Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​អចិន្ត្រៃយ៍​ដឹកនាំ​ការត្រួតពិនិត្យ​​គំនូរ​ស្លាក​សញ្ញា​-​និមិត្តរូប ស៊ី​ហ្គេម ២០២៣

spot_img

CAMSOC-​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​គំនូរ​ស្លាក​សញ្ញា «Logo» និង​និមិត្តរូប «Mascot» សម្រាប់ ស៊ី​ហ្គេម (SEA Games) ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​។​

​អគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត​បាន​ពិនិត្យ​លើ​គំនូរ​ស្នាដៃ​ស្លាក​សញ្ញា និង​និមិត្តរូប ពាក្យស្លោក ឬ​បាវចនា ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សាស្ត្រាចារ្យ​វប្បធម៌ និង​ផ្នែក​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុង​គោលបំណង​ឲ្យ​គំនូរ​ស្លាក​សញ្ញា និង​និមិត្ត​រូបនេះ រំលេច​នូវ​ខ្លឹមសារ​ល្អ ទាំង​អត្ថន័យ អត្ថរស និង​អត្ថរូប ក្រោម​ប្រធានបទ «​សុភា​ទន្សាយ​» ដែលមាន​ចរិតលក្ខណៈ​ជា​ខ្មែរ​។​

​ឯកឧត្តម​បន្ថែមទៀតថា នៅក្នុង​ការប្រកួតប្រជែង​ស្នាដៃ​គំនូរ​ស៊ី​ហ្គេម ដែល​បាន​បើកទូលាយ​សម្រាប់​មហាជន​ទូទៅ កាលពី​ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ គឺ​យើង​ទទួលបាន​ស្នាដៃ​ជាច្រើន ហើយ​កិច្ច​ប្រជុំបាន​ពិនិត្យឃើញ​នូវ​ស្នាដៃ សុភា​ទន្សាយ​មួយចំនួន ដែល​លេចធ្លោ​ជាងគេ មាន​លក្ខណៈ​វប្បធម៌​ជា​ខ្មែរ ដែល​សម្លៀកបំពាក់​នៃ​គំនូរ​នោះ មានប្រើ​ប្រាស់ ក្នុង​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​យើង​។ ចំពោះ​ស្លាក​សញ្ញា​មាន​និមិត្តរូប​នៃ​ខ្លឹមសារ​ចំនួន​៣ គឺ​បង្ហាញ​នូវ​ប្រាសាទអង្គរវត្ត ដែលជា​អត្តសញ្ញាណ​ជាតិ​, កង​ចំនួន​១១ ដែលជា​កង​នៃ​សញ្ញា​របស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​រូប​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ក្បាច់ចម្លាក់ ដែល​យើង​ជ្រើសរើស​យកមក​វិភាគ និង​កែសម្រួល​បន្ថែម​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ដាក់​ឆ្លង​ការសម្រេច នៅក្នុង​កិច្ចប្រជុំ​បន្ទាប់ ក្រោម​ការដឹកនាំ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។​

​ក្រោយ​ការសម្រេច​ពី CAMSOC រួចហើយ ស្លាក​សញ្ញា «Logo» និង​និមិត្តរូប «Mascot» និង​ពាក្យស្លោក ឬ​បាវចនា សម្រាប់ SEA Games ឆ្នាំ​២០២៣ នឹងត្រូវ​ដាក់​ស្នើសុំ​ការអនុញ្ញាត​សម្រេច ជា​លើកចុងក្រោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នាពេលខាងមុខ​។​

​សូម​រំឭកថា គំនូរ​ស្លាក​សញ្ញា និង​និមិត្តរូប ស៊ី​ហ្គេម ២០២៣ នេះ ត្រូវបាន​ប្រកាស​ឲ្យ​ប្រឡងប្រណាំង​ស្នាដៃ​ជា​សាធារណៈ កាលពី​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​បង្ហាញ​ពី​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​ជាតិខ្មែរ ហើយ​គំនូរ​នេះ ត្រូវផ្តោត​សំខាន់​លើ​ភាព​ទាក់ទាញ ក្នុង​ខ្លឹមសារ​ល្អ ទាំង​អត្ថន័យ អត្ថរស និង​អត្ថរូប ក្រោម​ប្រធានបទ «​សុភា​ទន្សាយ​» ដែលមាន​ចរិតលក្ខណៈ​ជា​ខ្មែរ​។​

​ចំពោះ​អ្នកទទួលបាន​នូវ​ជ័យលាភី នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជា​ថវិកា ដោយ​តម្កល់ទុក​ស្នាដៃ​របស់​បេក្ខជន​ជ័យលាភី​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​បេក្ខជន​ជ័យលាភី​នោះ នឹង​ទទួលបាន​កិត្តិយស​ដ៏​ធំធេង​ជា​ទូត​សុ​ឆន្ទៈ និង​ជា​ភ្ញៀវកិត្តិយស​គ្រប់​កម្មវិធី​ទាំងអស់​របស់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ការបើក​ឲ្យ​មានការ​ប្រកួត​ជា​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​នេះ គឺ​ក្នុង​គោលបំណង​សំខាន់​នៃ​ការចូលរួម​ទាំងអស់គ្នា​នៃ​ប្រជា​ជាតិខ្មែរ ដែលជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ ក្នុងការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើកដំបូង​របស់​កម្ពុជា ពីព្រោះថា ស៊ី​ហ្គេម ២០២៣ គឺជា​របស់​ជាតិ​ទាំងមូល របស់​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស ជា​អ្នកចូលរួម​ទាំងអស់គ្នា ដូច្នេះ​ការប្រកួត​នេះ​មិន​ត្រូវធ្វើ​ក្នុង​លក្ខណៈ​ចង្អៀត​ទេ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ គឺជា​ម្ចាស់ផ្ទះ ជា​អ្នកទទួលខុសត្រូវ​រួមគ្នា ក្នុងការ​ជំរុញ​ឲ្យ​ការរៀបចំ​ប្រកួត​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ​ទទួលបាន​ជោគជ័យ​។ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម វ៉ា​ត់ ចំរើន កាលពីពេល​កន្លងទៅ​៕

ដោយ​៖​កូ​ឡាប​

spot_img
×