ភ្នំពេញ ៖ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតមួយច្បាប់ “លេខពិសេស” សូមចម្រើនពរជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការណែនាំដល់សាស្ត្រាចារ្យ ឡុង សារិន បង្រៀននៅក្រុមហ៊ុន E-School Cambodia ដែលការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃគណៈមហានិកាយយ៉ាងធ្ងន់ធ្ងរ ។
យោងតាមវីដេអូឃ្លីបបង្រៀនមុខវិជ្ជាតែងសេចក្តី ស្ដីពី “ទសជាតក” កាលពីថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2019 ហើយទើបយកមកផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកសារជាថ្មីឡើងវិញ។
យោងតាមលិខិតរបស់គណៈសង្ឃនាយកដែលធ្វើនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣
ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានដឹងថា សាស្ត្រាចារ្យឡុ ង សារិន បានបង្រៀនតាមអនឡាញដល់សិស្សានុសិស្សត្រង់ចំណុចប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយនិងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ដោយក្នុងនោះបង្ហាញពីការបន្តុះបង្អាប់ដល់បាតាល និងលើកម្ខាងដល់កំពូលដែលផ្ទុយទៅនឹងភាពពិតជាក់ស្ដែងនាពេលបច្ចុប្បន្ន។ ឧទាហរណ៍គាត់លើកឡើងថាព្រះសង្ឃគណៈធម្មយុត្តិកនិកាយប្រព្រឹត្តវិន័យតឹងរ៉ឹងដូចលោកធុតង្គ មិនកាន់លុយទោះក្នុងសម័យគេមានលុយក៏ដោយមិនប្រើទូរស័ព្ទនិងមិនពាក់ស្បែកជើងជាដើម ហើយប្រើសម្ដីឡកឡឺយបន្តុះបង្អាប់ នឹងដាក់បន្ទាបព្រះសង្ឃគណៈមហានិកាយស្មើដោយបព្វជិត គ្មានវិន័យ ប្រព្រឹត្តធូររលុងប្រាសចាកធម៌វិន័យរបស់ខ្លួនហាក់ដូចជាអាក្រក់ណាស់ពិបាកនឹងគោរព។ ការណ៍នេះគណៈសង្ឃពុទ្ធសាសនាកម្ពុជាយល់ឃើញថាការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះត្រង់ចំណុចប្រៀបធៀបព្រះសង្ឃទាំងពីរគណៈគ្មានមូលដ្ឋានពិតជាខ្វះសុចរិតភាពខ្វះការស្រាវជ្រាវស៊ីជម្រៅគ្មានវិជ្ជាជីវៈជាគ្រូបង្រៀនគ្មានយុត្តិធម៌គ្មានសច្ចធម៌ការសន្និដ្ឋានខុសស្ថានភាពពិតផ្ទុយនឹងគោលការណ៍របស់ រាជរដ្ឋាភិបាលស្ដីពីសុខដុមនីយកម្មសាសនាដែលគណៈសង្ឃមហានិកាយពុំអាចទទួលយកបានឡើយ។ សួរថាតើក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានវត្តណាមួយដែលព្រះសង្ឃធម្មយុត្តិមិនកាន់លុយមិនប្រើទូរស័ព្ទ និងមិនពាក់ស្បែកជើងនោះ? ម្យ៉ាងទៀតការបង្រៀនប្រកបដោយកំហុសឆ្គងនេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នត់ គំនិតយុវជនគ្រប់ជំនាន់និងពុទ្ធបរិស័ទទូទៅដែលធ្វើឲ្យមានការយល់ច្រឡំនិងអាចមានការរើសអើងលើព្រះសង្ឃគណៈមហានិកាយទៀតផង។
ចំពោះលិខិតបំភ្លឺរបស់ក្រុមហ៊ុនE-School Cambodia គណៈសង្ឃនាយកមិនអាចទទួលយកបានឡើយព្រោះខ្លឹមសារមិនបានឆ្លុះបញ្ចាំងពីភាពខុសឆ្គងរបស់លោកឡុងសារិន។
ផ្អែកលើមូលដ្ឋាននេះ គណៈសង្ឃកម្ពុជាសូមស្នើឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាធ្វើការណែនាំដល់សាស្ត្រាចារ្យរូបនេះឲ្យកែតម្រូវនូវការបង្រៀនរបស់ខ្លួនត្រង់ចំណុចប្រៀបធៀបនេះនិងចេញសុំទោសព្រះសង្ឃនិងពុទ្ធបរិស័ទជាសាធារណៈ៕
ដោយ៖កូឡាប