ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោកជា សុផារ៉ាបានស្នើសុំអភិបាលរាជធានីភ្នំពេញ ដកតំណែងប្រធានការិយាល័យភូមិបាលខណ្ឌឬស្សីកែវចោល។ ការសុំដកតំណែងនេះក៏ដោយសារតែប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌឬស្សីកែវ លោកប៊ុន ឡុង ត្រូវបានប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ប្តឹងទៅនាយករដ្ឋមន្ត្រីពីភាពអសកម្មរបស់មន្ត្រីរូបនេះ។
នេះបើយោងតាមលិខិតមួយច្បាប់របស់លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ផ្ញើរអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលក្នុងលិខិតនេះ ៖ «ខ្ញុំស្នើឲ្យឯកឧត្តមអភិបាល សម្រួលភារកិច្ចលោក ប៊ុន ឡុង ចេញពីប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»។ នេះជាសំណើរបស់លោក ជា សុផារ៉ា ដែលបានលើកពីប្រសាសន៍ប្រមុខរដ្ឋាភិបាល ដែលដាស់តឿនមន្ត្រីឲ្យបំពេញការងារជូនពលរដ្ឋកន្លងមកថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»៕ ដោយ៖បញ្ញាស័ក្តិ