Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន EZECOM សម្ពោធ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន MICROSOFT និង​ទទួល​សិទ្ធិ​ចែកចាយ OFFICE 365 នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​ការ​ចាប់ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Microsoft ក្នុងការ​ចែកចាយ​កម្ម​វិធី OFFICE 365 នៅ​កម្ពុជា​នា​ថ្ងៃ​សុក្រ ទី​១៩ មករា នេះ​។ ក្នុងនាម​ជា Microsoft CSP Partner ដំបូង​គេ​នៅ​កម្ពុជា ក្រុមហ៊ុន EZECOM មាន​សិទ្ធិ​ចែកចាយ​ដោយ​ស្រប​ច្បាប់​នូវ​កម្មវិធី OFFICE 365 ដែល​ជា​បណ្តុំ​កម្មវិធី​កុំព្យូទ័រ​ចុងក្រោយ​បំផុត ដែល​ប្រមូលផ្តុំ​នូវ​មុខងារ​ពិសេសៗ​ជាច្រើន និង​អនុញ្ញាត​អោយ​អ្នកប្រើប្រាស់​មាន​ផលិតភាព​ការងារ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​ការ​ដែល​ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក សម្រេចចិត្ត​ជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូង​គេ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ គឺជា​ការបង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន Microsoft មាន​ទំនុកចិត្ត​ចំពោះ​គុណភាព​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់ EZECOM ក្នុងការ​ចែកចាយ​បន្ត​នូវ​ផលិតផល​របស់​ខ្លួន​ទៅ​ដល់​អតិថិជន​នានា​។​

​ផលិតផល​សំខាន់បំផុត​មួយ​សម្រាប់​អតិថិជន​គឺ Office 365 ដែល​ជា​បណ្តុំ​កម្មវិធី​ការិយាល័យ​សំបូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែ​មាន​ភាពបត់បែន​និង​ចល័តភាព​ខ្ពស់ ដោយ​អាច​ប្រើប្រាស់​យ៉ាង​ងាយស្រួល​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូន អាច​ចែករំលែក​និង​រក្សា​ទុក​ឯកសារ​យ៉ាង​ងាយស្រួល​និង​មាន​សុវត្ថិភាព​លើ​បណ្តាញ Cloud មាន​ប្រព័ន្ធ​អ៊ីមែល​ថ្មី មុខងារ​ផ្ញើ​សារ និង​អាច​ឆ្លងឆ្លើយ​តាម​វីដេអូ​ខ​ល​ក្នុង​កម្រិត HD ជាមួយ​ក្រុមការងារ​និង​អតិថិជន​ទៀតផង​។ បណ្តុំ​កម្មវិធី​ទាំងមូល​មាន​មូលដ្ឋាន​លើ​បណ្តាញ Cloud ដែល​អនុញ្ញាត​អោយ​អ្នកប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដែល​មាន​សេវា​អ៊ីនធឺណិត តាមរយៈ​កម្មវិធី​ផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម​។​

​សម្រាប់​រាល់​អ្នកប្រើប្រាស់​ម្នាក់ៗ គាត់​នឹង​ទទួលបាន​ទំហំ​ធំ​រហូតដល់ ១ តេ​រ៉ាបៃត៍ (TB) សម្រាប់​រក្សា​ទុក​និង​ចែករំលែក​ឯកសារ​នៅលើ​អ៊ីនធឺណិត ហើយ​រាល់​ឯកសារ​ទាំងអស់​នឹង​ត្រូវ​បាន​ការពារ​យ៉ាង​មាន​សុវត្ថិភាព​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ពី​ក្រុមហ៊ុន Microsoft និង​អាច​ស្ដារ​មក​វិញ​បាន​ងាយស្រួល​។​

​លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន EZECOM ពិតជា​មានក្តី​សោមនស្ស​រីករាយ​ណាស់ ដែល​ត្រូវបាន​ក្រុមហ៊ុន Microsoft ជ្រើសរើស​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​ចែកចាយ​ផលិតផល​និង​សេវា​ដ៏​ពិសេស​នេះ​នៅ​កម្ពុជា ហើយ​អ្វី​ដែល​កាន់តែ​គួរ​អោយ​មាន​មោទនភាព​នោះ គឺ​យើង​បាន​ក្លាយជា​ដៃគូ​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា​ទៀត​ផង​។​”

​លោក​បាន​បន្ថែមទៀតថា “​តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ថ្មីៗ​ទាំងនេះ ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន EZECOM កំពុង​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​នៃ​សហគ្រាស​ទាំង​តូច​និង​ធំ​នៅ​កម្ពុជា​។​”

​ក្រុមហ៊ុន EZECOM ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​បាននិងកំពុង​ត្រៀម​ខ្លួន​យ៉ាង​ស្វិតស្វាញ ដើម្បី​ធានា​ថា​គ្រប់​យ៉ាង​មាន​ភាពរលូន​ល្អ​ក្នុង​ការផ្តល់ជូន​សេវា​ថ្មី​នេះ​ដល់​អតិថិជន​ទាំងអស់ ក៏ដូចជា​ធានាថា​អតិថិជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការទាញយក​អត្ថប្រយោជន៍​ពេញលេញ​បំផុត​ពី​សេវាកម្ម​នេះ​។​

​លោកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ​និង​ប្រតិបត្តិការ នៃ​ក្រុមហ៊ុន Microsoft បាន​មានប្រសាសន៍ថា “​ការ​ជ្រើសរ​សើ​ក្រុមហ៊ុន EZECOM ជា​ដៃគូ Cloud Solutions Partner ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ការសម្រេច​គោលដៅ​ដ៏​សំខាន់​មួយទៀត នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Microsoft ក្នុង​ទីផ្សារ​មួយ​នេះ​។ ដើម្បី​សំរេចបាន​នូវ​ចក្ខុវិស័យ​របស់​យើង ក្នុង​ការលើកកម្ពស់​ស​ម​ត្ថភាព​មនុស្ស​និង​ស្ថាប័ន​ទាំងអស់​នៅលើ​ពិភពលោក យើង​ចាំបាច់​ត្រូវការ​ដៃគូ​ល្អៗ​ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ទៅ​ដល់​អតិថិជន។ ជាមួយ​នឹង​ជំនាញ​យូរ​ឆ្នាំ និង​វត្តមាន​រឹង​មាំ​នៅក្នុង​ប្រទេស​កម្ពុជា យើង​ជឿជាក់ថា​ក្រុមហ៊ុន EZECOM នឹង​អាចជួយ​អតិថិជន​អោយទទួល​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ការប្រើប្រាស់​កម្មវិធី Office 365 នៅក្នុង​ប្រទេស​កម្ពុជា​”៕​ ដោយ​៖​កូឡាប​

spot_img
×