Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិប​អ្នកកាសែត​កម្ពុជា អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​រួមគ្នា​ការពារ និង​លើកស្ទួយ សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា តាមរយៈ​ការគោរព ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ

spot_img

​ភ្នំពេញ​៖ នាឱកាស​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា ក្លិប​អ្នកកាសែត​កម្ពុជា​សូម​ចូលរួម​អបអរ​ទិវា ដ៏​មានតម្លៃ សម្រាប់​អ្នកសារព័ត៌មាន​ខ្មែរ និង​ពិភពលោក ជាពិសេស​ក្នុង​បរិបទ​នៃ​ការឆ្លង​រាតត្បាត​នៃ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​អ្នកកាសែត ក៏​កំពុង​ប្រឈម​ខ្លាំង នៅក្នុង​បេសកកម្ម​ការងារ​របស់​ពួកគេ​។ ក្លិប​អ្នកកាសែត​កម្ពុជា សង្កេតឃើញ​ដែរ​ថា កង្វះខាត​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​មួយចំនួន នៅតែ​ជា​ចំណោទ​ដ៏​ធំ​មួយ ដែល​បង្ក​ផលប៉ះពាល់ ដល់​តម្លៃ​សារព័ត៌​មាននៅ​កម្ពុជា ក៏ដូចជា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣​ឧសភា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ក្លិប​អ្នកកាសែត​កម្ពុជា សូម​ចូលរួម​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន ៣ ឧសភា ជាមួយ​អ្នកសារព័ត៌មាន នៅ​ជុំវិញ​ពិភពលោក​ដើម្បី​គាំទ្រ និង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដែលជា​សេរីភាព ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុងសង្គម​ប្រជាធិបតេយ្យ​។​

​ក្លិប​អ្នកកាសែត​កម្ពុជា សូម​សម្តែង​ការកោតសរសើរ ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ ទោះបីជា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក នៃ​ការ​រាតត្បាត​របស់​ជំងឺ Covid-19 ក៏ដោយ ក៏​អ្នកសារព័ត៌មាន នៅតែ​ពុះពារ​គ្រប់បែបយ៉ាង ដោយ​ជម្នះ​គ្រប់​ឧបសគ្គ ក្នុង​បុព្វហេតុ​រាយការណ៍​ព័ត៌មាន​ពិត ជូន​ប្រជាពលរដ្ឋ​។ ក្លិប​អ្នកកាសែត​កម្ពុជា​សង្កេត​ឃើញថា សារព័ត៌​មានបាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​សារ​អប់រំ​នានា​ស្តីពី Covid-19 ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ក្លិប​អ្នកកាសែត​កម្ពុជា សូម​កោតសរសើរ ដល់​ក្រសួងសុខាភិបាល និង​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នកសារព័ត៌មាន ក្នុងការ​ទទួលបាន​ព័ត៌មាន កាន់តែ​ទូលំទូលាយ តាមរយៈ​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន ជា​រៀងរាល់ថ្ងៃ និង​ការរៀបចំ​សន្និសីទកាសែត​ជា​ទៀងទាត់ រៀងរាល់​សប្តាហ៍ ដើម្បី​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ Covid-19 ក៏ដូចជា​បង្ហាញ​ពី​ការវិវឌ្ឍ​ថ្មីៗ របស់​ក្រសួង ឬ​ស្ថាប័ន​នីមួយៗ ឲ្យ​អ្នកសារព័ត៌មាន​ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ​បាន​ជ្រាប​។ លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ធ្វើ​សន្និសីទកាសែត ដោយផ្ទាល់​ជាច្រើនលើក ដើម្បី​ផ្តល់ព័ត៌មាន ដល់​ពលរដ្ឋ​អំពី​កិច្ចការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ Covid-19 និង​ដោយ​បើក​ឲ្យ​អ្នកសារព័ត៌មាន ចោទ​សំណួរ​ដោយ​សេរី​។ ក្លិប​អ្នកកាសែត​កម្ពុជា​យល់ឃើញ​ថា នេះ​ជាស​ញ្ញា​វិជ្ជមាន​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត ដែល​បាន​បើក​លំហរ​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​ក្លិប​អ្នកកាសែត​កម្ពុជា សង្កេតឃើញ​ដោយ​មោទនភាព​ថា វិស័យ​សារព័ត៌​មាននៅ​កម្ពុជា បាននិងកំពុង​រីកដុះដាល គួរ​ឲ្យ​កត់សម្គាល់ ទាំង​សារព័ត៌មាន​បែប​ប្រពៃណី ( កាសែត វិទ្យុ និង​ទូរទស្សន៍​) និង​សារព័ត៌មាន​បែប​ថ្មី ( អន​ឡាញ​) ដែល​បានផ្តល់​ជម្រើស​កាន់តែ​ងាយស្រួល និង​សម្បូរបែប​ដល់​ប្រជាពលរដ្ឋ​។

​ទន្ទឹមនឹងនោះ ក្លិប​អ្នកកាសែត​កម្ពុជា ក៏​សង្កេតឃើញ​ដែរ​ថា កង្វះខាត​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​មួយចំនួន នៅតែ​ជា​ចំណោទ​ដ៏​ធំ​មួយ ដែល​បង្ក​ផលប៉ះពាល់ ដល់​តម្លៃ​សារព័ត៌​មាននៅ​កម្ពុជា ក៏ដូចជា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​។ ស្របពេល​ជាមួយគ្នា​នោះ ចំណាត់ការ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​មកលើ​អ្នកសារព័ត៌មាន ដែល​រង​ការ​ចោទថា បាន​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ នោះ​ពេលខ្លះ​នៅ​មិនទាន់​សមស្រប​តាមច្បាប់ ស្តីពី​របប​សារព័ត៌មាន​នៅឡើយ​។

​ក្នុងន័យនេះ ក្លិប​អ្នកកាសែត​កម្ពុជា សូម​អំពាវនាវ​ដល់​អ្ន​ក​សារព័ត៌មាន​ទាំងអស់​ត្រូវ​រួមគ្នា​ការពារ និង​លើកស្ទួយ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា តាមរយៈ​ការគោរព ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដែលជា​តម្លៃ​មិនអាច​ខ្វះ​បាន របស់​អ្នកសារព័ត៌មាន និង​ត្រូវ​រួមគ្នា​ការពារ​វិជ្ជាជីវៈ​របស់​ខ្លួន​ពី​ការ​បំពារបំពាន​គ្រប់​រូបភាព​។ ទន្ទឹមនឹងនេះ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច តុលាការ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត សូម​គោរព​និង​ផ្តល់​តម្លៃ​ដល់​អ្នកសារព័ត៌មាន និង​សូម​រួមគ្នា​អនុវត្តន៍​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ក្លិប​អ្នកកាសែត​កម្ពុជា សូម​ជូនពរ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ សូម​រីករាយ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា និង​សូម​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ស្វែងរក​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ ជាពិសេស​សូម​រួច​ផុតពី​ជំងឺ Covid-19 ៕​ដោយ កូ​ឡាប ​

spot_img
×