Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង​នាវា​អា​មេ​រិច បើក​នាវា​ពិឃាត ចូល​ដែនទឹក​ក្បែរ​ប្រជុំ​កោះ Paracel ដែល​ចិន​ទាមទារ​ចង់បាន​

spot_img

​កងទ័ពជើងទឹក​អា​មេ​រិច បាន​បើក​នាវា​ពិឃាត​ដែលមាន​បំពាក់​មី​ស៊ី​ល កាត់​ដែនទឹក​ក្បែរ​កោះ Paracel នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ការ​ទំ​ទាស់​ទៅនឹង​ចិន ដែល​ទាមទារ​យក​តំបន់​ទាំងនោះ​។ នេះ​បើតាម​កង​នាវា​អា​មេ​រិច និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​នាវា​ពិឃាត USS Barry បាន​អនុវត្ត​នូវ​អ្វីដែល​ហៅថា ប្រតិបត្តិការ​សេរីភាព​នៃ​ការធ្វើ​នាវាចរ នៅ​ថ្ងៃ​អង្គារ ត្រឹម ១​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពេល​ទីក្រុង​ប៉េកាំង បង្កើន​ការទាមទារ​របស់ខ្លួន​យក​តំបន់​ទាំងនោះ ដោយ​ធ្វើ​ការរៀបចំ​ប្រព័ន្ធ​រដ្ឋបាល​ផ្លូវការ សម្រាប់​កោះ​ទាំងនោះ​។​

​កង​នាវា​អា​មេ​រិច​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា សហរដ្ឋ​អា​មេ​រិច​បាន​ស្វែងរក​ការគាំទ្រ​សិទ្ធិ សេរីភាព និង​ភាពស្របច្បាប់ ក្នុងការ​ប្រើប្រាស​ដែនសមុទ្រ ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​។​

“​ការទាមទារ​គ្រប់គ្រង​ដែនទឹក​ដែល​មិន​ស្របច្បាប់ បាន​បង្ក​ការគំរាមកំហែង ដល់​សេរីភាព​លើ​សមុទ្រ ដូចជា​សេរីភាព​នៃ​ការធ្វើ​នាវាចរ និង​ការហោះ​លើ និង​សិទ្ធិ​នៃ​អ្នកដំណើរ​ទាំងអស់​លើក​ប៉ាល់​”​។​

​ការបើក​នាវា​ចូល​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង របស់​អា​មេ​រិច​កើតឡើង​ចំពេល​ភាព​តានតឹង រវាង​អា​មេ​រិច និង​ចិន​កំពុងតែ​កើនឡើង​ខ្លាំង ដោយសារតែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ដែល​វា​បានធ្វើ​ឲ្យ​អា​មេ​រិច​រងគ្រោះ​យ៉ាងខ្លាំង​។​

​អា​មេ​រិច​បដិសេធ​ការទាមទារ​គ្រប់គ្រង​របស់​ចិន លើ​តំបន់​យ៉ាងច្រើន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង រួមមាន​ការទាមទារ​គ្រប់គ្រង​ប្រជុំ​កោះ Paracels ដែល​តំបន់​នោះ​ក៏មាន​ការទាមទារ ពី​វៀតណាម និង​តៃវ៉ាន់​ផងដែរ​។​

​នៅក្នុង​សេចក្តីប្រកាស​របស់​កង​ទ័ព​រំដោះប្រជាជន​ចិន យោធា​ចិន​បាន​និយាយថា ខ្លួន​បានធ្វើការ​បម្លាស់​ទី ឧបករណ៍​ត្រួតពិនិត្យ​ដែនសមុទ្រ និង​អាកាស ដើម្បី​ចាប់ និង​ព្រមាន​ឲ្យ​នាវា​អា​មេ​រិច ចេញពី​ដែនទឹក​របស់ខ្លួន​។​

​កងទ័ព​រំដោះប្រជាជន​ចិន បាន​ចោទប្រកាន់​អា​មេ​រិច​ថា បានធ្វើ​សកម្មភាព​បង្ក​ហេតុដែល រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព និង​ផលប្រយោជន៍​ចិន​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន ចិន​បាន​ព្យាយាម​ជំរុញ​ការទាមទារ គ្រប់គ្រង​របស់ខ្លួន​លើ​ដែនទឹក នៅពេលដែល​ចិ​ច​ន​បានប្រកាសថា ប្រជុំ​កោះ Paracel និង Spratly និង​តំបន់​នៅ​ជុំវិញ​កោះ​នោះ នឹងត្រូវ​គ្រប់គ្រង​ដោយ​ស្រុក​ថ្មី ២​នៃ​ទីក្រុង Sansha៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×