Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន​ ៖ កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវ​ចិន​ច្រើន​ឡើងវិញ ក្រោយ​អស់​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​ ៖ កម្ពុជា​រំពឹងទុក​ថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​ច្រើន​មុនគេ នៅពេលណា​ដែល​ពិភពលោក​កម្ចាត់​ជំងឺ​កូ​វី​១៩​ចេញ​បាន ខណៈ​ទីផ្សារ​ទេសចរ​ចិន​ជាទី​ផ្សារ​ធំ​មួយ សម្រាប់​កម្ពុជា ហើយ​កម្ពុជា​ក៏​កំពុង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​ផងដែរ​។​

​នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ជុំវិញ​ការរក​ដំណោះស្រាយ​លើ​ផលប៉ះពាល់​វិស័យ​ទេសចរណ៍​នា​សម័យ​កូ​វីដ​១៩ នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ទីផ្សារ​ទេសចរ​ចិន​ជាទី​ផ្សារ​ធំ​មួយ ដែល​នឹង​ងើប​ឡើងវិញ​មុនគេ​នូវ​នៅតាម​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយចំនួន (​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​)​។​
​ឯកឧត្ដម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ ៖

«​នៅពេល​រដ្ឋាភិបាល​ចិន​អនុញ្ញាតឱ្យ​ប្រជាជន​របស់ខ្លួន​អាច​ដើរចេញ​ក្រៅ ឬ​បើក​ឱ្យមាន​ការហោះហើរ​ចេញ​ក្រៅប្រទេស​ឡើងវិញ យើង​គិតថា​អាច​នឹងមាន​លំហូរ​ទេសចរ​ចិន​មុនគេ​មក​កម្ពុជា​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ទៅគ្រប់​ផ្នែក​ជំនាញ​របស់​ក្រសួងទេសចរណ៍ ត្រូវ​ជំរុញ​ការត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ចិន​ឡើងវិញ ដោយ​អនុលោម​តាម​សៀវភៅ​ស «China Ready» និង​ត្រូវ​ជំ​រុញឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​បន្ថែម​នូវ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាដាច់ខាត​។​

​ពិសេស​លើសពីនេះ នៅពេល​ក្រសួង​​ទេសចរណ៍​សម្រេចបាន​ស្ដង់ដា​ថ្មី​សម្រាប់​អាជីវកម្ម​ទេសចរ​ណ៍ហើយ​នោះ អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវតែ​អនុវត្តតាម​ស្ដង់ដា​ថ្មី​នេះ​ជា​កំហិត ដើម្បី​បង្ការ​ការពារ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

តែ​ទោះជា​យ៉ាងណា នៅ​ចំពោះមុខ​នេះ កម្ពុជា​នឹង​ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​ជាមុនសិន ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​មាន​ភាពល្អប្រសើ​រ​បណ្ដើរៗ​ឡើងវិញ ជាមួយនឹង​ការ​កំហិត​ឱ្យ​មានការ​អនុវត្តតាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​៕

​ដោយ​៖​កូ​ឡាប​

spot_img
×