Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើ​ក្រសួង​សេដ្ឋកិច្ច មាន​វិធាន​សម្រាប់​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ស្រូវ​អង្ករ​

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី “​ស្ថានភាព​អាជីវកម្ម​នាពេល​បច្ចុប្បន្ន និង វិធានការ​ចាំបាច់​នានា​” ក្នុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​វិស័យ​ឯកជន​កំពុង​ជួបប្រទះ ក្នុង​វិស័យ​សំខាន់ៗ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​លើក​អំពី​វឌ្ឍនភាព នៃ​ការនាំចេញ​អង្ករ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២០ និង​សំណូមពរ​ដែលជា​វិធាន​សម្រាប់​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ស្រូវ​អង្ករ​។​

​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ បាន​សំណូមពរ​ដែលជា​វិធាន​សម្រាប់​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ស្រូវ​អង្ករ​រួមមាន​៖

​ក​- អនុញ្ញាតឱ្យ​នាំចេញ​អង្ក​រស​ឡើងវិញ ឱ្យបាន​ឆាប់​បំផុត ដើម្បីឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​អាច​ជម្រះ​សន្និធិ​ស្តុក​ចាស់ និង​សង​កិច្ចសន្យា​ដែល​ជំពាក់​អតិថិជន ដែល​ជំពាក់​មុន​បំរាម​ហាម​នាំចេញ​អង្ក​រស​មួយរយៈ ហើយ​បង្វិលដើម​សង​ធនាគារ និង ត្រៀម​ទិញស្រូវ​នា​រដូវ​ប្រមូល​ផល ក្នុង​ដើមខែ​៧ ។​

​ខ​- ត្រៀម​ថវិកា​បន្ថែម ប្រមាណ​ជា ៣០​លាន​ដុល្លារ​អាមេរិក បន្ថែម​លើ​ថវិកា​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​ដែលមាន​ស្រាប់ រួមជាមួយ​ថវិកា​របស់ វិស័យ​ឯកជន ដែលមាន និង ធនាគារពាណិជ្ជ​ផ្សេងៗ សរុប​ប្រមាណ​ជា ២០០​លាន​ដុល្លារ​អាមេរិក ដែល​អាច​ទិញស្រូវ​ប្រមាណ​ជា ៨០​ម៉ឺន​តោន​។ សមត្ថភាព​ឃ្លាំង ស្តុក​ស្រូវ របស់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​គឺ អាចមាន​លទ្ធភាព​ស្តុក​ក្នុង​មួយគ្រា ១,៩​លាន​តោន ហើយ​សមត្ថភាព​ស​ម្ងួ​ត​ប្រមាណ​ជា ៤,៥​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ​។

​គ​- ដោយ​ស្ថានការណ៍​កូ​វីដ​១៩ អនុផល​ចេញពី​អង្ករ​មួយចំនួន​ត្រូវបាន​រាំងស្ទះ ដូចជា​កន្ទក់ ក​ញ្ចុ​ង​អង្ករ​…​ជាដើម​មិន​ត្រូវបាន​នាំចេញ សូម​ស្នើ​ដល់​រដ្ឋាភិបាល ផ្តល់​ការលើកលែង​លើ​ពន្ធ​កាត់​ទុក​លើ​ការដឹកជញ្ជូន​ស្រូវ និង​អង្ករ​ទាំងស្រុង ជាពិសេស​ពន្ធ​កាត់​ទុក​លើ​ការជួល​ឃ្លាំង និង​ការដឹកជញ្ជូន​ដោយ​រថយន្ត​ឯកជន ព្រោះ​កន្លង​មកជា​បន្ទុក​រោង​ម៉ាស៊ីនកិនស្រូវ​។

​ឃ​- ផ្តល់​លទ្ធភាព ឬ ជា​គោលនយោបាយ​ពិសេស​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ក្នុងការ​បំពាក់​ថាមពល​ករ​កើត​ឡើងវិញ​ដូចជា​សូ​ឡា ដែល​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតកម្ម កិន​កែច្នៃ​អង្ករ ស​ម្ងួ​ត​ស្រូវ កាន់តែ​មាន​ភាព​ប្រកួតប្រជែង ព្រោះថា គោលនយោបាយ​អគ្គិសនី​នាពេល​បច្ចុប្បន្ន មិនបាន​លើកទឹកចិត្ត​ដល់​រោង​ម៉ាស៊ីន​នីមួយៗ​ភ្ជាប់ ឬ​វិនិយោគ​លើ​ថាមពល​ប្រភេទ​នេះឡើយ គឺ​តម្រូវឱ្យ​ចំណាយ​អានុភាព បូក​និង​ចំណាយ​ថាមពល ផងដែរ បើសិន​មានភ្ជាប់ ឬ​វិនិយោគ​លើ​សូ​ឡាន​សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​។ ការធ្វើឱ្យ​ថ្លៃដើម​ទាប​គឺ​បង្កើន​ភាព​ប្រកួតប្រជែង​ជាពិសេស​អង្ករ ស ដែលមាន​លទ្ធភាព និង​សក្តានុពល​ដាំ​ដុះ​ខ្ពស់ និង​ច្រើនដង​។

​ង​- ការជំរុញ និង​ការវិនិយោគ​ជាមួយ​សហ​គម​ន៍​កសិករ តាមរយៈ​យន្តការ​កិច្ចសន្យា​កសិកម្ម ភាពជា​ដៃគូ​រវាង​រដ្ឋ វិស័យ​ឯកជន និង​កសិករ (PPPP-Public Private and Producer Partnership)​។​

​សូមបញ្ជាក់ថា នា​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ៩:០០​នាទី​ព្រឹក នៅ​បន្ទប់​ប្រជុំ​ធំ​នៃ​អាគារ “​ឃ​” នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី “​ស្ថានភាព​អាជីវកម្ម​នាពេល​បច្ចុប្បន្ន និង វិធានការ​ចាំបាច់​នានា​” ។

​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​ដែល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ដោយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មាន​វត្តមាន​ឯកឧត្តម​រដ្ឋលេខាធិកា​រ​សំខាន់ៗ​មួយចំនួន​។ នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ក៏មាន​វត្តមាន​ចូលរួម​ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ព្រមទាំង​ធុរជន​សំខាន់ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ចំនួន​ផងដែរ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​ផ្នែក​ឯកជន​ដែលជា​ធុរជន​កំពុង​ធ្វើ​ធុរកិច្ច ឬ​ប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ជា​ធាតុ​ចូល ក៏ដូចជា​វិស័យ​ឯកជន​កំពុង​ជួបប្រទះ​ក្នុង​វិស័យ​សំខាន់ៗ​របស់ខ្លួន ជូន​ដល់​ផ្នែក​រដ្ឋាភិបាល ស្វែងយល់​បន្ថែម​នូវ​បញ្ហា​ប្រឈម​ជាក់ស្តែង​ពី ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​រួមគ្នា​ធ្វើយ៉ាងណា​ពិគ្រោះ​យោបល់​លើ​វិធានការ​ដោះស្រាយ​បញ្ហា​ចំពោះមុខ ក៏ដូចជា​វិធានការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ សាបរលាប​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ផ្តោត​សំខាន់​លើ​ប្រធានបទ​ដូចខាងក្រោម​៖

១. វិធាន​ការដែល​រាជរដ្ឋាភិបាល​គួរ​ដាក់ចេញ​ក្នុង​ការស្តារ​សេដ្ឋកិច្ច និង​ជំរុញ​កំណើន។

២. លទ្ធភាព​នៃ​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​ដោះស្រាយ​បញ្ហា​ចំពោះមុខ ក៏ដូចជា​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច។

​បន្ទាប់ពី​បានធ្វើការ​ពិគ្រោះ​យោបល់ និង​ការលើកឡើង​របស់​ធុរជន​សំខាន់ៗ​ពី​វិស័យ​ឯកជន​រួចមក ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​វាយតម្លៃ​ខ្ពស់ ថ្លែង​អំណរ​អរគុណ​ចំពោះ​វិស័យ​ឯកជន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នា​ព្រឹក​នេះ ហើយ​បានផ្តល់​ជា​ធាតុ​ចូល យោបល់​ល្អ​សំខាន់ៗ ប្រហាក់ប្រហែល​នឹង​រាជរដ្ឋាភិបាល​កំពុង​គិតគូរ​ផងដែរ ហើយ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​វិធានការ​បន្ថែមទៀត សម្រាប់​ដោះស្រាយ​ចំពោះ​ផលប៉ះពាល់​ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​រួមមាន ១. វិស័យ​ស្រូវ​អង្ករ ២. វិស័យ​កាត់ដេរ ៣. វិស័យ​ធនាគារ ៤. វិស័យ​ទេសចរណ៍ និង ៥. វិស័យ​ផ្សេងៗ​ទៀត​ដែល​នឹងរង​ផលប៉ះពាល់​ផងដែរ ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×