ស្ទឹងត្រែង៖ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោង៨យប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុករណីភ្លើងឆេះអាស្រមតម្កល់ ព្រះពុទ្ធរូបខាងលើនៅឡើយទេ ។ គ្រាន់តែបញ្ជាក់ថា អាស្រមខាងលើមានទំហំទទឹង៥ ម៉ែត្រ និងបណ្តាយ៧ម៉ែត្រ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥២៨ ជាប់ផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អាស្រមមួយនោះសង់អំពីឈើប្រក់ស័ង្កសីបាំង និងក្រាលក្តារ ដែលមានម្ចាស់ឈ្មោះចែម សង្វារ ភេទប្រុសអាយុ ៦៧ឆ្នាំ ។
តាមការបញ្ជាក់ពីម្ចាស់អាស្រមបានឲ្យដឹងថា អាស្រមរងការខូចខាតទាំងស្រុង ក្នុងនោះមានព្រះពុទ្ធរូបធំ១អង្គ ព្រះពុទ្ធរូបតូចៗចំនួន ១៦អង្គ និងថូផ្កាឈើ ចំនួន២គូ។
សមត្ថកិច្ច បានឲ្យដឹងថា ការឆាបឆេះនេះ មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេ ហើយដោយសារចម្ងាយផ្លូវ ពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ទៅកន្លែងកើតហេតុ ប្រវែងប្រហែល៧០គីឡូម៉ែត្រ កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ ទំនាក់ទំនងពឹងការអន្តរាគមន៍ ពីរថយន្តអគ្គិភ័យស្រុកឆែប ខេត្តព្រះវិហារ មកពន្លត់ព្រោះគោលដៅជិតជាង។
ជាមួយនោះ សមត្ថកិច្ចបានប្រើប្រាស់អស់ទឹកអស់មួយរថយន្តទើបរលត់។ ក្រោយមានករណីកើតឡើង ឆេះអាស្រមកម្លាំងសមត្ថកិច្ច ចុះស៊ើបអង្កេតរកមូលហេតុ៕ ដោយ៖សុខុម