Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​! ដំរី​១​ក្បាល​មក​លុតជង្គង់ ក្រាប​គោរព​វិញ្ញាណក្ខន្ធ មុខ​មឈូស​ម្ចាស់​ដែល​បាន​មើលថែ​វា​ជាង​១០​ឆ្នាំ ដើម្បី​លាគ្នា​ជា​លើកចុងក្រោយ (​វីដេអូ​)

spot_img

​ប្រទេស​ថៃ​៖ វីដេអូ​ដ៏​ក្រៀមក្រំ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ចន្ទ កន្លងទៅនេះ បង្ហាញ​ពី​ទិដ្ឋភាព​សត្វ​ដំរី​១​ក្បាល បាន​លុតជង្គង់​ក្រាប​គោរព​វិញ្ញាណក្ខន្ធ នៅមុខ​មឈូស​ហ្មដំរី​ម្នាក់ ដើម្បី​ជាការ​លាគ្នា​ចុងក្រោយ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រំជួលចិត្ត​ជាខ្លាំង ព្រោះតែ​នឹកស្មាន​មិន​ដល់​។​

​ហ្មដំរី​ខាងលើ​ឈ្មោះថា Somjai Chuenprasaeng អាយុ ៦៥ ឆ្នាំ ត្រូវបាន​ដឹងថា បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ដ៏​មិន​នឹកស្មាន​មួយ នៅពេលដែល​រថយន្ត​ដឹកទំនិញ​១​គ្រឿង បើកបរ​ធ្លាក់​ផ្លូវ​ក្នុង​ល្បឿន​លឿន រួច​ក៏​មក​គាត់ ដែល​កំពុងតែ​សម្រាក​លេង នៅខាងមុខ​ផ្ទះ​របស់គាត់ ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត Surat Thani ប្រទេស​ថៃ​។​

​ក្នុង​វីដេអូ​បានបង្ហាញ ឲ្យ​ឃើញ​សត្វ​ដំរី​ឈ្មោល​ឈ្មោះ Plai Panom អាយុ ២០ ឆ្នាំ បាន​ដើរចូល និង​លុតជង្គង់​ក្រាប​នៅមុខ​មឈូស​សព​លោក Somjai កាលពី​ថ្ងៃ​ចន្ទ​។​

Plai Panom ជាមួយនឹង​កូនប្រុស លោក Somjai ដែល​ជិះ​ពីលើ​ខ្នង​វា បាន​គោះ​ផ្នែក​ខាងលើ​នៃ​ក្ដារ​មឈូស ដែល​ហាក់​ចង់​ឲ្យ​ម្ចាស់​បានដឹងថា វា​បានមក​ដល់​ហើយ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ បន្ទាប់ពី​ចំណាយពេល​នៅ​ជាមួយគ្នា​ជាង ១០ ឆ្នាំ​។​

​កូនប្រុស​ឈ្មោះ Pramote Chuenprasaeng អាយុ ៤៣ ឆ្នាំ បាន​ប្រាប់ Thai PBS ក្នុងអំឡុង​ពិធីបុណ្យ​សព​ឪពុក ឲ្យ​ដឹងថា គ្រួសារ​លោក​មិន​មានបំណង​នាំ Plai Panom មក​ចូលរួម​នោះ ព្រោះថា​ជាធម្មតា វា​ត្រូវ​ចងទុក​នៅក្នុង​ព្រៃ ចម្ងាយ ៥ គីឡូម៉ែត្រ​ពី​ផ្ទះ​។ ប៉ុន្តែ ដំរី​នេះ​បែរជា​មានគំនិត​ផ្សេង​គួរ​ឲ្យ​ចម្លែក នៅក្នុង​ថ្ងៃ​បុណ្យសព​ឪពុក​របស់លោក ដែលជា​អ្នកថែរក្សា​វា​។​

​លោក Pramote បាន​ពន្យល់​ប្រាប់​បន្តថា បន្ទាប់ពី​សព​ឪពុក​គាត់​បាន​បញ្ជូន ពី​មន្ទីរពេទ្យ​មកដល់​ផ្ទះ​វិញ ដើម្បី​ធ្វើ​បុណ្យសព លោក​ក៏បាន​ទៅ​មើល Plai Panom ប៉ុន្តែ​វា​ស្រាប់តែ​បាត់​ខ្លួន​តែម្តង​។

​លោក​បាន​ដើររក​វា ហើយក៏​ប្រទះឃើញ​វា​នៅក្បែរនោះ ទីកន្លែង​ដែល​បង្គោល​ដែល​គាត់​ចងវា ត្រូវ​វា​ធ្វើ​ឲ្យ​រលំ​ដើម្បី​គេចខ្លួន ប៉ុន្តែ​បង្គោល​នោះបាន​ទាក់​ជាប់​ជាមួយ​ដើមឈើ ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​មិនអាច​ទៅណា​រួច​។​

​គាត់​បន្តថា ដំរី​នេះ​បាន​ហិត​គាត់ ដើម្បី​ពិនិត្យ​មើលថា​តើ​គាត់​ជា Somjai ។ ដោយ​មិនដឹង​ត្រូវធ្វើ​យ៉ាងណា គាត់​ក៏បាន​ជិះ​វា​ទៅកាន់​ពិធី​បុណ្យសព ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​វា​ស្ងប់​។​

​នៅពេលដែល​ពួកគេ​មកដល់​ពិធី​បុណ្យសព កំពុង​ប្រព្រឹត្តឡើង វា​បាន​ដើរ​សំដៅ​មឈូស​ភ្លាមៗ ហែល​ហាក់ដូចជា​វា​អាច​ដឹងថា ម្ចាស់​របស់​វា​នៅ​ខាង​ក្នុងនោះ​អ៊ីចឹង​។ វា​បាន​ហិត​មឈូស ហើយ​បាន​គោះ មុនពេល​លុតជង្គង់​ចុះ ដើម្បី​លាគ្នា​ជា​លើកចុងក្រោយ​។​

​មនុស្ស​ជាច្រើន​នៅក្នុង​ពិធីបុណ្យ បាន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​ទិដ្ឋភាព​ដ៏​រំជួលចិត្ត​នេះ ដែល Plai Panom បានធ្វើ​កិច្ច​ចុងក្រោយ ចំពោះ​ម្ចាស់​របស់​វា​ដ៏​មិន​នឹកស្មាន​ដល់ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (coconuts)

spot_img
×