Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កែប​៖ ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កែប សរុប​ជា​ទឹកប្រាក់​មាន​ប្រមាណ ៥០,៧​លាន​ដុល្លារ ស្មើនឹង ០,២០% នៃ​សេដ្ឋកិច្ចជាតិ​សរុប​

spot_img

​ភ្នំពេញ​៖ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​កែប ដែល​បានរៀបចំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កែប សរុប​ប្រមាណ ពីរ​រយ​ប្រាំ​ពាន់​ប្រាំ​រយ​ម្ភៃ​ប្រាំមួយ​លាន និង​ប៉ែតសិប​ម៉ឺន​រៀល​គត់ គិត​ជា​ដុល្លារ ៥០,៧​លាន​ដុល្លារ ស្មើនឹង ០,២០% នៃ​សេដ្ឋកិច្ចជាតិ​សរុប និង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ចំនួន ១.២១៧​ដុល្លារ​។​

​ឯកឧត្តម កែន ស​ត្ថា បាន​បន្តថា រដ្ឋបាលខេត្ត រក្សាបាន​សន្តិសុខ​ជូន​ឥស្សរ​ជនជាតិ និង​អន្តរជាតិ​, ភ្ញៀវទេសចរ​ជាតិ​, អន្តរជាតិ និង​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​, ធានាបាន​នូវ​ការប្រកបមុខរបរ​ប​ង្កើ​ន​ប្រាក់ចំណូល កាត់បន្ថយ​ចំណាកស្រុក ពិសេស កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ពី ១៦,៤៩% នៅ​ឆ្នាំ​២០១២ មក​ត្រឹម ៣,១៨% នៅ​ឆ្នាំ​២០២០​នេះ​។

​អភិបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ចំនួន​ភ្ញៀវទេសចរ​សរុប​មាន​ចំនួន​ជាង ១​លាន ៧​សែន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ភ្ញៀវ​កើនឡើង ៤,២៤% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​កើនឡើង ៣,៥៨% និង​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង ២៥,០១% និង​បានផ្តល់​កម្លាំង​ពលកម្ម​សរុប ៣.៣៨០​នាក់ ស្រី ១.២៣០​នាក់ មានការ​ងារ​ធ្វើ និង​បាន​បង្កើត​ប្រាក់ចំណូល​ជួយ​ដល់​គ្រួសារ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​

​សូមបញ្ជាក់ថា កែប ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ មាន​ស្ថានភាព​ផ្ទៃដី​ចែកជា តំបន់ភ្នំ​, ជម្រាលភ្នំ​, តំបន់​មាត់សមុទ្រ​, សមុទ្រ និង​កោះ មាន​ចម្ងាយ​ប្រមាណ ១៧៥​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ មាន​ផ្ទៃ​ដីគោក​ទំហំ ១៨៧,២៤​គីឡូម៉ែត្រ​ក្រឡា និង​មាន​ផ្ទៃសមុទ្រ​ដែលមាន​កោះ​ចំនួន ១៣ មាន​ប្រជាពលរដ្ឋ​ជិត ១​ម៉ឺន​គ្រួសារ​។ សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត គឺ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ដោយមាន​ឆ្នេរ​ខ្សាច់​, ឧ​ឡាន​ជាតិ​, ព្រៃកោងកាង​, ផ្កាថ្ម​, ស្មៅ​សមុទ្រ និង​ជីវចម្រុះ រួមទាំង​ធនធាន​ជលផល​សមុទ្រ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​៕​ដោយ​៖​សម្ផស្ស​

spot_img
×