Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បង្ហាញ​ដំណោះស្រាយ​ជាច្រើន លើ​ផលប៉ះពាល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ដោយសារ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ឯកឧត្ដម​ប​ណិ្ឌ​ត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ស្តីពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​វិស័យ​ទេសចរណ៍​អាស៊ាន ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ទាំង ១០​ប្រទេស និង​អគ្គលេខាធិការ​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខន​ហ្វឺ​រឹន (Video Conference) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ឆ្នាំ​២០២១​ខាងមុខ (ATF 2021) និង​ក្នុង​អណ​ត្តិ​របស់ខ្លួន​ជា​ប្រធាន​ដឹកនាំ​វិស័យ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២០ ក្រសួងទេសចរណ៍​កម្ពុជា​បាន​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​ប្រទេស​ជា​សមាជិក រៀបចំ​កិច្ចប្រជុំ​ពិសេស​នេះ​ឡើង ក្នុង​គោលបំណង​ពិភាក្សា​រក​ដំណោះស្រាយ​អំពី​វិបត្តិ​កូ​វីដ​-១៩ លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។​

​កិច្ច​ប្រជុំបាន​ចែករំលែក​បទពិសោធន៍ ការអនុវត្ត​ល្អៗ ស្ដីពី​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ និង​ផលប៉ះពាល់​ក្នុងប្រទេស​សមាជិក​នីមួយៗ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ជួយសង្គ្រោះ​វិស័យ​ទេសចរណ៍​នៅ​ចំពោះមុខ ក្នុងដំណាក់កាល​នៃ​ការដោះស្រាយ​វិបត្តិ (Mitigation Phase) ឬ​ដំណាក់កាល​នៃ​ត្រៀម​ងើបឡើង​វិញ (Early Recovery) ក៏ដូចជា​ផែនការ​ស្ដារឡើងវិញ​បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ( Post Covid-19 Crisis Recovery Plan)​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បានសម្រេច​ដាក់ចេញ​នូវ​សេចក្តីប្រកាស​រួម​រំលេច​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស ដោយ​ផ្ដោតលើ​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖

១ ជំរុញ​ការសម្របសម្រួល​របស់​អាស៊ាន​ក្នុងការ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ព័ត៌មាន ស្តីអំពី​សុខភាព​ទាក់ទង​នឹង​ការធ្វើដំណើរ និង​វិធានការ​ចាំបាច់​នានា ដែល​អនុវត្ត​ដោយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ប្រតិបត្តិការ​កាន់តែ​សកម្ម​ឡើង​របស់​ក្រុមការងារ​ទំនាក់ទំនង​វិបត្តិ​ទេសចរណ៍​អាស៊ាន (ASEAN Tourism Crisis Communication Team-ATCCT) តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ទាន់ពេលវេលា និង​ទុកចិត្តបាន ដល់​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ចេញ​និង​ចូលក្នុង​ប្រទេស ព្រមទាំង​ការី​ទេសចរណ៍​នានា​នៅក្នុង​តំបន់​។

២ ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន (NTOs) ជាមួយនឹង​វិស័យ​អាស៊ាន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជាពិសេស​ជាមួយ​វិស័យ​សុខាភិបាល ព័ត៌មាន ដឹកជញ្ជូន និង​អន្តោប្រវេសន៍ ក៏ដូចជា​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​ផ្សេងៗ​ទៀត ព្រមទាំង​អង្គការ និង​សហគមន៍​អន្តរជាតិ​នានា សំដៅ​រួមគ្នា​អនុវត្ត​វិធានការ​ទាំងឡាយ និង​បង្កើតឱ្យមាន​ទម្រង់ការ​ផ្សេងៗ​គ្នា​របស់​ភាគី​នីមួយៗ ដើម្បី​ជំរុញ​ការឆ្លើយតប​ទាន់ពេលវេលា ឆាប់រហ័ស មាន​តម្លាភាព ច្បាស់លាស់​លើ​ការដោះស្រាយ និង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​វិបត្តិ​ដទៃទៀត​នាពេល​អនាគត​។

៣ បង្កើន​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ក្នុងការ​ចែករំលែក​ព័ត៌មាន និង​ការផ្លាស់ប្តូ​រការ អនុវត្ត​ល្អៗ រវាង​ប្រទេស​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​អាស៊ាន​ផ្សេងៗ​ទៀត ស្តីពី​ការឆ្លើយតប​ចំពោះ​វិបត្តិ ការត្រៀមខ្លួន​សម្រាប់​ការទំនាក់ទំនង ការសម្របសម្រួល​ការ​ត​ភ្ជាប់ កិច្ចខិតខំ​និង​វិធានការ​សង្គ្រោះ​ផ្សេងៗ ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ការចាប់យក​មេរៀន​សំខាន់ៗ​ស្តីពី​វិបត្តិ ដើម្បី​បានជា​របាយការណ៍​បន្ទា​ប់​ពី​វិបត្តិ​សម្រាប់​ជា​ឯកសារយោង​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ក្នុងការ​គ្រប់គ្រង​ឱ្យ​កាន់តែ​ប្រសើរ​នូវ​វិបត្តិ​ណាមួយ​ឬ​ជំងឺ​រាតត្បាត​នានា នាពេល​អនាគត​។

៤ អនុវត្ត​នូវ​វិធានការ និង​គោលនយោបាយ​ដ៏​ច្បាស់លាស់​នានា ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ភ្ញៀវទេសចរ​ក្នុងស្រុក​និង​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​ការរៀបចំ​បង្កើតឱ្យមាន​ស្តង់ដា និង​គោលការណ៍​ណែនាំ​ច្បាស់លាស់ ស្តីអំពី​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព និង​ផ្តល់​សុខភាព​ល្អប្រសើរ​ជាង​មុន សំដៅ​ការពារ​អ្នកបំរើ​ការងារ និង​សហគមន៍​ក្នុង​ផ្នែក​បដិសណ្ឋារកិច្ច និង​ឧស្សាហកម្ម​ដែល​ជាប់ ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នានា ក៏ដូចជា​គោលដៅ និង​ស្ថាប័ន​ទេសចរណ៍​ទាំងឡាយ​ក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន​។

៥ គាំទ្រ​ដល់​ការរៀបចំ និង​ការអនុវត្ត​ផែនការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដោយ​មិនត្រូវ​បន្ធូរ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រក្សា​ការពារ​សុខភាព​សាធារណៈ ដែល​រួមមាន​ដូចជា ការកសាង​សមត្ថភាព​ទេសចរណ៍​អាស៊ាន ការចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​ការបង្កើត​ទំនុកចិត្ត​អ្នកប្រើប្រាស់​និង​អាជីវកម្ម ស្វែងយល់​ពី​ដំណោះស្រាយ​បែប​ច្នៃប្រឌិត និង​នវានុវត្តន៍​ក្នុងការ​ពង្រឹង​និង​ជំរុញ​វិស័យ​ទេសចរណ៍​អាស៊ាន ជាពិសេស​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ទីផ្សារ និង​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍​រួម ក្នុង​គោលដៅ​ជំរុញ​អាស៊ាន​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​តែមួយ​។

៦ ជំរុញ​ការអនុវត្ត​គោលនយោបាយ​មីក្រូ និង​ម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោម​គោលនយោបាយ​នានា ដោយ​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការសម្រួល​ផ្នែក​ហិរញ្ញវត្ថុ ការបន្ធូរបន្ថយ​ពន្ធ និង​ការកសាង​សមត្ថភាព ជាពិសេស លើ​ជំនាញ​ឌីជីថល​សម្រាប់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ និង​ធ្វើដំណើរ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម (MSMEs) ក្រុម​ជន​ដែល​ងាយ​រងគ្រោះ ព្រមទាំង​សហគមន៍​ដែល​រង​ផលប៉ះពាល់​នានា។

៧ បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​សន្ទនា​អាស៊ាន អង្គការ​អន្តរជាតិ​នានា និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​កសាង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ឱ្យមាន​ភាពរឹងមាំ និង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន បន្ទាប់ពី​វិបត្តិ​ណាមួយ​៕

ដោយ​៖​កូ​ឡាប​

spot_img
×