ស្ទឹងត្រែង៖ជនសង្ស័យចំនួន២នាក់ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរក្សាទុក និងចែកចាយនូវសារធាតុញៀខុសច្បាប់ ។
ករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថាបានឃាត់ខ្លួនជនសង្ស័យ នៅទីតាំងពីរផ្សេងគ្នា ។ ម្នាក់ឃាត់ខ្លួននៅស្រុកសៀមប៉ាង និងម្នាក់ទៀតឃាត់ខ្លួន នៅក្នុងក្រុងស្ទឹងត្រែង ក្នុងថ្ងៃបន្តបន្ទាប់គឺថ្ងៃទី៩និងទី១០ខែឧសភា ឆ្នាំ២០២០នេះ ។
សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិញ៉ាងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង ។
ជាមួយនោះសមត្ថកិច្ច ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(Ice) ចំនួន៦កញ្ចប់តូច មានទម្ងន់ស្មើនិង១,៧៤ក្រាម និងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ បាង សុគា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង នៅវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី៩ ខែឧ
សភា ឆ្នាំ២០២០ ។ ក្រោយសាកសួរជនសង្ស័យឈ្មោះ បាង សុគា មានពាក់ព័ន្ធម្នាក់ទៀតគឺនៅព្រឹកថ្ងៃទី១០ឧសភានេះ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តទៅធ្វើការឆែកឆេរ លំនៅដ្ឋានឈ្មោះ សុខ ជីវិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Ice)បានចំនួន២កញ្ចប់ទៀតមានទម្ងន់ស្មើនឹង៣,៦៧ក្រាម។ សមត្ថកិច្ចក៏ឈានទៅធ្វើការឃាត់ខ្លួន ឈ្មោះ សុខ ជីវិន នេះបន្ថែមទៀតតែម្តង ។
សមត្ថកិច្ច នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឲ្យដឹងទៀតថាជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចំនួន៣លើកមកហើយ តែសមត្ថកិច្ចមិនអាចបង្ក្រាបបានឡើយ ដោយជនល្មើសបាន
ប្រើដ្រូនសម្រាប់ឃ្លាំមើលពីសកម្មភាពរបស់សមត្ថកិច្ច។ ហេតុនេះហើយទើបសមត្ថកិច្ចមិនអាចបំបែកករណីបាន រហូតមក
ដល់ពេលនេះ ដោយផ្អែកលើចម្លើយសារភាពពីគូកន រួមផ្សំនិងវត្ថុតាងបទល្មើសជាក់ស្តែងផងនោះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាងបទល្មើសគ្រឿងញៀនសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំឯកសារ ដើម្បីត្រៀមបញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ ៕ដោយ៖សុខុម