Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​ត្រៀម​បម្រុង ថវិកា​ប្រហែល ៣០០​ លាន​ដុល្លារ​អាមេរិក ជួយ​ដល់​ពលករ​ខ្វះខាត​មកពី​វិបត្តិ កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ លោកជំទាវ ជូ ប៊ុន​អេង​បន្តថា ទោះបីជា​រាជរដ្ឋាភិបាល​ត្រៀម​បម្រុង ថវិកា​ប្រហែល ៣០០​ លាន​ដុល្លារ​អាមេរិក ជួយ​ដល់​ពលករ​ខ្វះខាត​មកពី​វិបត្តិ កូ​វីដ​-១៩ យ៉ាងណាក៏ដោយ ក៏​ការផ្តល់ជូន​ការឧបត្ថម្ភ​នេះ គ្រាន់តែ​ជាការ​ដោះស្រាយ​បញ្ហា​ជួយ​សម្រាល ប៉ុន្តែ​ពលករ​ខ្វះខាត​ត្រូវតែ​គិត​អំពី​លទ្ធភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង​បន្ថែម​នៅក្នុង​ការរស់នៅ​។​

​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែមេសា ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ IOM បើក​កិច្ចប្រជុំ​ស្តីពី​កិច្ចសហការ​ក្នុងការ​ឆ្លើយតប​នឹង​វិបត្តិ កូ​វីដ​-១៩ ក្នុងចំណោម​ពលករ​ចំណាកស្រុក និង​សហគមន៍ ដែល​ដឹកនាំ​ដោយ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ដោយមាន​ការចូលរួម​ពី អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប​.​ជ ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​អង្គការ IOM ព្រមទាំង​ស្ថាប័ន អង្គការ​ដៃគូ​ជាតិ អន្តរជាតិ​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ លោកជំទាវ ជូ ប៊ុន​អេង បាន​មានប្រសាសន៍ថា កិច្ច​នេះ​គឺធ្វើឡើង​ដើម្បី​ស្វែងរក​ការចូលរួម​ពី​ដៃគូរ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​១៩ លើ​ជន​ទេ​ស្តរ​ប្រវេសន៍ និង​សហគមន៍ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​សកម្មភាព​តាម​សហគមន៍​របស់​អង្គការ​ដៃគូរ និង​មេរៀន​ទទួលបាន និង​សម្រេច​លើ​គោលការណ៍​សកម្មភាព​រួម​គ្នា ដែល​ត្រូវអនុវត្ត នៅតាម​បណ្តា​សហគមន៍ ដែលមាន​ជន​ទេ​ស្តរ​ប្រវេសន៍​វិលត្រឡប់ ដែល​ប្រឈម​នឹង​ការខ្វះខាត ដើម្បី​លើកកម្ពស់​សុខភាព និង​កិច្ចការពារ ព្រមទាំង​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ស្បៀង និង​ជីវភាព​រស់នៅ​ផងដែរ​។​

​លោកជំទាវ ក៏បាន​បញ្ជាក់​បន្ថែមថា កិច្ចប្រជុំ​នេះ នឹង​ពិភាក្សាគ្នា​លម្អិត​បន្ថែម​លើ​ការធ្វើ​បច្ចុប្បន្នភាព​លើ​យន្តការ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការឆ្លើយតប​នូវ​គម្រោង​ក្នុងការ​ឆ្លើយតប​ចំពោះ​កូ​វីដ​១៩ (COVID-19) និង​ការវិលត្រឡប់​របស់​ជ​ន​ចំណាកស្រុក ដោយ​ផ្អែកលើ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋាភិបាល និង​ក្រុមការងារ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​ផងដែរ​។​

​លោកជំទាវ ជូ ប៊ុន​អេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​ត្រៀម​ថវិកា ៣០០​លាន​ដុល្លារ​សម្រាប់​បម្រុង​ជួយ​គាំពារ​សង្គម និង​សន្តិសុខ​ស្បៀង​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​។ ថវិកា​ប្រហែល ៣០០​លាន​ដុល្លារ​អាមេរិក​នេះ នឹង​ត្រៀម​បម្រុង​ជា​ជំនួយ​គាំពារ​សង្គម ក៏ដូចជា​សន្តិសុខ​ស្បៀង ដែល​គ្រោង​នឹង​ដំណើរការ​អនុវត្តន៍ នៅ​ចុងខែ​ឧសភា ឬ​ដើមខែ​មិថុនា ឆ្នាំ​២០២០​ខាងមុខនេះ​។​

លោកស្រី ជូ ប៊ុន​អេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​កាលពីពេល​ប្រជុំ​កន្លងទៅ លោក​អគ្គលេខាធិការ (​គ​.​ជ​.​ប​.​ជ​) បាន​លើកឡើងថា យើង​កំពុងតែ​ពិនិត្យ​លើ​កញ្ចប់​ថវិកា រៀបចំ​ជា​បញ្ជី ប្រហែលជា​ក្នុង​ចុងខែ​៥ ឬ​ដើមខែ​៦​អីហ្នឹង យើង​នឹងមាន​លទ្ធផល​នៃ​ការបើក​ផ្តល់​។ ខ្ញុំ​មិន​ហ៊ាន​អះអាងថា តើ​ដៃគូ​យើង​ជួយ​ប៉ុន្មាន យើង​ជួយ​ប៉ុន្មាន គ្រាន់​តេ​ដឹងថា ពេលនេះ​ដល់​ដាច់​ឆ្នាំ ត្រូវការ​លុយ​ប្រហែល ៣០០​លាន​ដុល្លារ​»​។​

​បើតាម​លោកជំទាវ ជូ ប៊ុន​អេង រាជរដ្ឋាភិបាល​កម្ពុជា ថែមទាំង​បានគិត​គូរ​ទាំង​ពលករ​ដែល​កំពុង​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស​។ បើ​និយាយ​ពី​ពលករ​នៅក្រៅ​ប្រទេស​ត្រូវជា​បន្ទុក​របស់ ប្រទេស​គោលដៅ ក្នុងការ​ទំនុកបម្រុង​ពួកគាត់​ពេល​ខ្វះខាត ក្នុងអំឡុង​មាន​វិបត្តិ​កូ​វីដ​១៩ ប៉ុន្តែ​បើ​និយាយ​ពី​ពលករ​ដែល​ចូលមកក្នុង​ស្រុក​វិញ គឺជា​ការទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តែម្តង​។​

​លោកជំទាវ​ថ្លែងថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​រួចហើយ នៅ​ក្នុងការ​ផ្តល់ជំនួយ​គាំពារ​សង្គម ក៏ដូចជា​ការគិតគូរ​លើកកម្ពស់​ជីវភាព នៃ​ការរស់នៅ​របស់​ពលក​រ​ទេសន្តរប្រវេសន៍ លើ​បញ្ហា​សន្តិសុខ​ស្បៀង​។ ចំពោះ​សកម្មភាព នៃ​ការអនុវត្ត​គោលនយោបាយ​នោះ គឺជា​សកម្មភាព​ថ្នាក់ជាតិ​តែម្តង បានន័យថា ទាំង​ការការពារ​កូ​វីដ​១៩ និង​លើកកម្ពស់​សុខភាព គឺ​ក្រសួងសុខាភិបាល របស់លោក ម៉ម ប៊ុនហេង ដឹកនាំ​ធ្វើការ​ផ្នែក​នេះ​។​

​ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​បានល្អ រាជរដ្ឋាភិបាល​កម្ពុជា ក៏​នឹង​សហការ​ជាមួយ​អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​អាមេរិក (CDC) ផងដែរ​។ ចំណែកឯ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើរតួនាទី​សំខាន់ ដើម្បី​គិតគូរ​ទៅដល់​ការផ្គត់ផ្គង់ ការត្រៀម​បម្រុង​នូវ​ស្បៀង ក៏ដូចជា​ការ​គាំពារ​សង្គម ដែល​គ្រោង​នឹងមាន​ការចុះឈ្មោះ​ប័ណ្ណ​ក្រីក្រ​បន្ថែមទៀត ព្រោះថា​ត្រូវមាន​ពលករ​ចំណាកស្រុក​ចូល​ស្រុក​វិញ ដែលមាន​ការ ខ្វះខាត ត្រូវ​ទទួលបាន​ប័ណ្ណ​ក្រីក្រ ដើម្បី​ទទួល​បានការ​គាំពារ​សន្តិសុខ​ស្បៀង​៕​

ដោយ កូ​ឡាប​

spot_img
×