Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO ថា អា​មេ​រិច​គ្មាន​ភ​ស្ថុ​តាង បញ្ជាក់​ពី​ការ​អះអាងថា វីរុស COVID-19 មាន​ប្រភពពី​មន្ទីរពិសោធន៍​រប​ស់​ចិន​

spot_img

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អា​មេ​រិច​មិនបាន​ផ្តល់​ភស្តុតាង​ឡើយ ដើម្បី​គាំទ្រ​ដល់​ការអះអាង​បែប​ស្មាន​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ថា វីរុស​កូ​រ៉ូ​ណា​មាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​ចិន​។​

“​យើង​មិន​បានទទួល​ទិន្នន័យ ឬ​ភ​ស្ថុ​តាង​ជាក់លាក់​ណាមួយ​ឡើយ ពី​រដ្ឋាភិបាល​អា​មេ​រិច ទាក់ទង​ទៅនឹង​ការអះអាង ពី​ប្រភព​របស់​វីរុស​កូ​រ៉ូ​ណា ដូច្នេះ​បើតាម​ទស្សនៈ​របស់​ពួកយើង វា​នៅតែ​ជាការ​ស្មាន​ដដែល​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក Michael Ryan ប្រធាន​ផ្នែក​គ្រោះអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​។​

​អ្នកវិទ្យាសាស្ត្រ​ជៅ​ជាក់​ថា វីរុស​មរណៈ​នោះបាន​ឆ្លង​ចេញពី​សត្វ​មកកាន់​មនុស្ស ដែល​គេ​ជឿជាក់ថា​វា​បាន​ផ្ទុះ​ចេញ ពី​ផ្សារ​លក់​សត្វព្រៃ​មួយកន្លែង ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​។​

​ប៉ុន្តែ ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល៉ ត្រាំ ដែល​ចាប់ផ្តើម​ធ្វើការ​រិះគន់​ចិន​កាន់តែខ្លាំង​ឡើងៗ​ពី​ការផ្ទុះ​វីរុស បាន​អះអាងថា អា​មេ​រិច​មាន​ភស្តុតាង​ថា វីរុស​នោះ​មាន​ប្រភព​ចេញ ពី​មន្ទីរពិសោធន៍​ទីក្រុង​វូ​ហាន​។​

​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​និយាយថា “​មាន​ភស្តុតាង​ដ៏​ធំ​” ដែល​គាំទ្រ​ទៅនឹង​ការអះអាង របស់​អា​មេ​រិច​។ ការអះអាង​នោះ ត្រូវបាន​បដិសេធ​ដោយ​ចិន​។​

​លោក Michael Ryan បាន​និយាយថា “​ពួកយើង​មាន​ឆន្ទៈ​ក្នុងការ​ទទួលយក​រាល់​ពត៌មាន​បញ្ជាក់​ពី​ប្រភព​នៃ​វីរុស​”​។ លោក​បញ្ជាក់ថា វា​គឺជា​ព័ត៌មាន​សុខភាព​សាធារណៈ​ដ៏​សំខាន់ សម្រាប់ធ្វើ​ការគ្រប់គ្រង​ទៅ​ថ្ងៃ​អនាគត​។​

“​ប្រសិនជា​ទិន្នន័យ និង​ភស្តុតាងរ​កមាន​មែន វា​ជា​ពេល​សម្រាប់​អា​មេ​រិច​ត្រូវ​សម្រេចចិត្តថា​តើ និង​ពេលណា​ដែល​ខ្លួន​អាច​ចែករំលែក​ភស្តុតាង​នោះបាន ប៉ុន្តែ​វា​ពិតជា​ពិបាក​ខ្លាំងណាស់ សម្រាប់​អង្គការ​សុខ​ភា​ពិភពលោក ក្នុង​ការធ្វើ​កិច្ចការ​លើ​ព័ត៌មាន​ដែល​ខ្វះចន្លោះ​”​។​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​

​បច្ចុប្បន្ន មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​នៅឡើយ​ទេ​។ ប្រទេស​ជាច្រើន​កំពុង​ប្រកួតប្រជែង​គ្នា បង្កើត​វ៉ាក់សាំង​ដើម្បី​លក់​ឲ្យ​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×