Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជក្រម ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ។ ច្បាប់​នេះ ត្រូវបាន​ចុះហត្ថលេខា​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ។​

​ព្រះរាជក្រម នស​/​រកម​/០៤២០/០១៨ ប្រកាស​ឲ្យ​ប្រើ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន (០១៨០៤២០)​ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ ហើយ​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់​និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២០ សម័យប្រជុំ​ជា​វិសាមញ្ញ​នីតិកាល​ទី​៤ ព្រមទាំង​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាសថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ក្នុង​សេចក្តីសម្រេច​លេខ ២០២/០០២/២០២០ កប​ធ​.​ច ចុះ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ហើយ​ដែលមាន​សេចក្តី​ទាំងស្រុង​ដូចតទៅ ៖

​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាន​ចំនួន​៥​ជំពូក និង​ចែកចេញ​១២​មាត្រា​។ មាត្រា​៤ ជំពូក​ទី​៣ បាន​កំណត់ថា នៅពេល​ប្រទេសជាតិ ត្រូវបាន​ប្រកាស​ដាក់​ស្ថិតនៅក្នុង​ភាពអាសន្ន រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់ចេញ​វិធាន​ដូចខាងក្រោម​៖

១៖ ហាមឃាត់ ឬ កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើដំណើរ​។​

២៖ ហាមឃាត់ ឬ កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​។​

៣៖ ហាមឃាត់ ឬ កម្រិត​ការធ្វើសកម្មភាព​ការងារ ឬ​មុខរបរ​។​

៤៖ ហាមឃាត់ ឬ កម្រិត​មិនឱ្យ​បុគ្គល​ចេញពី​លំនៅឋាន ឬ ទី​សំណាក់​ណាមួយ​។​

៥៖ ដាក់ចេញ​វិធានការ​ច​ត្តា​ឡី​ស័ក ឬ ការដាក់​ឱ្យនៅ​ដោយឡែក​ក្នុងករណី​គ្រោះអាសន្ន​បន្ទាន់ ចំពោះ​សុខភាព​សាធារណៈ​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​។​

៦៖ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​

៧៖ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន ដកហូត គ្រប់គ្រង និង​ចាត់ចែង​ទ្រព្យសម្បត្តិ និង​សេវា ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ នីតិវិធី​នៃ​ការធ្វើ​កំណែន និង​សំណង​ត្រូវ​កំណត់ដោយ​រាជរដ្ឋាភិបាល​។​

៨៖ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការបិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​

៩៖ ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការបិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​

១០៖ ដាក់ចេញ​នូវ​វិធានការ​ឃ្លាំមើល និង​តាមដាន​គ្រប់​មធ្យោបាយ ដើម្បី​ទទួលបាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព ក្នុង​គោលបំណង​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​

១១៖ ហាមឃាត់ ឬ ការកម្រិត​ការចែក​ចាយ ឬ ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្កឱ្យមាន​ការ​ភ័យខ្លាច​ដល់​សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ឬ ធ្វើឱ្យមាន​ការភាន់ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាពអាសន្ន​។​

១២៖ ដាក់ចេញ​វិធានការ​ដទៃទៀត​ដែល​សមស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​

​ក្នុង​មាត្រា​នេះ បានចែង​ទៀតថា វិធានការ​អនុវត្ត​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន អាច​ត្រូវបាន​ដាក់ចេញ​សម្រាប់​ទូទាំងប្រទេស ឬ ដែនដី​កំណត់​ជាក់លាក់​ណាមួយ​។ ក្នុងករណី​ចាំបាច់ រាជរដ្ឋាភិបាល​អាចបង្កើត​យន្តការ ឬ​ប្រគល់​សិទ្ធិអំណាច​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណាមួយ ឬ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​ដល់​ការអនុវត្ត​វិធានការ​ខាងលើ​។​

​ក្នុងពេល​សង្គ្រាម ឬ ក្នុង​កាលៈទេស​ដទៃទៀត​ដែល​សន្តិសុខ​ជាតិ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​អាចធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក​។​

​នៅក្នុង​មាត្រា​៧ ក្នុង​ជំពូក​ទី​៤ និយាយ​ពី​ទោស​ប្បញ្ញត្តិ បាន​ចែងថា អំពើ​ដោយ​ចេតនា​រារាំង ឬ បង្ក​ឧបសគ្គ​ដល់​កិច្ចប្រតិបត្តិការ​ឆ្លើយតប​ចំពោះ​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ដល់​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ដល់ ៥​លាន​រៀល​។ ចំពោះ​អំពើ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ កាលបើ​អំពើ​នេះ នាំឱ្យមាន​ចលាចល​ជា​សាធារណៈ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​

​ក្នុង​មាត្រា​៨ នៃ​ជំពូក​ដដែល បាន​ចែងថា អំពើ​ដោយ​ចេតនា​មិន​គោរព​វិធានការ​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដែល​មានចែង​ក្នុង​មាត្រា​៥ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ដល់ ១​លាន​រៀល​។ ដោយឡែក​អំពើ​មិន​គោរព​តាម​វិធានការ​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល កាលបើ​អំពើ​នេះ​នាំឱ្យមាន​ចលាចល​ជា​សាធារណៈ​។​

​ដោយឡែក​នីតិបុគ្គល​ដែលមាន​ចេតនា​រារាំង ឬ បង្ក​ឧបសគ្គ​ដល់​កិច្ចប្រតិបត្តិការ​ឆ្លើយតប​ចំពោះ​ភាពអាសន្ន ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដូច​មានចែង​ក្នុង​មាត្រា​៤២ (​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ត្រូវ​ផន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០០​លាន​រៀល ដល់ ១,០០០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ ច្រើន​ដូច​មានចែង​ក្នុង​មាត្រា​១៦៨ (​ទោស​បន្ថែម​អនុវត្ត​ចំពោះ​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ​។​

​រីឯ​នីតិបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ដោយ​ចេតនា​មិន​គោរព​វិធានការ​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដែល​មានចែង​ក្នុង​មាត្រា​៥ ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដូច​មានចែង​ក្នុង​មាត្រា​៤២ (​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ​​ដោយ​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥០​លាន​រៀល ដល់ ៥០០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា​១៦៨ (​ទោស​បន្ថែម​អនុវត្ត​ចំពោះ​នីតិបុគ្គល​) នៃ​ក្រម​ព្រហ្ម​ទ​ណ្ណ​។​

​ច្បាប់​នេះ ក៏បាន​និយាយ​ពី​ការទទួលខុសត្រូវ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ពេល​ប្រទេស​ត្រូវដាក់​ក្នុង​ភាព​មាន​អាសន្ន​ផងដែរ​។ មាត្រា​១០ ក្នុង​ជំពូក​៤ បាន​និយាយថា មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ប្រើប្រាស់​សិទ្ធិអំណាច​តាម​ទំនើងចិត្ត​ដោយ​រំលោភ​បំពាំ​ន​ខុសពី​គោលបំណង​នៃ​ច្បាប់ ហើយ​បង្ក​ការប៉ះពាល់​ដល់​រូបរាងកាយ ឬ​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដទៃ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ស្របតាម​ច្បាប់​របស់​កម្ពុ​ជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ខែមេសា ឆ្នាំ​២០២០​កន្លងទៅនេះ បានចាប់ផ្តើម​រៀបចំ និង​តាក់តែងឡើង​នូវ​ច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ចំពេល​ប្រទេស​កម្ពុជា​រង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ ច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ហើយ​ត្រូវបាន​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​អនុម័ត​ជា​បន្តបន្ទាប់​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×