Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ដល់​ច្រមុះ ៖ ប្រជាពលរដ្ឋ សម្រុក​ទៅ​ពន្យារ​ប័ណ្ណបើកបរ ឬ​ប្តូរ​ប័ណ្ណបើកបរ​ថ្មី និង​យក​រថយន្ត​ទៅ​ឆៀក​

spot_img

​ភ្នំពេញ​៖ ក្នុងពេលដែល​សមត្ថកិច្ច​ចាប់ផ្ដើម​អនុវត្ត​ការផាកពិន័យ​ធ្ងន់ធ្ងរ ចំពោះ​បទល្មើស​ចរាចរណ៍ ប្រជាពលរដ្ឋ​ជាច្រើន​មកពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា បាន​សម្រុក​ទៅ​ពន្យារ​ប័ណ្ណបើកបរ ឬ​ប្តូរ​ប័ណ្ណបើកបរ​ថ្មី និង​យក​រថយន្ត​របស់​ពួកគេ​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​ឆៀក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងខែ​មេសា​នេះ​។​

​ក្រុម​ពលរដ្ឋ​ទាំងនោះ បាន​ប្រាប់ថា ពួកគេ​ព្រួយបារម្ភ​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ ពួកគេ​បាន​ឈរ​រង់ចាំ ពីគ្នា​យ៉ាងតិច ១​ម៉ែត្រ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​

​ចំណែក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​លើកឡើងថា សូម​កោត​ស​សើរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅធ្វើ​ប័ណ្ណបើកបរ​យ៉ាងច្រើន​កុះករ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ និង​ទី​២ ដោយ​រក្សា​គម្លាត និង​អនាម័យ ដើម្បី​ចូលរួម​ការពារ​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​បាន​យ៉ាង​ល្អ សម្រាប់​នៅ​ថ្ងៃទី​១ ខែឧសភា​នេះ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាបថា មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ បាន​ផ្លាស់ប្តូរ​ម៉ោង​ធ្វើការ ទៅ​០៩:០០ ព្រឹក ដល់​ម៉ោង ០៨:០០​យប់ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ ដោយយោង​ការផ្លាស់ប្តូរ​គោលការណ៍​ផ្សារ​ទំនើប​អ៊ី​អន​១​។​

​ចំណែកឯ​មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត​ផ្សារ​ទំនើប​អ៊ី​អន​២ គឺ​ធ្វើ​ការងារ​ធម្ម​តាច​ពី​ម៉ោង​០៩:០០ ព្រឹក ដល់​ម៉ោង ១០:០០​យប់ ។ មណ្ឌល​ទាំងពីរ​នេះ បន្ត​ការផ្តល់សេវា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​។​

​ទន្ទឹមនឹង​នេះដែរ ក្រសួង​សូម​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​គោរព​អនុវត្តតាម​ការណែនាំ ក្នុងការ​រក្សា​គម្លាត គោលការណ៍​អនាម័យ និង​ពាក់​ម៉ាស​ត្រឹមត្រូវ តាម​ការចាំបាច់ ពេល​មក​ទទួល​សេវា​ប្រឡង ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ នៅ​អ៊ី​អន​ទី​១ និង​ទី​២​។​

​សូម​បន្ត​ចូលរួម​ប្រកាន់​ភ្ជាប់​គោលការណ៍ តាម​ការណែនាំ​ខាងលើ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​នៅ​មណ្ឌល​ផ្ដល់​ប័ណ្ណបើកបរ ទាំង​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ចូលរួម​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​ពាក់​ម៉ាស​ទាំងអស់គ្នា ដើម្បី​ការពារ​ជំងឺ COVID-19 ក្រោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​មានការ​សម្របសម្រួល ពី​មន្ត្រី​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច ប្រចាំការ​នៅ​ទីតាំង មណ្ឌល​ផ្ដល់​ប័ណ្ណបើកបរ​។​

​ជាការ​កត់សម្គាល់ កាលពី​ប៉ុន្មាន​ថ្ងៃមុន គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​នៅ​មណ្ឌល​ផ្ដល់​ប័ណ្ណបើកបរ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១-២ ហាក់​មានការ​ធ្វេសប្រហែស​ភ្លេច​ការពារ សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​ពួកគាត់​មិនបាន​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​មិនបាន​ចូលរួម​ពាក់​ម៉ាស​ការពារ​ត្រឹមត្រូវ តាម​អ្វីដែល​ជាការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះឡើយ​។​

​ក្រោយ​ឃើញ​សកម្មភាព​បែបនេះ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​អនុវត្ដ​គម្លាត​សុវត្ថិភាព​សង្គម និង និង​គម្លាត​សុវត្ថិភាព​សង្គម​ដើម្បី​ចូលរួម​ការពារ​ជំងឺ​កូ​វីដ​-១៩​។​

​កញ្ញា ម៉ែន ច័ន្ទ​សុ​កុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ក្រោយ​ឃើញ​ស្ថានភាព​បែ​នេះ ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ មន្ដ្រី​របស់​យើង សហការ​ជាមួយ​សមត្ថកិច្ច ដែល​ទទួលបន្ទុក​រៀប​ចំ​នៅ​មណ្ឌល​ផ្ដល់​ប័ណ្ណបើកបរ បានរៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ ដោយមាន​គូស​ជា​គំនូស​សម្រាប់ ឲ្យ​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ឈរ​ឃ្លាត​ពីគ្នា​ជាង ១​ម៉ែត្រ និង​តម្រូវ​ឲ្យ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា ដើម្បី​រក្សា​សុវត្ថិភាព ចូលរួម​ការពារ COVID-19​។​

​ប្រធាន​នាយក​រដ្ឋ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​ស្នើសុំ​ប័ណ្ណបើកបរ​ថ្មី ពន្យារ​ប័ណ្ណបើកបរ ឬក៏​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត បាន​កើនឡើង​ទ្វេដង​នៅក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​មកនេះ ដែល​ទាមទារ​ឱ្យ​មន្ត្រី​របស់​ក្រសួង​បង្កើន​ម៉ោង​ធ្វើ​ការងារ ដើម្បី​ផ្ដល់​សេវា​រហូតដល់​ម៉ោង ១១​យប់ និង​នៅ​ថ្ងៃ​ឈប់សម្រាក​។ ក្រសួង​បានចេញ​ប័ណ្ណបើកបរ​សរុប​ដល់​ទៅ ៣.៤០៣​សន្លឹក និង​បានផ្ដល់​ការត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ចំនួន ៨.៥៤៨​គ្រឿង នៅក្នុង​រយៈពេល ២​ថ្ងៃ​ចុងក្រោយ​នៃ​ខែមេសា​កន្លងមកនេះ​។ ការស្នើសុំ​ប័ណ្ណបើកបរ និង​ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត បាន​កើនឡើង​យ៉ាងគំហុក​ដល់​ទៅ​ជាង ២០០​ភាគរយ បើ​ធៀប​នឹង​តួលេខ​នៅ​ថ្ងៃ​ធម្មតា ដែលមាន​ចំនួន​ត្រឹមតែ​ជាង ២​ពាន់​គ្រឿង​ប៉ុណ្ណោះ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×