Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀង​ចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប នឹង​ជំរុញ​ឱ្យ​ខេត្ត​នេះ ក្លាយជា​គោលដៅ​ទេសចរណ៍ មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក​

spot_img

កែប​៖ ក្រសួងទេសចរណ៍​បានដាក់​ផែនការមេ​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប និង​ខេត្តមណ្ឌលគិរី នឹង​ជួយ​ឱ្យ​ខេត្ត​នេះ ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​រដ្ឋបាលខេត្ត​កែប បានប្រកាស​ព័ត៌មាន​ថា នា​សាលប្រជុំ​ធំ​សាលាខេត្ត​កែប នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែឧសភា ឆ្នាំ​២០២០ នេះ ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នឹង​ជា​ប្រធាន​គណ​:​កម្ម​ការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប និង​ខេត្តមណ្ឌលគិរី ឯកឧត្ដម កែន ស​ត្ថា អភិបាលខេត្ត​កែប នឹង​ជា​អនុប្រធាន​គណៈកម្មការ និង​ឯកឧត្ដម ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី ” ការសិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្ត​កែប ” ។​

​ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប បាន​លើកឡើងថា ដើម្បី​គាំទ្រ​ដល់​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប និង​ខេត្តមណ្ឌលគិរី​។​

​ឯកឧត្ដម នី ផល្លី បាន​បន្តថា ដំណើរការ​នៃ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍៍​ទេសចរណ៍​ខេត្ត​កែប​នេះ ត្រូវបាន​ចាប់​អនុវត្ត​តាំងពី​ខែធ្នូ ឆ្នាំ​២០១៩ មកម្ល៉េះ ហើយ​ចាប់ពីពេលនេះ​តទៅ​មុខ នឹងមាន​ការចូលរួម​ផ្ដល់​ធាតុ​ចូល និង​ផ្ដល់​ការគាំទ្រ​ពី​សំណាក់​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ជំនាញ​នៅ​ថ្នាក់​ខេត្ត ដើម្បីឱ្យ​ការរៀបចំ​ផែនការ​មេនេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ការទទួលខុសត្រូវ​រួម​។​

​ឯកឧត្តម​បាន​បន្តទៀតថា ដោយសារ​វិស័យ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​អន្តរ​វិស័យ ដូច្នេះ​ការរៀបចំ​ផែនការ​មេនេះ​ត្រូវ​គិតគូរ​ជា​អន្តរ​វិស័យ ដូចជា​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្ដានុពល និង​ធនធាន​ដែលមាន​ជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា វប្បធម៌ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​កែច្នៃ ធ្វើយ៉ាងណា​ឱ្យស្រប​តាម​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត​។​

​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ គឺមាន​គោលបំណង​៖ អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក​។ បង្កើន​គុណភាព​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ថែមទៀត ដើម្បី​ពន្យារ​ការ​ស្នាក់នៅ​របស់​ទេសចរ នៅ​គ្រប់​រដូវ​កាល​ឲ្យ​បាន​កាន់តែ​យូរ​។ ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទេសចរណ៍ ដោយ​ផ្តោតលើ​ផលិតផល​ទេសចរណ៍​តាម​គោលដៅ​។ ធានា​ដល់​ចីរភាព​នៃ​ការអភិវឌ្ឍ និង​ធនធានធម្មជាតិ និង​ការរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​ធានា​ដល់​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​។​

​ឯកឧត្តម នី ផល្លី បាន​បន្តទៀតថា មកដល់ពេលនេះ ក្រុមការងារ​បានបញ្ចប់​នូវ​ប្លង់គោល​គំនិត (Concept note) នៃ​ការសិក្សា​មួយ​រួចហើយ និង​កំពុង​បន្ត​ប្រមូល និង​វិភាគ​ទិន្នន័យ ដើម្បី​ឈានដល់​ការសរសេរ​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​។​

​ឯកឧត្ដម នី ផល្លី សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង នា​ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ​។ បន្ទាប់ពី​មានការ​កែសម្រួល ឬ​មានការ​សម្រេច​ឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ​នឹងត្រូវ​យកមកអនុវត្ត​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣៥ និង​អាចមាន​ការពិនិត្យ​កែសម្រួល​សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​នាឱកាស​នោះ ឯកឧត្ដម ទិ​ត ចន្ថា ក៏បាន​ណែនាំ​ដល់​ក្រុមការងារ​ដែល​ចូលរួម​សិក្សា​រៀបចំ​ផែនការ​មេនេះ ត្រូវ​រួមគ្នា​គិតគូរ​ទាំង​ភាព​វិជ្ជមាន អវិជ្ជមាន និង​ការគ្រប់គ្រង​ហានិភ័យ​ទៅលើ​ផ្នែក​បរិស្ថាន ប្រព័ន្ធ​ទឹកស្អាត សំណង់ សូ​រិ​យោ​ដី សាធារណការ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត សំដៅ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ដិត​ជាប់​ការចងចាំ​ចំណុច​ពិសេសៗ ក្រោយ​បានមក​ទស្សនា​ខេត្ត​នេះ​។​
​ក្រសួងទេសចរណ៍​ក៏បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កែប​បង្កើត​ក្រុមការងារ​ជំនាញ​មួយ ដើម្បី​គាំទ្រ និង​ចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បីឱ្យ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ សម្រេចបាន​ប្រកបដោយ​ភាពត្រឹមត្រូវ សមភាព តម្លាភាព និង​ធានាបាន​និរន្តរភាព​។​

​ឯកឧត្ដម កែន ស​ត្ថា បានបង្ហាញ​ការគាំទ្រ​ចំពោះ​សំណើ​របស់​ក្រសួងទេសចរណ៍ និង​បាន​លើកសំណើ​គម្រោង​ផែនការ​មួយចំនួន​ដាក់បញ្ចូល​ទៅក្នុង​ផែនការមេ​ខាងលើ ដូចជា​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​ទេសចរណ៍​ថ្មី (​ចាប់ពី​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​រហូតដល់​ព្រៃកោងកាង​) និង​ឆ្នេរ​ខ្សាច់​អង្កោល ស្ថិតក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ក៏ដូចជា​ការបង្កើត​កំពង់ផែ​ទេសចរណ៍​ខ្នាតតូច​នៅ​កោះទន្សាយ ការរៀបចំ​ឱ្យមាន​កន្ត្រក​ខ្សែ​រ៉ក សម្រាប់​ឱ្យ​ទេសចរ​ជិះ​លេង​កម្សាន្ត ពី​គោលដៅ​ទេសចរណ៍​មួយ​ទៅ​គោលដៅ​មួយទៀត​ជាដើម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×