាល ប៉ុន្តែមានពលករខ្មែរមួយចំនួនតូច ដោយមានការបញ្ចុះបញ្ចូល ពីសំណាក់ជនខិលខូច ឬក្រុមអ្នករត់រថយន្តឈ្នួលមួយចំនួន ក៏ដឹកទៅដល់ភូមិឃុំជាស្រុកកំណើត របស់ពួកគេ ដោយមិនបានត្រួតពិនិត្យសុខភាពត្រឹមត្រូវ ដែលបញ្ហានេះ ធ្វើឲ្យមានការព្រួយបារម្ភផងដែរ។ ទោះបីពួកគាត់មិនបានត្រួតពិនិត្យសុខភាព នៅតាមច្រកទ្វារព្រំដែន ឬនៅចត្តាឡីស័កក៏ដោយ នៅពេលដែលមកដល់មូលដ្ឋាន។ ពេលអាជ្ញាធរចុះទៅសួរនាំ ពួកគាត់ក៏បានសហការ ពិនិត្យសុខភាពឡើងវិញ និងបានដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃផងដែរ។ ដើម្បីឲ្យការងារត្រួតពិនិត្យពលករខ្មែរ ទើបត្រឡប់មកពីក្រៅប្រទេស ក៏ដូចជាការងារផ្សព្វផ្សាយ ការទប់ស្កាត់កុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ១៩ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបើកវគ្គបណ្ដុះបណ្ដាលបន្ថែម ដល់អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ពីការឆ្លើយតបឲ្យបានឆាប់រហ័ស នូវរាល់បញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋនិងពលករខ្មែរ ក្នុងខេត្តបាត់ដំបង ដែលបានមកពី
ក្រៅប្រទេសអំឡុង ពេលការរីករាលដាលជំងឺកូវីដ១៩ មានចំនួន១៦.១៧១នាក់ ។ ប្រជាពលរដ្ឋនិងពលករខ្មែរ ដែលមានទីលំនៅក្នុងខេត្តបាត់ដំបង វិលត្រឡប់មកពីថៃ ចូលតាមច្រកទ្វារក្នុងខេត្តនិងក្រៅខេត្ត កាលពីថ្ងៃទី២៧ ខែមេសា មានចំនួន ៦០នាក់ ស្រី ១៦នាក់ និងពលករខ្មែរ មានទីលំនៅតាមបណ្តារាជធានី/ខេត្ត ដែលចូលមកវិញ តាមច្រកទ្វារព្រំដែន ក្នុងខេត្តបាត់ដំបង មានចំនួន ១៦នាក់ ស្រី ៩នាក់ ផងដែរ៕ ដោយ ៖ អ៊ុងសារុំ