Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការងារ​កម្ពុជា ស្នើឱ្យ​វិទ្យាស្ថាន CDRI បន្ថែម​ការសិក្សា​ស្រាវជ្រាវ ពី​តម្រូវ​ការជំនាញ ដែល​អាចឆ្លើយតប បាន​ទៅនឹង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ការងារ​កម្ពុជា ឯកឧត្តម អ៊ិត សំហេង បាន​ស្នើឱ្យ​វិទ្យាស្ថាន CDRI បន្ថែម​នូវ​ការសិក្សា​ស្រាវជ្រាវ ពី​តម្រូវ​ការជំនាញ​ដែល​អាច​ឆ្លើយតបបាន ទៅនឹង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដូចជា​ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ផលិតផល និង​ឧស្សាហកម្ម​ផ្សេងៗ​ទៀត ដែល​អាច​ស្រូបយក​កម្លាំង​ពលកម្ម​មាន​ជំនាញ ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ឱកាស​ការងារ និង​ដើម្បី​ធានា​និរន្តរភាព នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​ធានាបាន​ថា «​យុវជន​ម្នា​ក់មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» និង​លើកកម្ពស់​ចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ ជាពិសេស​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឱ្យ​ឈានឡើង​មួយកម្រិត​ទៀត​។​

​ឯកឧត្តម អ៊ិត សំហេង បាន​បន្តទៀតថា បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ TVET(​បច្ចេកទេស និង​វិជ្ជាជីវៈ​) យ៉ាងច្រើន ប៉ុន្តែ​យុវជន​បែរជា​មិនសូវ​ងាក​មក​សិក្សា ក្នុង​វិស័យនេះ​ទៅវិញ ដែល​នេះ​ក៏​ជាការ​ស្នើ​របស់​ឯកឧត្តម ទៅកាន់​វិទ្យាស្ថាន CDRI ឱ្យធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផងដែរ ដើម្បី​ជំរុញ​ឱ្យ​យុវជន បែរមក​ស្វែងរក​ការសិក្សា​ក្នុង​វិស័យ TVET នេះ​វិញ​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានស្នើ​ដល់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) ជួយ​សិក្សា​ស្រាវជ្រាវ​រកឱ្យឃើញ នូវ​ចំណុច​ខ្វះខាត​ក៏ដូចជា ការធ្វើ​យ៉ាងណា​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន បើក​គ្រឹះស្ថានសិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ TVET ឱ្យបាន​ច្រើន ខណៈ​កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម ក្នុង​វិស័យនេះ​យ៉ាងច្រើន​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួង​ការងារ បាន​គាំទ្រ​សកម្មភាព​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន CDRI នាពេល​កន្លងមក ដែល​កំពុង​បន្ត​ការសិក្សា លើ​គម្រោង​មួយចំនួន ពាក់ព័ន្ធ​ការអប់រំ និង​បណ្តុះបណ្តាល សម្រាប់​២​ឆ្នាំ​ខាងមុខ មានដូចជា​ការលើកកម្ពស់​នវានុវត្តន៍ នៃ​វិស័យ​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា និង​ការស្រាវជ្រាវ កិច្ចសន្ទនា​គោលនយោបាយ និង​កម្មវិធី​អភិវឌ្ឍ​សមត្ថភាព ក្នុងការ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រមទាំង​ឲ្យ​ការសិក្សា​ស្រាវជ្រាវ​នេះ ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ និង​មាន​ភាព​ប្រទាក់ក្រឡា ជាមួយ​គោលនយោបាយ​អប់រំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ឯកសារយោង​សម្រាប់​អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និង​និស្សិត​៕​ដោយ​៖​សម្ផស្ស​

spot_img
×