Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ឃុំខ្លួន​មេខ្លោង និង​ជនល្មើស​ចំនួន ១៣ នាក់​ដែល​ជាប់​ពាក់ព័ន្ធ នឹង​ការ​រុករាន​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​ជាច្រើន​ហិកតា នៅក្នុង​របៀង​អភិរក្ស​ជីវចម្រុះ ក្នុងស្រុក​កោះ​ញែក​

spot_img

​ខេត្តមណ្ឌលគិរី​៖ ក្រសួងបរិស្ថាន​បន្ត​អនុវត្ត​វិធានការ​ច្បាប់​ប្រឆាំងនឹង​ការ​រុករាន​ឆ្ការ ដុត និង​ឈូសឆាយ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ទាំង ៤ របស់​ខេត្តមណ្ឌលគិរី​។ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា សមត្ថកិច្ច​ក្រសួងបរិស្ថាន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​បន្ត​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ជនល្មើស ដែល​បាន​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ទាំង ៤ រួមមាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី ដែល​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នៃ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​។​


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ ២០២០ នេះ​ថា​ក្នុង ខែមេសា​កន្លងទៅនេះ មេខ្លោង និង​ជនល្មើស​ចំនួន ១៣ នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រុករាន​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​ជាច្រើន​ហិកតា នៅក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ក្នុងស្រុក​កោះ​ញែក ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែន​ជម្រក​សត្វ​ព្រ​កែវ​សីមា ត្រូវបាន​សាលាដំបូង​ខេត្ត​មណ្ឌល​
​គិរី សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​កាប់​គាស់ រុករាន ឆ្ការ ដុត​និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ក្នុង​តំបន់ការពារធម្មជាតិ ដែល​ត្រូវបាន​ការពារ​ដោយ ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​

​រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​៖
«​គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ ឬ​លក់ដូរ​ដីធ្លី​នៅក្នុង​តំបន់ការពារធម្មជាតិ​បានឡើយ​។ ក្រសួងបរិស្ថាន ក៏​សូម​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនបាន​យល់ដឹង​ច្បាស់​ពី​ច្បាប់ សូម​ឈប់​ចាញ់បោក​ជនខិលខូច​ប​ន្ត​ទៀត និង​សូម​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព ខុសច្បាប់​ជាអាទិ៍ ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដីព្រៃ ការសាងសង់​ខ្ទម​ឬ​រោង ការដាំដុះ​ដំណាំ និង​ការ​អាស្រ័យ​លើ​លើដី​របស់​រដ្ឋ​នៅក្នុង តំបន់ការពារធម្មជាតិ​។ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការទិញ​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​លក់​ដី​រដ្ឋ ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង និង​ប្រគល់​ទីតាំង​ដី​ទាំងនោះ ដោយ​ឥត​លក្ខខណ្ឌ​មក​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​»​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ ក៏បាន​ថ្លែង​បញ្ជាក់ថា “​ក្រសួងបរិស្ថាន​សូម​បដិសេធ នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ នឹង​ការកាន់កាប់​ដី​ដោយ​ខុសច្បាប់ គ្រប់​ប្រភេទ​ដូចជា ការទន្ទ្រាន​កាន់កាប់ ការផ្ទេរ ការទិញ​លក់​ដី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​”​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុង​ចំណោម​ជនល្មើស​ទាំង​១៣ នាក់​ដែល​ត្រូវបាន​ង​នុ​វត្ត​វិធានការ​ច្បាប់ នៅក្នុង​ខេត្ត​ម​ព្ឌ​ល​គិរី ក្នុងអំឡុង​ខែមេសា កន្លងទៅនេះ​រួមមាន​៖ បុរស ៣ នាក់ ត្រូវបាន​សាលាដំបូង សម្រេច​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ករណី​កាប់​គាស់ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ក្នុង​ទំហំ​ជាង ៣៤ ហិកតា តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា​៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។ ជនសង្ស័យ ២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​កាប់​គាស់ និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅត្រង់ចំណុច​ត្រពាំង​ទឹកល្អក់ ស្ថិតក្នុង​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។
​មន្ត្រី​ជំនាញ​បរិស្ថាន បាន​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ឃើញថា មានការ​កាប់​គាស់ រុករាន និង​ឈូសឆាយ​ដីព្រៃ ហើយ​បាន​វាស់វែង​ជាក់ស្ដែង លើ​ផ្ទៃដី​មាន​ទំហំ​ជិត ៧៨ ហិកតា​។ មនុស្ស ៣ នាក់​ផ្សេងទៀត ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​​ពីបទ​កាប់បំផ្លាញ​រុក្ខជាតិ ក្នុង​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តាម​បញ្ញត្តិ​មាត្រា​៦០ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​២ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​បន្ត​ឱ្យដឹងទៀតថា កាលពី​ថ្ងៃទី​២៥ ខែមេសា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី ក៏បាន​សម្រេច​ឃុំខ្លួន​បុរស ៣ នាក់​ដាក់ពន្ធនាគារ​ប​ណ្ដោះ​អាសន្ន ពាក់ព័ន្ធ​ករណី​កាប់​គាស់ និង​រុករាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា​៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។ ជន​ត្រូវ​ចោទ​ទាំង ៣ នាក់ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី តាមដាន និង​ស្រាវជ្រាវ​សកម្មភាព​កាប់​គាស់ និង​រុករាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅ​ចំណុច​អូរ​ជី​មី​ស ស្ថិតក្នុង​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​ឈានដល់​ការចាប់​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​។ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន លើ​ជន​ត្រូវ​ចោទ ២ រូប ពីបទ​កាស់​គាស់ និង​រុករាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។ មនុស្ស​ទាំង ២ នាក់ នេះ​ជា​មុខសញ្ញា​មេខ្លោង​ដ៏​សកម្ម ក្នុងការ​គូសវាស​ចែក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅត្រង់ចំណុច​អូ​រយីង​ខាងជើង ស្ថិតក្នុង​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងឱ្យដឹងថា ក្រុម​ជនល្មើស​ទាំងនេះ បាន​ប្រើប្រាស់​វិធីសាស្ត្រ និង​ល្បិចកល់ ជា​រូបភាព​ផ្សេងៗ​គ្នា ដើម្បី​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដោយ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​បន្លំ​ថា​ក្រុម​ខ្លួន​បានរស់នៅ និង​អាស្រ័យ​ផល​លើដី​នោះ ជា​យូរ​ឆ្នាំ​មកហើយ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងថា នៅពេល​ខ្លះ ក្រុម​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់ និង​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយចំនួន ឱ្យចូល​រុករាន កាប់ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់ និង​លក់​ក្នុង​តម្លៃថោកៗ ឱ្យ​ខ្លួន​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ក្នុងនោះ​រួម មាន​ការដាំ​ដំណាំ​ផ្សេង ដែល​ងាយ​នឹង​លូតលាស់ ដូចជា​ដើម​ចេក ដើម​ស្វាយចន្ទី និង​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត ហើយ​មួយចំនួនទៀត បាន​ប្រើប្រាស់​វិធីសាស្ត្រ​គ្រៀវ​ដើមឈើ​ផង និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ​ផង​។ ចំពោះ​បញ្ហា​ទាំងនេះ ត្រូវបាន​ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ជា​ទង្វើ​ខុសច្បាប់ ហើយ​ជន​ដែល​ពាក់ព័ន្ធ​នឹង​ទង្វើ​នេះ ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ជាដាច់ខាត​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​លើកឡើងថា នៅ​រៀងរាល់ថ្ងៃ មន្ត្រី​ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង ១.២៦០ នាក់​ដែលមាន​តួនាទី ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​ជា​ឆ្មាំ​ការពារ ធម្មជាតិ​នៅលើ​ផ្ទៃដី​អភិរក្ស​សរុប​ប្រមាណ​ជាង ៧,២ លាន​ហិកតា នឹង​បង្កើន​សកម្ម​ភាពចុះ​ល្បាត​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រុន​រានទន្ទ្រាន កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់ ក៏ដូចជា​បទល្មើស​ព្រៃឈើ ការ​បរបាញ់​សត្វ​ខុសច្បាប់ និង​ជាពិសេស​ទប់ស្កាត់​ការកាប់​ឆ្ការ និង​រុករាន​ដីព្រៃ​ខុសច្បាប់ និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​ទន្ទ្រាន​កាប់​កាប់​ដី​៕​ដោយ​៖​កូ​ឡាប​

spot_img
×