ប្រទេសថៃ នៅថ្ងៃអង្គារនេះ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ២នាក់បន្ថែមទៀត ប៉ុន្តែមិនមានករណីស្លាប់ថ្មីទេ។
ករណីឆ្លងថ្មីទាំងពីរ កើតឡើងពីស្ត្រីវ័យ ១៩ឆ្នាំ ដែលមកពីទីក្រុងបាងកក និងលើស្ត្រីវ័យ ៥៩ឆ្នាំ មកពីខេត្ត Narathiwat។ ពួកគេទាំងពីរនាក់ឆ្លងវីរុសមរណៈនេះ ដោយសារមានទំនាក់ទំនងជាមួយនឹងអ្នកផ្ទុកវីរុស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19។
ករណីឆ្លងថ្មីភាគច្រើនក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយកើតឡើងនៅភាគខាងត្បូងប្រទេស រួមមាននៅមជ្ឍមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ ស្ថិតក្នុងខេត្តសុងក្លា។
បច្ចុប្បន្ន ថៃមានអ្នកឆ្លងវីរុសសរុបចំនួន ៣.០១៧នាក់ និងមានអ្នកស្លាប់ ៥៦នាក់។
អ្នកជាសះស្បើយសរុបមានចំនួន ២.៧៩៦នាក់ ដូច្នេះមានន័យថា ថៃនៅមានអ្នកជំងឺ ១៦៥នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia