Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម កំពុង​ពិចារណា​ទម្លាក់​អត្រា​ការប្រាក់​មក​ត្រឹម​ចំនួន ៥​ភាគរយ​ប្រចាំឆ្នាំ​

spot_img

​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម (​ធ​.​អ​.​ជ​.​ក​.) បានរៀបចំ​កម្មវិធី​ធ្វើ​បទ​បង្ហាញ​ស្តីពី​លទ្ធភាព​ផ្តល់​ឥណទាន​ដល់​កសិករ ចិ​ញ្ចឹ​ម​ត្រី មាន់ ទា និង​ដាំ​បន្លែ និង​ដល់​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​នៅ​ខេត្តកណ្តាល​។​

កម្មវិធី​ធ្វើ​បទ​បង្ហាញ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ ធ​.​អ​.​ជ​.​ក​.​និង ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី តំណាង​មន្ទីរ​ជុំវិញ​ខេត្ត ប្រជាកសិករ ដែល​ប្រកបរ​បរចិញ្ចឹ​ម​ត្រី មាន់ ទា និង​ដាំ​បន្លែ និង​ដល់​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម សរុប​ប្រមាណ​ចំនួន ២៥០​នាក់​។​

​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏បាន​សំណូមពរ​មកកាន់ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បន្ធូរ​បន្ថយ នូវ​លក្ខខណ្ឌ​អនុគ្រោះ​ក្នុងការ​ផ្ដល់​ឥណទាន​ដល់​ប្រជាកសិករ ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ឥណទាន​យកទៅ​ប្រកបមុខរបរ ឬ​ពង្រីក​មុខរបរ​បន្ថែម​, បន្ធូរបន្ថយ​អត្រា​ការប្រាក់ ដល់​ប្រជាកសិករ​ដែល​ទទួលបាន​ឥណទាន​យកទៅ​ប្រកបមុខរបរ​។ និង​ស្នើឱ្យ​មានការ​យល់យោគ ក្នុង​ការបង់​ការប្រាក់ ស្ថិតក្នុង​ស្ថានភាព​កំពុងមាន​ការឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា​។​

ជាការ​ឆ្លើយតប ឯកឧត្តម កៅ ថាច បាន​ជម្រាបជូន​ដល់​បងប្អូន​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ថា ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​នឹង​កំពុង​អនុវត្ត​តួនាទី​ជា​អន្តរការី​ទទួល​នូវ​កិច្ចការ​គ្រប់គ្រង និង អនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជ​​រដ្ឋាភិបាល ដែលមាន​ទឹកប្រាក់រ​ហូ​តដល់ ៥០ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ឥណទាន​ដែលមាន​ការប្រាក់​ទាប គាំទ្រ​ដល់​បងប្អូន​ប្រជាកសិករ​របរ​ចិ​ញ្ចឹ​ម​ត្រី មាន់ ទា ដាំ​បន្លែ និង សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ដើម្បីឱ្យ​បងប្អូន​មានលទ្ធភាព​ពង្រីក​អាជីវកម្ម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​សង្វាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិត​ក្នុងស្រុក សម្រាប់​ជំរុញ​ទាំង​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល​នៅក្នុង​ដំណាក់​កាលដែល​សេដ្ឋកិច្ចកម្ពុជា​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​កើតចេញពី​ជំងឺឆ្លង COVID-19 និង​បញ្ហា EBA​។

​ទន្ទឹមនេះ លោក​ថា ជាគោលការណ៍ ដើម្បី​ទទួលបាន​ឥណទាន ពី​ចំនួន ១០ ០០០​ដុល្លារ​អាមេរិក រហូតដល់ ៣០០ ០០០ ដុល្លារ​អាមេរិក ដែលមាន​អត្រា​ការប្រាក់​ទាប ចំនួន​៦ ភាគរយ ប្រចាំឆ្នាំ សម្រាប់​ជា​ទុន​បង្វិល (​រយៈពេល​ខ្លី​ចំនួន​២​ឆ្នាំ​) និង​សម្រាប់​ទុនវិនិយោគ (​រយៈពេល​វែង​ចំនួន ៥​ឆ្នាំ​) ក្នុង​អត្រា​ការប្រាក់​ចំនួន ៦.៥​ភាគរយ​ក្នុង​មួយឆ្នាំ ពី​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​នេះ ឯកឧត្តម ក៏បាន​ណែនាំ អំពី​ការកំណត់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​ដល់​បងប្អូន​ប្រជាកសិករ ចិ​ញ្ចឹ​ម​ត្រី មាន់ ទា បន្លែ និង​ក្រុម​សិប្ប​កម្មករ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវបំពេញ​ជា​ចាំបាច់ នោះ​មាន​៖

-​ត្រូវមាន​គម្រោង​ពង្រីក​អា​ជីក​ម្ម​អាចបង្កើត​ការងារ​ថ្មី​បន្ថែម​ពី ៥ ដល់ ៣០ កន្លែង​យ៉ាងតិច​,-​ត្រូវមាន​ទីតាំង​ផលិតកម្ម​នៅក្នុង​ស្រុក​,​ចុះបញ្ជី​ស្របច្បាប់​, បង់ពន្ធ​-​អាករ​ត្រឹមត្រូវ ហើយ​ត្រូវការ​ជា​ចាំបាច់​នូវ​ឥណទាន សម្រាប់​យកទៅ​ប្រើប្រាស់​ជា​ទុន​បង្វិល ទុនវិនិយោគ សម្រាប់​ពង្រីក​អាជីវកម្ម​ជាដើម​។

​ឯកឧត្តម កៅ ថាច ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ការកំណត់​អត្រា​ការប្រាក់​ខាងលើនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម កំពុង​ពិចារណា​ទម្លាក់​មក​ត្រឹម​ចំនួន ៥​ភាគរយ​ប្រចាំឆ្នាំ​វិញ ប្រសិនបើ​មានការ​ចង្អុលបង្ហាញ​និង​ណែនាំ​ពី​ថ្នាក់ដឹកនាំ​។​

​ជាមួយគ្នានេះ​ពាក់ព័ន្ធ​នឹង​ទ្រព្យ​ធានា​ឥណទាន​ក្រោម​កម្មវិធី​ពិសេស​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម អាច​ផ្តល់ជូន​រហូតដល់ ៨០ ភាគរយ​នៃ​តម្លៃ​ទ្រព្យ​ធានា​បំណុល​ដែលជា​អចល​ទ្រព្យ ហើយ​ការទទួលយក​ទ្រព្យ​ធានា​បំណុល​ក៏មាន​ភាពបត់បែន​ច្រើន ដោយ​ទទួលយក​៖-​ឧបករណ៍​-​គ្រឿង​ម៉ាស៊ីន​- សន្និធិ លិខិតធានា​សងបំណុល​ពី​ភាគី​អ្នកទិញ ឬ​លិខិតធានា​ផ្សេង – វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ ក្រៅពី​អចលនទ្រព្យ (​ដី​និង​អាគារ​) ជាដើម​។​

​ឯកឧត្តម កៅ ថាច បាន​បន្ថែមថា លើ​ការអនុវត្ត​នូវ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ដែលមាន​ទឹកប្រាក់រ​ហូ​តដល់ ៥០ លាន​ដុល្លារ​អាមេរិក​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម ក៏មាន​ផលិតផល​ឥណទាន​ផ្សេងទៀត​ដែល​អត្រា​ការប្រាក់​អនុគ្រោះ​ដល់​បងប្អូន​ប្រជាកសិករ​ផងដែរ ហើយ ឯកឧត្តម ក៏បាន​លើកទឹកចិត្ត​ដល់​បងប្អូន​កសិករ ក្នុងករណី​ប្រសិនបើ​បងប្អូន​មិនអាច​បំពេញបាន​តា​មល​ក្ខ​ខណ្ឌ​តម្រូវ​របស់​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល បងប្អូន​អាចធ្វើ​ការពិចារណា​ធ្វើ​កម្ចី​ពី​កញ្ចប់​ឥណទាន​ផ្សេងទៀត​របស់ ធ​.​អ​.​ជ​.​ក​.​បាន​ផងដែរ​។​

​ភ្ជាប់​ជាមួយនេះ ឯកឧត្តម កៅ ថាច អគ្គនាយក នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានធ្វើការ​ស្នើសុំ និង​សំណូមពរ​ដល់​បងប្អូន​កសិករ​ចិ​ញ្ចឹ​ម​ត្រី ច​ញ្ចឹ​ម​សត្វ ដាំ​ដុះ​បន្លែ ឲ្យ​រៀបចំ​ផែន​ការដាំដុះ ផែនការ​ច​ញ្ចឹ​ម​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ឲ្យបាន​តាម​តម្រូវការ និង​មាន​និរន្តរភាព ដើម្បី​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​៕ ដោយ ៖ សម្ផស្ស


spot_img
×