Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​រដូវ​បិទ​នេសាទ ជលផល​អំពាវនាវ ឲ្យ​មានការ​ចូលរួម​ទប់ស្កាត់ បទល្មើស​នេសាទ​

spot_img

ស្ទឹងត្រែង ៖ ទន្លេមេគង្គ​លើ​ចាប់ផ្តើម​សម្បូរ​ត្រី បាន​ផ្លាស់​ទី​ទៅរក​កន្លែង​ពង​កូន​បន្ត​ពូជ តាម​ធម្មជាតិ ខុសពី​បឹង​ទន្លេសាប ទើប​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ឲ​បិទ​នេសាទ នៅ​ខេត្តស្ទឹងត្រែង ចាប់ពី​ថ្ងៃទី​១ ខែឧសភា​នេះ​ទៅ​។​

​នៅពេល​បិទ​ការនេសាទ ដើម្បី​អភិរក្ស​ធនធាន​ជីវចម្រុះ និង​មច្ឆជាតិ​ទន្លេមេគង្គ​លើ ឱ្យ​សម្បូរបែប​ឡើងវិញ រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ឲ្យ​ប្រជា​សហគមន៍​ទាំង ៥០​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ជលផល​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​លោក ឃុន សាវឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​មានប្រសាសន៍ថា ធនធាន​មច្ឆជាតិ​ទាំងនេះ នៅ​គង់វង្ស ឬ​បាត់បង់​ទៅ​គឺ​អាស្រ័យ​លើ ប្រជា​សហគមន៍​នេសាទ​ទាំង​៥០ ដែល​ក្រសួងកសិកម្ម​និង​រដ្ឋបាល​ជលផល​បានផ្តល់​សេចក្តីទុកចិត្ត បង្កើតឱ្យមាន​សហគម​ន៍ ដើម្បី​គ្រប់គ្រង​ថែរក្សា​។

​លោក ទុំ​នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត បាន​បញ្ជាក់ថា ប្រជា​អ្នកនេសាទ​ទាំងអស់​ត្រូវមាន​ឆន្ទៈ ស្រឡាញ់​ធនធាន​ជីវចម្រុះ​ដែលមាន នៅតាម​ដង​ទ​ន្ល​មេគង្គ ជាពិសេស​នៅ​រដូវ​បិទ​នេសាទ នេះ​ចៀសវាង​កុំ​ប្រើប្រាស់ ឧបករណ៍​នេសាទ ណា ដែល​ច្បាប់​ហាមឃាត់​។​

​ប្រធាន​ជលផល​ខេត្តស្ទឹងត្រែង បញ្ជាក់ថា បញ្ហា​នេះ ភាគី​ពាក់ព័ន្ធ​ត្រូវ ជួយ​ទប់ស្កាត់​នៅ​សកម្មភាព​បទល្មើស​នេសាទ​ផ្សេងៗ ។ មន្ត្រីជលផល បាន​ប្រើ​វិធីសាស្ត្រ​អប់រំ​គ្រប់​រូបភាព នៅតាម​ភូមិ​ស្រុក​ហើយ និង​មានពេលខ្លះ​ក៏បាន​ដកហូត នូវ​ឧបករណ៍​ឆក់ និង​មានការ​ឃាត់ខ្លួន​ជនសង្ស័យ យកមក​អនុវត្តតាម​ផ្លូវច្បាប់ ក៏ប៉ុន្ដែ​តំបន់​ខ្លះ​នៅតែ​កើតមាន​ដដែល​។​

​លោក មុំ ណា​ង ប្រធាន​សហគមន៍​នេសាទ​ស្តៅ​១ នៅ​ឃុំ​ស្តៅ ស្រុក​សេសា​ន បាន​បញ្ជាក់ថា អ្នកនេសាទ ភាគច្រើន បាន​យល់ដឹង​ពី​ច្បាប់​ជលផល តែ​ក៏​នៅមាន​ជនខិលខូច​មួយចំនួន នៅតែ​លួចលាក់​ធ្វើ​សកម្មភាព នេសាទ​ខុសច្បាប់ ដូចជា​ឆក់ ក្តៅ​- និង​ឆក់​ត្រជាក់​- គប់​គ្រាប់​- និង លួច​ដាក់មង ក្នុង​អន្លង់​អភិរក្ស​ជាដើម​។​

​រាល់​សកម្មភាព​បទល្មើស​ខ្លះ ប្រជា​សហគមន៍ មិនអាច​បង្ក្រាប​បានទេ គឺ​បានត្រឹមតែ​រាយការណ៍​ជូន​អាជ្ញាធរ​តែប៉ុណ្ណោះ ហើយ​ផ្នែក មន្ត្រី​ជំនាញ​ជលផល​ក៏បាន​ចុះបង្ក្រាប​ជារឿយៗ​ដែរ តែ​ធ្វើ​មិន​ឈ្នះ គួបផ្សំ​សមត្ថកិច្ច ខ្វះ​មធ្យោបាយ​ផង ធ្វើ​ឲ្យ​បទល្មើស​នៅតែមាន ជាពិសេស នៅពេល​យប់​នៅតាម​ភូមិសាស្ត្រ​ស្មុគស្មាញ​។​

​ជុំវិញ​ការបិទ​រដូវ​នេសាទ​នេះ លោក​អនុសេនីយ៍ឯក អុំ សុ​គុណ នាយប៉ុស្ដិ៍​សៀម​បូក លើកឡើងថា សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវមាន​ឆន្ទៈ​ស្មោះត្រង់ ក្នុងការ​ចុះបង្ក្រាប​នៅ​រាល់​សកម្មភាព​បទល្មើស​នេសាទ កុំ​ចុះទៅ​ធ្វើការ​បង្ក្រាប ហើយ​ឃើញ​ក្រុម​បទល្មើស ហើយ​ញ៉ាក់​ឆ្វេង ញ៉ាក់​ស្ដាំ ស៊ីញ៉ូ​នេះ ស៊ីញ៉ូ​នោះ ធ្វើ​ឲ្យ​អ្នកប្រព្រឹត្ត​បទល្មើស​បានចិត្ត មិន​ខ្លាច​សមត្ថកិច្ច ចំណុច​នេះហើយ​ដែល​បង្ក្រាប​មិនចេះ​អស់​។​

​សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ចាប់​បិទ​នេសាទ ពីថ្ងៃ​ទី​១​ឧស​ភាព ហើយ​មាន​អន្លង់​អភិរក្ស ចំនួន​៦០ ជា​សំបុក​ត្រី​ពង​កូន ជាពិសេស​ត្រី​ប៉ា​ស៊ី​អី​។ គេ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ ជា​លក្ខណៈ​គ្រួសារ​ប្រពៃណី​ប៉ុណ្ណោះ​៕ ដោយ ៖ សុខុម​

spot_img
×