Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងផែនការ ស្នើ​ដល់​អភិបាល​រាជធានី ខេត្ត ក្រុង​ទាំងអស់ ជួយ​សហការ និង​តាមដាន​ដំណើរការ​ឱ្យបាន​ជាប់​ជាប្រចាំ ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​

spot_img

​កែប​៖​ក្រសួងផែនការ ស្នើ​ដល់​អភិបាល​រាជធានី ខេត្ត ក្រុង​ទាំងអស់ ជួយ​សហការ និង​តាមដាន​ដំណើរការ​ឱ្យបាន​ជាប់​ជាប្រចាំ ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ មាន​ភាពច្បាស់លាស់​និង​ពិតប្រាកដ សម្រាប់​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល បាន​ជោគជ័យ​។​

​ថ្លែង​ឡើង​ដូចនេះ​ក្នុងឱកាស​នៃ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីត​-១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នា​ព​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២០ នា​សាលាខេត្ត​កែប ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សំ សារី​ន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​ផែនការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន​មន្ទីរ​ផែនការ និង​មន្ត្រី​ជំនាញ ដែល​នឹងត្រូវ​បណ្តុះបណ្តាល​បន្ត និង​ចុះ​អនុវត្ត​ផ្ទាល់​តែម្តង​ដោយ​ប្រើប្រាស់ Tablet មកពី​មន្ទីរ​ផែនការ ខេត្ត កែប​, កំពត​, ព្រះសីហនុ​, កោះកុង​, តាកែវ និង​កណ្តាល ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​មានប្រសាសន៍ថា ដោយសារ​ពេលនេះ មាន​វត្តមាន​របស់ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដូច្នេះ​ខ្ញុំ​សូម​ស្នើ ឯកឧត្តម មេត្តាជួយ​សហការ និង តាមដាន​ដំណើរការ​ការងារ​នេះ ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ឱ្យបាន​ប្រតិកម្ម​ពី​ប្រជាជន នៅពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម​អនុវត្ត​ការផ្តល់​អន្តរាគមន៍ ដូច​យើង​ទទួលបាន​បទពិសោធន៍​កន្លងមក ប្រជាជន​ខ្លះ​គាត់​មិន​ចាប់អារម្មណ៍​ពេល​យើង​ចុះ​សម្ភាសន៍ ប៉ុន្តែ​នៅពេល​គាត់​ត្រូវការ ឬ​ឃើញ​គេ​នៅ​ជិត​ក្នុងភូមិ​ជាមួយគ្នា​ទទួលបាន​ផលប្រយោជន៍ ពេលនោះ​ចាប់ផ្តើម​ប្រតិកម្ម​។ បើ​យើង​ទទួលបាន​លទ្ធផល​ល្អ និង មិនមាន​ប្រតិកម្ម ជាពិសេស​អន្តរាគមន៍​ដែល​បានផ្តល់​ដល់​អ្នក​ដែល​កំពុង​អត់​ពិតប្រាកដ​នោះ គឺ​ប្រជាជន​នឹង​ផ្តល់​កិត្តិយស និង ការកោតសរសើរ​យ៉ាង​ពិតប្រាកដ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង ខេត្ត​ដែល​អនុវត្ត​ការងារ​ប្រកបដោយ​តម្លាភាព​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​បន្តថា តាម​ការប្រគល់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល ក្រសួងផែនការ​បាននិងកំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ ដែល (១) តំបន់​ជនបទ​ឱ្យបាន​ចប់សព្វគ្រប់​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ និង (២) តំបន់​ទីប្រជុំជន​ឱ្យបាន​មុន​ដំណាច់​ខែមិថុនា ឆ្នាំ​២០២០ ដោយ​ប្រើ​យន្តការ​កំណត់​អត្តសញ្ញាណ​ម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ និង ត្រូវមាន​ការពិគ្រោះ​យោបល់​ជាមួយ​ភូមិ និង​ឃុំ ករណី​មានការ​ដកចេញ​នូវ​គ្រួសារ​ណា ដែលមាន​ជីវភាព​លេចធ្លោ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា ដើម្បី​សម្រេចបាន​លទ្ធផល ដូច​បាន​ជម្រាបជូន និង ពេលវេលា​កំណត់​ខាងលើ ពេលនេះ អគ្គនាយកដ្ឋាន​ផែនការ​នៃ​ក្រសួងផែនការ បាន​ដំណើរ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ សម្រេចបាន​ទាំង​ចំនួន​៤​តំបន់ ក្នុងចំណោម​៤​តំបន់​(២៥​រាជធានី ខេត្ត ក្រុង​) ដែល​នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃស្អែក​នេះ​នៃ​ការបណ្តុះបណ្តាល​កម្រិត​ថ្នាក់​រាជធានី ខេត្ត និង បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​នេះ គឺ ឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវ​បណ្តុះបណ្តាល​បន្តទៅ​ថ្នាក់ស្រុក និង ចុះ​អនុវត្ត​ផ្ទាល់​តែម្តង​ដោយ​ប្រើប្រាស់ Tablets​។​

​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​សិក្ខាកាម ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍ថា យើងទាំងអស់គ្នា​បាន​ជ្រាប​ច្បាស់​ហើយ​ថា មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ នេះ គឺ​ត្រូវ​រៀន ដើម្បី​ទទួលបាន​ចំណេះ និង យកទៅ​បង្រៀន​បន្ត ដូច្នេះ ដើម្បី​ទទួលបាន​ចំណេះដឹង គឺ​ត្រូវ​ត្រងត្រាប់​ស្តាប់​ដោយ​យកចិត្តទុកដាក់ និង ត្រូវ​សួរ​នៅពេល​មាន​ចំណុច​ណា​ដែល​មិន ច្បាស់ ឬ​តាម​មិនទាន់ មិនត្រូវ​សំងំ​ទេ ព្រោះ​យើង​បាន​ចំណាយ​ទាំង​ពេលវេលា និង ថវិកា​ច្រើន ដើម្បី​បណ្តុះបណ្តាល និង រង់ចាំ​លទ្ធផល​ទិន្នន័យ​បច្ចុប្បន្នភាព សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ប្រើ​សម្រាប់​ផ្តល់​អន្តរាគមន៍ ហើយ​ប្រជាជន​ក្រីក្រ និង អ្នក​ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ កូ​វីដ​-១៩ ក៏​កំពុង​ទន្ទឹងរង់ចាំ​ជំនួយ​ឧបត្ថម្ភ​យ៉ាង​អន្ទះសា​។ ជាមួយនេះដែរ សម្រាប់​គ្រូឧទ្ទេស ទោះបី​យើង​មិនមែនជា​គ្រូ​អាជីព មាន​គរុកោសល្យ​ក៏ដោយ​ក៏​យើង​ត្រូវ​យល់​ពី​កម្រិត​នៃ​សិក្ខាកាម ដោយ​មិនត្រូវ​ចេះតែ​សូត្រៗ និង បង្ហាញៗ​ឱ្យ​គ្រប់​ម៉ោង​នោះទេ គឺ​ត្រូវ​សួរ​បញ្ជាក់ថា ទាន់ ឬ​មិនទាន់ និង ត្រូវ​បញ្ជាក់ជូន​ឱ្យ​ច្បាស់ៗ​ដល់​សិក្ខាកាម​៕​ដោយ​៖​កូ​ឡាប​

spot_img
×