Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានទទួល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វុ​ង​ហឺ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​។​

​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ នាពេលនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ ព្រមទាំង​ឯកឧត្តម ជា​អគ្គនាយក មេបញ្ជាការ មេបញ្ជាការរង​កងទ័ព​ជើងគោក ជើង​ទឹក ជើង​អាកាស កងរាជអាវុធហត្ថ និង​ទាហាន​នៅក្នុង​ក្រសួងការពារជាតិ​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ រវាង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ទាំងពីរ​កម្ពុជា​-​ចិន នាឱកាស​នោះ ឯកឧត្តម វ៉េ ហ្វុ​ង​ហឺ បានលើកឡើង​វិញ​អំពី​កិច្ចសហការ​រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ដែល​កន្លងមក ឯកឧត្តម​ធ្លាប់​បានមក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បាន​ជួប​សន្ទនា​ជាមួយគ្នា​ក្នុង​វេទិកា​ផ្សេងៗ និង​ការចូលរួម​ក្នុង​វេទិកា​សៀង​សាន​ផងដែរ​។​

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន បាន​បញ្ជាក់ថា​៖ ក្នុងពេលដែល​ប្រទេស​ចិន​ជួប​ការលំបាក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ព្រះមហាក្សត្រ និង​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ផ្ដល់​ការគាំទ្រ​ពេញទំហឹង​ដល់​ប្រទេស​ចិន ជាពិសេស​ទៀត​សម្តេច​ពិជ័យ​សេនា បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​ដល់​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន ហើយ​នៅក្នុង​កាលៈទេសៈ​នោះដែរ ក្រសួងការពារជាតិ​ក​ម្ពុ​ជា ក៏បានផ្ដល់​សម្ភារ​បរិ​ក្ខា​រ​មួយចំនួន​ដល់​ប្រទេស​ចិន​ផងដែរ ដែល​ទង្វើ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ចិន និង​កម្ពុជា ជា​មិត្ត​ដែកថែប រួមសុខ​រួម​ទុក​ជាមួយគ្នា​។

​ឯកឧត្តម បាន​សំដែង​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​១៩​។ ឯកឧត្តម បានបញ្ជាក់​ទៀតថា​៖ ប្រទេស​ចិន​បាន​បញ្ជូន​គ្រូពេទ្យ​យោធា​ចិន​មកកាន់​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមីនា ដែល​កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​កងទ័ព​រំដោះប្រជាជន​ចិន​បាន​បញ្ជូន​គ្រូពេទ្យ​ទៅ​ក្រៅប្រទេស ហើយ​បានផ្តល់​សម្ភារ​បរិក្ខារ​ពេទ្យ សម្រាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ចំនួន ៣ លើក​មក​កម្ពុជា​។

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វុ​ង​ហឺ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន ក៏បាន​ចែករំលែក​បទពិសោធ​មួយចំនួន ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ ក្នុងនោះ​កងទ័ព​ចិន​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ហើយ​ការខិតខំ​ប្រឹងប្រែង​នោះ​ទទួលបាន​ជោគជ័យ​។ ទទឹម​នឹង​នោះ​ប្រទេស​ចិន​ក៏បាន​ផ្តល់ជំនួយ​ដល់​សហគមន៍​អន្តរជាតិ​ផងដែរ​។​

​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ័​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន នាឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វុ​ង​ហឺ ដែល​បានបង្ហាញ​ចក្ខុវិស័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ជា​លក្ខណៈ​អន្តរជាតិ​។

​សម្តេច​ពិជ័យ​សេនា បា​នប​ញ្ក់​ថា​៖ ជាការ​ពិត ទោះបី​នៅ ៤​សប្តាហ៍​ចុងក្រោយ​នេះ ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ចិន និង​កម្ពុ​ជាមាន​ភាព​ធូរស្រាល​ក៏ពិតមែន ប៉ុន្តែ​ប្រទេស​មួយចំនួន​នៅលើ​សកលលោក​បាននិងកំពុង​មានការ​ព្រួយបារម្ភ និង​ភាពមិនប្រាកដប្រជា​កាន់​តែ​ខ្លាំង​ឡើងៗ ដោយសារ​ការ​រាលដាល​ដល់​មនុ​ស្សរាប់​លាន​នាក់ នៅលើ​សកលលោក​។ ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្លាយជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា ហើយ​ក្នុងនោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ប្រទេស​ឈានមុខ​មួយ​ក្នុងការ​ការពារ ទប់ស្កាត់ និង​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់ស្តែង​រហូតមកដល់​ពេលនេះ គ្រូពេទ្យ​ជំនាញ​រួមទាំង​សម្ភារ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាននិងកំពុង​ប្រតិបត្តិ​ការជួយ​ប្រទេស​ជាច្រើន នៅលើ​សកលលោក រួមមាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ ឲ្យ​គេច​ផុតពី​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ​។

​សម្តេច​ពិជ័យ​សេនា បាន​សម្តែង​ការកោតសរសើរ អរគុណ និង​គាំទ្រ​ចំពោះ​សកម្មភាព​មិត្ត​ចិន ដែល​បាន​ជួយ​ដល់​ប្រទេស​ជាច្រើន​នៅលើ​សកលលោក តាម​ការបញ្ជូន​ក្រុមគ្រូពេទ្យ សម្ភារ​ពេទ្យ និង​ថ្នាំ ចែករំលែក​មេរៀន បទពិសោធន៍ ទាំង​ផ្នែក​យោធា និង​ស៊ីវិល ដែល​នេះ​ជាការ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ភាពជា​ធ្លុង​មួយ ការទទួលខុសត្រូវ​ជា​លក្ខណៈ​អន្តរជាតិ​ពិតៗ ដើម្បី​ទប់ស្កាត់ និង​យកជ័យ​ជម្នះ​លើ​ជំងឺ​មួយ​នេះ​។ ក្នុងនាម​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានផ្តល់​ជំនួយឥតសំណង​ជា​សម្ភារ បរិក្ខារ​សុខាភិបាល រួមជាមួយ​គ្រូពេទ្យ​ឯកទេស​៤​រូប ជួយ​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​យ៉ាង​ទាន់ពេលវេលា ចំនួន​៣​លើក និង​បាន​ជួយ​អន្តរាគមន៍​ផ្តល់​កិច្ចសហប្រតិបត្តិការ​ការពា​រ ទប់ស្កាត់ និង​ព្យាបាល ដល់​កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុងមាន​វត្តមាន​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ នៅក្នុង​តំបន់​បេសកកម្ម នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង លី​បង់ និង​ម៉ាលី បាន​យ៉ាង​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ សកម្មភាព​ទាំងនេះ បានបង្ហាញ​ពី​ស្មារតី ជា​ភាតរភាព​ដ៏​ស្មោះត្រង់ និង​ជា​មិត្ត​ដែកថែប ដែល​មិនអាច​បំបែក​បាន ៕​ដោយ​៖​កូ​ឡាប​

spot_img
×