Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម សិក្សា​អំពី​ថ្លៃដើម​ផលិតកម្ម និង​នាំចេញ​អង្ករ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍​សិក្សា​អំពី​ថ្លៃដើម​ផលិតកម្ម និង​នាំចេញ​អង្ករ​កម្ពុជា (Rice Export Cost Study) ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​-​មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​កម្មវិធី​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​កិច្ចប្រជុំ បាន​ពិភាក្សា​លើ​ផ្នែក​ពាក់ព័ន្ធ​សំខាន់ៗ ដែល​ប៉ះពាល់​ដល់​តម្លៃ​នាំចេញ​អង្ករ​កម្ពុជា រួមមាន​៖ ថ្លៃ​អគ្គិសនី ថ្លៃ​ដឹកជញ្ជូន​ពី​ឃ្លាំង​ទៅ​កំពង់ផែ ថ្លៃ​ចំណាយ​នៅ​កំពង់ផែ ចំណាយ​លើ​ការនាំចេញ ថ្លៃ​ដឹកជញ្ជូន​ពី​កំពង់ផែ​ទៅ​ប្រទេស​គោលដៅ (​នាំចូល​) និង​ចំណាយ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

​ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គប្រជុំ បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ផ្នែក​ឯកជន បន្ត​សហការ និង​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា លើ​តម្លៃ​អង្ករ​នាំចេញ​។ ឯកឧត្តម នឹង​រាយការណ៍​អំពី​បញ្ហា​ប្រឈម​ជូន​ថ្នាក់ដឹកនាំ និង​ស្នើសុំ​សេចក្តីសម្រេច​ពី​ថ្នាក់ដឹកនាំ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។​

​គម្រោង​សិក្សា​ថ្លៃដើម​ផលិតកម្ម និង​នាំចេញ​អង្ករ​កម្ពុជា​នេះ ត្រូវបាន​ស្នើឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រោម​កិច្ចសហការ​និង​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​អង្គការ «​កម្មវិធី​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​កសិកម្ម​កម្ពុជា​» ឬ កា​វ៉ា​ក់ (CAVAC) ដែល​គម្រោង​នេះ​មានបំណង​រកឱ្យឃើញ​ពី​បញ្ហា​ប្រឈម ឧត្តមភាព ឬ​លទ្ធភាព​ពង្រឹង​ភាព​ប្រកួតប្រជែង​បច្ចុប្បន្ន​របស់​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​។

​ការសិក្សា​បាន​ផ្តោត​សំខាន់​លើ​ភាព​ប្រកួតប្រជែង​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា ដោយ​វិភាគ​លើ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​របស់​វិស័យ​ស្រូវ​-​អង្ករ ចាប់តាំងពី​ការ​បង្កបង្កើនផល កា​រស​ម្ងួ​ត និង​កិន រហូតដល់​ការនាំចេញ​ដែល​រួមទាំង​ការដឹកជញ្ជូន និង​ការ​រត់ការ​ឯកសារ​ផងដែរ សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​គោលដៅ (​នាំចូល​) នៅ​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងទៀត​។​

របាយការណ៍​នៃ​លទ្ធផល​សិក្សា​នេះ នឹង​ផ្សព្វផ្សាយ​ជូន​វិស័យ​ឯកជន និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ដាក់ចេញ​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា និង​ឈានទៅ​ចាប់យក​ទីផ្សារ​អង្ករ​ក្រៅប្រទេស​៕​ដោយ​៖​សម្ផស្ស​

spot_img
×