Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​បុគ្គលិក​សណ្ឋាគា​រ​The Great Duke ជាង ១០០​នាក់ តវ៉ា​ទាមទារ​ការទូទាត់​ប្រាក់​សំណង​ពី​ថៅកែ​សណ្ឋាគារ​

spot_img

​ភ្នំពេញ​៖ ក្រោយពី​សណ្ឋាគារ​The Great Duke ឬ​អតីត​សណ្ឋាគារ InterContinental បាន​បិទទ្វារ​ឈប់​ដំណើរការ​អស់​រយៈពេល​ជាង​៥​ខែ​មកហើយ មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​នោះ អតីត​បុគ្គលិក​ជាង ១០០​នាក់ ដែល​បម្រើ​ការងារ​នៅ​សណ្ឋាគារ​នេះ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា និង​បិទផ្លូវ​ជិត ១​ម៉ោង នៅមុខ​សណ្ឋាគារ​ផ្ទាល់ ដើម្បី​ទាមទារ​ការទូទាត់​ប្រាក់​សំណង​ពី​ថៅកែ​សណ្ឋាគារ​នេះ ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ការលើក​គ្នា​តវ៉ា បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ខាងមុខ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​) ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទំ​បន់​ទឹក ខណ្ឌ​បឹង​កេងកង ។ ក្រោយពី​បិទផ្លូវ អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ក្រសួង​ការងារ​បាន​ចុះ​អន្តរាគមន៍​ស្នើ​សុំឱ្យ​បើកផ្លូវ​វិញ និង​នាំ​តំណាង​សហជីព​ទៅ​ជួប​អ្នកគ្រប់គ្រង​សណ្ឋាគារ ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ​។​

​តំណាង​ម្នា​ក់បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​ទាំងអស់គ្នា​ជា​តំណាងឱ្យ​បុគ្គលិក​ចំនួន​១៥២​នាក់ មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ម្ចាស់​សណ្ឋាគារ THE GREAT DUKE ដែល​បាន​បិទទ្វារ ដោយ​មិន​ទូរ​ទាត់​សំណង​ជូន​កម្មករ និយោជិត ស្របទៅតាម​ច្បាប់​ការងារ ដែលជា​អតីត​បុគ្គលិក​បម្រើការ​ងារ​មិនទាន់​ទទួលបាន​នូវ​ប្រាក់​សំណង​អស់​រយៈពេល​ជាង​៥​ខែ​មកហើយ​នោះ​។​

​បន្ទាប់ពី​ជួប​ជជែក​គ្នា​ជាមួយ​ភាគី​ក្រុមហ៊ុន​នៅ​ព្រឹក​ថ្ងៃនេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល និយាយថា ពួកគេ​បាន​ព្រមព្រៀងគ្នា​ជាមួយ​ភាគី​សណ្ឋាគារ The Great Duke ដោយ​កំណត់​ជួបគ្នា​រក​ដំណោះស្រាយ​នៅ​ក្រសួង​ការងារ​នា​ម៉ោង ២​រសៀល​ថ្ងៃស្អែក​។​

​សណ្ឋាគារ The Great Duke ឬ​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ (InterContinental) បានប្រកាស​បិទ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន កាលពី​ថ្ងៃទី​៣១ ខែធ្នូ កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​អស់​រយៈពេល ២៣​ឆ្នាំ​។

​ក្រោយពី​បិទទ្វារ មិនទាន់​ទូទាត់​ប្រាក់​អតីតភាព​ការងារ ធ្វើឱ្យ​អតីត​បុគ្គលិក​នៅ​សណ្ឋាគារ​នេះ នាំគ្នា​ធ្វើ​ញត្តិ​ដាក់​ទៅ​ស្ថាប័នរដ្ឋ ដូចជា ក្រសួង​ការងារ ខុទ្ទកាល័យ​រដ្ឋាភិបាល និង​ដាក់​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ជួយ​អន្តរាគមន៍​ផងដែរ​។​

​រហូតដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កណ្តាល បានចេញ​សេចក្តីសម្រេច​ជូនដំណឹង​ទៅ​ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក ដើម្បីឱ្យ​និយោជក​ផ្តល់​សំណង​ដល់​កម្មករ​នូវ​ប្រាក់​ដំណាច់​ទូទាត់​ជួស​ការជូនដំណឹង​មុន និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ដោយ​យកប្រាក់​ឈ្នួល​គោល និង​ប្រាក់​បន្ទាប់បន្សំ​មក​គណនា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×