Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ដែល​ត្រូវ​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ឧសភា ត្រូវមាន​សីលធម៌ គុណធម៌ អាកប្បកិរិយា និង​ប្រើប្រាស់​សំដី​ឲ្យ​បាន​សមរម្យ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ស្នងការ​នគរបាល​ក្រុងភ្នំពេញ បានផ្តល់​មតិ​ណែនាំ​ដល់​មន្ត្រី ដែល​ត្រូវ​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់ផ្តើម​ពីថ្ងៃ ទី​១ ខែឧសភា ឆ្នាំ​២០២០ គឺ ត្រូវ​រៀបចំខ្លួន​ឲ្យ​បាន​ស្អាត ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​កាត់សក់​ខ្លី​ជានិច្ច ​ត្រូវមាន​សីលធម៌ គុណធម៌ អាកប្បកិរិយា និង​ប្រើប្រាស់​សំដី​ឲ្យ​បាន​សមរម្យ ជាពិសេស​គ្រប់ពេល​ត្រួតពិនិត្យ​ត្រូវធ្វើ​ការគោរព​ជានិច្ច ។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ត្រូវ​ចូលរួម​ផ្ទាល់​ក្នុងការ​ចាប់ផ្តើម​រឹតបន្តឹង​អនុវត្ត​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ដែល ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានផ្តល់​ជាម​តិ​ណែនាំ​ល្អៗ​ជាច្រើន​ដល់​អង្គពិធី​ទាំងមូល ដើម្បី​យកទៅអនុវត្ត​កិច្ចការ​រឹតបន្តឹង​នេះ​ឲ្យ​មាន​លក្ខណៈ​រលូន និង​ប្រកបដោយ​ការជោគជ័យ​ខ្ពស់ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ស្នងការ បានផ្តល់​មតិ​ណែនាំ​ជា​មតិ​ល្អជា​ច្រើន​ដល់​មន្ត្រី ដែល​ត្រូវ​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់ផ្តើម​ពីថ្ងៃ ទី​១ ខែឧសភា ឆ្នាំ​២០២០ :

១. ត្រូវ​រៀបចំខ្លួន​ឲ្យ​បាន​ស្អាត ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​កាត់សក់​ខ្លី​ជានិច្ច ។​

២. ត្រូវមាន​សីលធម៌ គុណធម៌ អាកប្បកិរិយា និង​ប្រើប្រាស់​សំដី​ឲ្យ​បាន​សមរម្យ ជាពិសេស​គ្រប់ពេល​ត្រួតពិនិត្យ​ត្រូវធ្វើ​ការគោរព​ជានិច្ច ។​

៣. ត្រូវ​ពាក់អាវ​ពន្លឺ ពាក់​ភ្លើង​បំភ្លឺ​នៅលើ​ស្មា និង​ពិល ។ ល ។​

៤. ត្រូវ​ពាក់​ម៉ាស់ ស្រោមដៃ និង​លាងដៃ​ជាមួយ​ទឹក​អាល់កុល​ជាប្រចាំ ។​

៥. តាម​គោលដៅ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ នឹងមាន​ក្រុមគ្រូពេទ្យ​ការិយាល័យ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ជាប្រចាំ​របស់​សុខភាព​ម​ន្ត្រី​ដែល​ចុះ​អនុវត្ត​ច្បាប់​នេះ ។​

​ឯកឧត្តម អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ដោយ​ក្នុង​ឆ្នាំ​២០១៩ កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​រងរបួស ស្លាប់ មានការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​បារ​ម្មណ៍ ។​

​ម្យ៉ាងវិញទៀត​ដោយ​ក្នុង​ឆ្នាំ​២០១៩ សមត្ថកិច្ច​តែងតែមាន​ការយោគយល់​ច្រើន ដោយ​តែងតែ​ធ្វើការ​ណែនាំ អប់រំ ប៉ុន្តែ​ដោយ​កំណើន​គ្រោះថ្នាក់​នៅ​ឆ្នាំ​២០១៩ ដូច្នេះហើយ​ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​កាត់បន្ថយ​ការរង​របួស ការស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ។​

​គោលបំណង​សំខាន់​ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ គឺ​ដើម្បី ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ការស្លាប់ ការរង​របួស ពិការ ….​។​ល​។​

​ឯកឧត្តម​ស្នងការ ក៏បាន​ធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឲ្យ​តែ​ខុសច្បាប់​ត្រូវអនុវត្ត​ដូចៗ​គ្នា ។​

​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយ​:​ពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯ​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ដែល​ត្រូវ​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ ។​

​ក្នុង​រយ​:​ពេល​២​ថ្ងៃនេះ ចែកចេញជា​៤​វេន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នេះ ដោយមាន​មន្ត្រី​ចូលរួម​សរុប ៦២១ នាក់ (​មន្ត្រី​ចរាចរណ៍ ៤០០​នាក់ មន្ត្រី​អធិការ​ខណ្ឌ​ទាំង​១៤ ចំនួន ១១២ នាក់ និង​មន្ត្រី​ការិយាល័យ​ជំនាញ ចំនួន ១០៩​នាក់​) ។​

​ក្នុងឱកាស​បិទ​ការផ្សព្វផ្សាយ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានផ្តល់​មតិ​ណែនាំ​ល្អៗ​ជាច្រើន​ដល់​មន្ត្រី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ ដើម្បី​យកទៅអនុវត្ត​ឲ្យ​បាន​រលូន និង​ទទួលបាន​ជោគជ័យ ៕​

ដោយ​៖​កូ​ឡាប​

spot_img
×