Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​អ្នកបាញ់​ទៅ​តុលាការ ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ ពេល​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

​ភ្នំពេញ ៖ ក្រោម​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាប់បញ្ជូន​មន្ត្រីនគរបាល​ម្នាក់ ដែល​ជា​អ្នកបាញ់​ពេល​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នឹង​បញ្ជូន​ទៅ​តុលាការ​និង​វត្ថុតាង នៅ​ថ្ងៃ​ទី​២៣​មករា ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​នាយ​ឧត្តមសេនីយ៍​ស្នងការ បាន​ថ្លែង​ទៀតថា បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ធ្វើ​កោសល្យវិច្ច័យ​ទៅលើ​កាំភ្លើង​ចំនួន​៥​ដើម សំបក​គ្រាប់ និង​ក្បាល​គ្រាប់​នៅលើ​សាកសព​ជនរងគ្រោះ​នោះ យើង​បាន​រកឃើញ​មន្ត្រី​ម្នាក់ ដែល​ជា​អ្នកបាញ់ ហើយ​នៅ​ថ្ងៃស្អែក​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨​នេះ យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ពោល​បញ្ជូន​ទាំង​មនុស្ស និង​វត្ថុតាង​ទាំងអស់​។​

​ទោះ​យ៉ាងណា​លោក នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​បញ្ជា​ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចាត់​វិធានការ​ដោយ​ចាប់​បញ្ជូន​មន្ត្រីនគរបាល​ម្នាក់ ដែល​មាន​ការធ្វេសប្រហែស​បាញ់​បង្ក្រាប​នៅ​សង្វៀន​ជល់​មាន់​មួយកន្លែង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​បាន​បណ្តាលឲ្យ​ត្រូវ​បុរស​ម្នាក់​ស្លាប់​។ បើទោះបី​មន្ត្រីនគរបាល​ដែល​បាន​បាញ់ បាន​កើតឡើង​នៅ​ពេល​ចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង ហើយ​ទៅ​ចំ​ជនរងគ្រោះ​ស្លូតត្រង់​បណ្តាលឲ្យ​ស្លាប់​ដោយ​កំហុសអ​ចេតនា យ៉ាងណាក៏ដោយ តែ​សម្រាប់​ការអនុវត្ត​ច្បាប់​ត្រូវតែ​ធ្វើ​ឡើង ដើម្បី​ជា​ការព្រមាន ក៏​ដូច​ជា​សារ​មួយ​ប្រាប់​ទៅ​គ្រប់​សមត្ថកិច្ច​ផ្សេង​ទៀត​ថា នៅ​ពេល​ចុះ​បំពេញ​បេសកកម្ម​ការងា​រ និង​ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស ត្រូវ​ប្រើប្រាស់​កាំភ្លើង​ដោយ​មាន​ប្រុងប្រយ័ត្ន មិន​ត្រូវ​ធ្វេសប្រហែស​នាំ​ឲ្យ​រង​គ្រោះថ្នាក់​ដល់​ជនស្លូតត្រង់​នោះឡើយ ដូច​ករណី​នេះ​ជា​ឧទាហរណ៍​ស្រាប់​។​

​បើ​តាម​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ តាមរយៈ​ការស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច្ច័យ​រួចមក ក៏​បាន​រកឃើញថា ក្បាល​គ្រាប់​នៅ​លើ​សព​ជនរងគ្រោះ​មាន​សភាព​បែក និង​កា​ពិត មានន័យ​ថា ពេល​បាញ់​នោះ​គ្រាប់​បាន​ទៅបុក​ជញ្ជាំង​ថ្ម ហើយ​ក៏​ផ្លាត​ទៅ​ចំ​ជនរងគ្រោះ​បណ្តាលឲ្យ​ស្លាប់​តែម្តង ខណៈ​ជនរងគ្រោះ​កំពុងតែ​ឈរ​កាន់​បង្កាប់ដៃប​ន្ទ​ប់​ឈរ​ពី​លើ​មើល សមត្ថកិច្ច​បង្ក្រាប​ល្បែង​ជល់​មាន់​។ មន្ត្រីនគរបាល​ដែល​មាន​កំហុស​ដោយ​អ​ចេតនា​រូបនេះ ជា​មន្ត្រី​នគរបាល​ផ្នែក​សន្តិសុខ នៃ​អធិកា​រដ្ឋា​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សូមបញ្ជាក់​ថា វេលា​ម៉ោង​ជាង​១១ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ដី​ឡូតិ៍ ខាងក្រោយ​ផ្សារ​កា​ណា​ស៊ី​ធី ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង​ដ៏​ធំ​មួយ រហូត​មាន​ការផ្ទុះអាវុធ ដោយសារ​ខ្លាច​ក្រុម​ចូល​លេង​ល្បែង​ជល់​មាន់​តដៃ ហើយ​ក៏​រាលកៃ បណ្ដាលឱ្យ​ត្រូវ​បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់ ខណៈ​កំពុង​អឺត​មើល​នៅលើ​ផ្ទះ​ជួល​ជា​ន់ទី​៣ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​លើ​ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ក្បែរ​ផ្សារ​កា​ណា​ស៊ី​ធី មាន​ស្រុកកំណើត​នៅ ខេត្ត​កំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ ណុប ផានី អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​សែន​អោក ឃុំ​គុស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ណុប ផានី បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​មក​ពី​ហូប​កាហ្វេ ហើយ​បាន​ឡើងទៅ​បន្ទប់​ជួល​របស់​គាត់​។ ពេល​នោះ​ប្តី​របស់​គាត់ បាន​អឺត​មើល​គេ​ជល់​មាន់ ស្របពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប ក៏​បាន​បាញ់​ឡើង​ទៅលើ​ជា​ច្រើន​គ្រាប់ ក៏​បណ្ដាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ចំ បំពង់​ក​មួយ​កន្លែង និង​ដៃស្ដាំ​មួយកន្លែង ហើយ​ប្រពន្ធ​ជនរងគ្រោះ បាន​ហៅ​រថយន្ដ​ពេទ្យ សម្ព​ព​អង្គរ ដឹក​ជនរងគ្រោះ​បាន​ប្រហែលជា​៥​នាទី ជនរងគ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅក្នុង​រថយន្ត​តែ​ម្ដង​។​

​នាយ​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​អះអាង​ផងដែរ​ថា ករណី​នេះ​បាន​កើតឡើង​នៅក្នុង​រង្វង់​ប្រតិបត្តិការ​ការងារ ចុះ​បង្ក្រាប​បទល្មើស ប៉ុន្តែ​នេះ​មក​ពី​ការធ្វើ​ប្រហែស​របស់​មន្ត្រីនគរបាល​ដែល​អនុវត្ត​ច្បាប់ បណ្តាលឲ្យ​រងគ្រោះ​ដល់​ជនស្លូតត្រង់ ដូច្នេះ​ត្រូវតែ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ហើយ​ការសម្រេច​យ៉ាងណា​លើ​អង្គហេតុ និង​អង្គច្បាប់​នោះ គឺ​វា​អាស្រ័យ​លើ​តុលាការ​តែ​ប៉ុណ្ណោះ​។​

​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ នាំយក​ថវិកា​ទៅ​ប្រគល់ជូន និង​បាន​ចូលរួម​ពិធី​បុណ្យសព​ជនរងគ្រោះ ដោយផ្ទាល់​និង​បាន​ផ្តាំផ្ញើ​ការចូលរួម​រំលែក​ទុក្ខ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​ស្នងការ ចំពោះ​ការបាត់បង់​ជីវិត​ជនរងគ្រោះ នៅក្នុង​ហេតុការណ៍​អ​ចេតនា​មួយ​នេះ​។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបញ្ជាក់​ថា មុនដំបូង​កម្លាំង​នគរបាល​របស់​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ទៅ​បង្ក្រាប​ករណី​គ្រឿងញៀន​មួយកន្លែង ពេលនោះ​ក៏​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​គ្រឿងញៀន​២​ទីតាំង​ទៀត នៅ​ផ្តុំផ្សារ​កាណា​ស៊ីធី ហើយ​កម្លាំង​ក៏​បុក​ទៅ ក៏​ស្រាប់តែ​ឃើញ​មាន​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង​ដ៏​ធំ​មួយ​។​ដោយ​សារ​ជា​បទល្មើស​ជាក់ស្តែង កម្លាំង​នគរបាល​របស់​លោក ក៏​ចុះទៅ​បង្ក្រាប​តែម្តង ប៉ុន្តែ​ដោយសារ​មាន​អ្នកលេង​ល្បែង​ជល់​មាន់​ខ្លះ បាន​រត់​មក​តដៃ​ជាមួយ​នគរបាល​បណ្តាលឲ្យ​រងរ​បួស​ខ្លះ​ដែរ រហូត​ដួល​ជ្រុះ​កាំភ្លើង ហើយ​ខ្លាច​អ្នកលេង​ល្បែង​ជល់​មាន់ ដណ្តើម​កាំភ្លើង កម្លាំង​ផ្សេងទៀត ក៏​បាន​បាញ់​ឡើង​លើ​តែម្តង​។​

​លោក​បន្ត​ទៀត​ថា ពេល​បាញ់​ឡើង​លើ​នោះ​ស្រាប់តែ​គ្រាប់កាំភ្លើង​រត់​ទៅ​បុក​បង្កាន់ដៃប​ន្ទ​ប់ជួលរបស់​ជនរង​គ្រោះ ហើយ​ក៏​ផ្លាត​ទៅ​ចំ​ជនរងគ្រោះ ខណៈ​កំពុង​អឺត​មើល​ការបង្ក្រាប​នេះ បណ្តាលឲ្យ​ស្លាប់ ពេល​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។
​ជនរងគ្រោះ​បាន​ស្លាប់​ទៅ​បន្សល់​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​នៅ​មេម៉ាយ និង​កូនប្រុស​ស្រី​តូចៗ​២​នាក់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×