Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ប្រមាណ ​៥០០០​គ្រួសារ ប្រឈម​នឹង​ការខ្វះ​ទឹកប្រើប្រាស់ នៅ​ស្រុក​គាស់ក្រឡ​

spot_img

​បាត់ដំបង​៖ អាជ្ញាធរ​ដឹក​ទឹក​និង​អន្តរាគមន៍ នាំយក​ទឹក​ពី​ប្រភព​ផ្សេងៗ បាន​ចែក​ទឹក​និង​បូម​ឲ្យ​បាន​ប្រើប្រាស់ ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៥០០០​គ្រួសារ គិត​ជា​មនុ​ស្សរាយ​ចំនួន​ជាង​២​ម៉ឺន​នាក់ នៅក្នុង​ស្រុក​គាស់ក្រឡ ដែល​ប្រឈម​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ។​

​លោក ម៉ៅ សុ​ចាន់ អភិបាលស្រុក​គាស់ក្រឡ បាន​មានប្រសាសន៍ថា នៅក្នុង​ស្រុក​គាស់ក្រឡ មាន​ឃុំ​ចំនួន​៦ ក្នុងនោះ​មាន​ឃុំ​ចំនួន​៥ ពេល​ដល់​រដូវប្រាំង តែងតែ​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់ ក្នុងនោះ​មាន​ឃុំ​ហប់ ឃុំ​ឆ្នា​មាន់ ឃុំ​ដូន​បា ឃុំ​គាស់ក្រឡ​និង​ឃុំ​ព្រះ​ផុស​។ ក្នុងចំណោម​នេះ ក៏មាន​ឃុំ​ពិបាក ក្នុង​ការនាំ​ទឹក​តាម​ប្រព័ន្ធ​ប្រឡាយ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់ គឺ​ត្រូវតែ​បូម​បន្ត ព្រោះតែ​ឃុំ​ទាំងនោះ នៅក្នុង​តំបន់​មាន​ទួល​ខ្ពស់​។ បញ្ហា​ខ្វះខាត​ទឹក​នេះ ក្រៅពី​ការនាំ​ទឹក​ពី​ប្រភព​ផ្សេងៗ ទៅតាម​ឃុំ​មួយចំនួន ក៏មាន​ជីក​ស្រះ​ធំៗ​បន្ថែម ដើម្បី​មានទឹក​ទុក​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​។ ជាក់ស្ដែង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានផ្ដល់​ជា​អំណោយ ជីក​ស្រះ​ទឹក​ដែលមាន​ទទឹង ១០០​ម៉ែត្រ បណ្ដោយ​២០០​ម៉ែត្រ ស្ថិតនៅ​ឃុំ​ព្រះ​ផុស ដែល​ទឹកស្រះ​នេះ នឹង​អាចជួយ​ឲ្យ​ពលរដ្ឋ​ចំនួន ២​ឃុំ ស្នើ​នឹង​៧​ភូមិ មានទឹក​ប្រើប្រាស់ ។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ក្នុងឱកាស​ចុះ​ពិនិត្យ​ការជីក​ស្រះ អំណោយ​សម្ដេច​ក្រឡាហោម កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ បាន​ជំរុញ​អាជ្ញាធរ​ស្រុក​គាស់ក្រឡ ព​ន្លឿ​ន​ការជីក​ស្រះ​ទឹក​នេះ ឲ្យ​ឆាប់​បាន​ចប់​រួចរាល់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ ឆាប់​បាន​ប្រើប្រាស់ ប្រចាំថ្ងៃ កុំ​ឲ្យ​ពួកគាត់​មានការ​លំបាក​ដូច​សព្វដង​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្រុក​គាស់ក្រឡ ជា​ស្រុក​មួយ​ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​១៤ របស់​ខេត្តបាត់ដំបង តែងតែ​ជួប​នូវ​បញ្ហា​គ្រោះរាំងស្ងួត​ជាងគេ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ ដំណាំ​ស្រូវ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ តែង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព ព្រោះ​ស្រុក​មួយ​នេះ ស្ថិតនៅ​ខ្ពង់រាប​ខ្ពស់​មាន​ភ្នំ​ច្រើន ប៉ុន្តែ​នៅ​ដើមឆ្នាំ​នេះ ហាក់​មាន​អំណោយផល​គ្រាន់បើ ដោយ​ទទួលបាន​ដំណក់ទឹកភ្លៀង​ជា​បន្តបន្ទាប់ តាម​ប្រឡាយទឹក​និង​ស្រះ​ទឹក​មួយចំនួន មានទឹក​ពេញ អាច​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់ ខណៈដែល​សឹងតែ​រាល់​ឆ្នាំ គឺមាន​ការខ្វះខាត​ទឹក ត្រូវបាន​អាជ្ញាធរ​ដឹក​ទឹក​ទៅ​ចែកជូន​តាម​ផ្ទះ ៕

​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×