Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​សំ​ណូ​ពរ ឯកឧត្តម ឱម យ៉ិនទៀង បញ្ជូន​មន្ត្រី​ចុះ​អង្កេត​បទ​សង្ស័យ​អំពើពុករលួយ របស់​មន្ត្រី​ប្រចាំ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង​

spot_img

ខេត្តកោះកុង ៖ អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្តកោះកុង ជាថ្មី​ម្តងទៀត បាន​សំណូមពរ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាខ្លះ មាន​ជាប់​ពាក់ព័ន្ធ​បទ​សង្ស័យ​ប្រព្រឹត្តិ​អំពើពុករលួយ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា នៅតាម​ច្រកព្រំដែន​នីមួយៗ​។

​ប្រភពព័ត៌មាន​មួយចំនួន​បានផ្តល់​សម្ភាស​ឲ្យ​អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​កោះកុង​ដឹងថា ពួកគេ​ក៏​ធ្លាប់​បានទទួល​ព័ត៌មាន​ជុំវិញ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​ខូចគុណភាព ត្រូវ​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ចាំ​យាម តាមផ្លូវ​សមុទ្រ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់មក​នេះដែរ​។

​ពួកគេ​សង្ស័យថា ទំនិញគេចពន្ធ ឬ​សាច់​ស្រស់​ខូចគុណភាព ដែល​ឈ្មួញ​អាច​នាំចូល តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ​នា​ខេត្តកោះកុង បាន​ដោយ​រលូន និង​គ្មាន​សមត្ថកិច្ច​ហាមឃាត់ ទំនងជា​ឈ្មួញ​ទាំងនោះ បាន​ត្រូវដង​ត្រូវផ្លែ​គ្នា ជាមួយ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ខ្លះ ប្រចាំការ​តាម​ច្រក​នីមួយៗ ពិសេស​ច្រកទ្វារ​ចាំ​យាម ជា​ថ្នូរ​ចែក​ផលប្រយោជន៍ ឲ្យ​គ្នា​ទៅវិញទៅមក​។

​អ្នក​សម្រួល​សមាគម​អាដហុក ប្រចាំខេត្ត​កោះកុង លោក ញៀប សំអឿន មានប្រសាសន៍ថា ទំនិញ​ដឹក​តាម​រទេះ ពិសេស​ដឹក​តាម​រថយន្ត​ធំៗ ដែល​បាន​ឆ្លងកាត់​ច្រក​ចាំ​យាម​នាពេល​កន្លងទៅ និង​បន្ត​រហូតមកដល់​បច្ចុប្បន្នេះ គឺ​ភាគច្រើន លោក​សង្កេតឃើញថា ទំនិញ​ទាំងនោះ មិន​ត្រូវបាន​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។

​ភាព​អសកម្ម​ទាំងនេះ លោក ញៀប សំអឿន បាន​ទទូច​ដល់ ឯកឧត្តម គុណ ញ៉ឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ឯកឧត្តម ម៉ក ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ប្រចាំការ នៅ​ច្រកព្រំដែន​ចាំ​យាម ខេត្តកោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​អាចមាន​ជាប់​ពាក់ព័ន្ធ ការអនុញ្ញាត​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​ពី​ឈ្មួញ​ល្មើស​ដែរ​ឬ​យ៉ាងណា​?​។

​ប្រភព​ដទៃទៀត ក៏បាន​អះអាងថា កន្លងមក​ទំនិញ ដែល​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​ធំៗ ចូល​តាម​ច្រកព្រំដែន​ចាំ​យាម មិនសូវ​ឃើញ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរ​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ​មួយ​នេះ ចុះ​ត្រួតពិនិត្យ​ទំនិញ​ទាំងនោះ​ឲ្យ​បានជា​ប្រចាំ និង​ត្រឹមត្រូវ​ទេ ដោយ​ឃើញ​មន្ត្រី​ស្ថាប័ន​ខ្លះ បាន​ឈរ​ចាំ​ទទួលយក​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​មួយចំនួន​នោះ នាំយកទៅ​បង់​ជូន​ស្ថាប័ន​នីមួយៗ ដែល​ឈរ​ប្រចាំថ្ងៃ នៅ​ច្រកទ្វារ​ចាំ​យាម ដោយ​មិនបាន​ត្រួតពិនិត្យ​ទំនិញ ដែល​ដឹក​តាម​រទេះ ពិសេស​រថយន្ត​ធំៗ​តែម្តង​។

​ចំណែក ប្រជាពលរដ្ឋ​មួយចំនួន មាន​របរ​លក់ដូរ​ចំណីអាហារ នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ច្រក​ចាំ​យាម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មិនមែនជា​រឿង​ថ្មី​ទេ ដែល​មន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម គ្រប់​ស្ថាប័ន រួមមាន​៖ មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​នេះ និង​ប្រធាន​គ្រប់គ្រង​ច្រកទ្វារ​ចាំ​យាម​ជាដើម បាន​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​ឈ្មួញ ឬ​ពាណិជ្ជ​ករទាំង​ខ្មែរ និង​ថៃ ដោយបាន​អនុញ្ញាត ឲ្យ​នាំចូល​ទំនិញគេចពន្ធ ឬ​សាច់​ស្រស់​ខូចគុណភាព​ជាដើម តាម​ច្រក​ចាំ​យាម​ជា​បន្តបន្ទាប់​មកនេះ​។​

​អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​កោះកុង មិនទាន់​អាចទាក់ទង លោក ងុ​យ ជៀង ប្រធាន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ខេត្តកោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​សង្ស័យ ទៅលើ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព នាំចូល​ពី​ប្រទេស​ថៃ​ចូល​ម​កម្ពុជា តាម​ច្រកទ្វារ​ចាំ​យាម​បានទេ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​១០ ខែមករា ឆ្នាំ​២០១៨​។

​ទោះជា​បែបនេះ​ក្តី មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង មាន​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តកោះកុង និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ជាដើម បាន​បដិសេធន៍​ថា មិនបាន​ជាប់​ពាក់ព័ន្ធ​បទល្មើស អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ នៃ​ខេត្តកោះកុង ដូច​ការចោទប្រកាន់​ទេ​។​

​យ៉ាងណា​ក៏ដោយចុះ មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​ស​ង្គ​មួយចំនួន ប្រចាំខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា ពួកគេ​ពិតជា​ធ្លាប់​ទទួល​បណ្តឹង​ផ្ទាល់មាត់ ពី​ប្រជាពលរដ្ឋ ផ្តល់ព័ត៌មាន​ជុំវិញ​សកម្មភាព របស់​ឈ្មួញ បាន​បន្ត​នាំចូល​ទំនិញគេចពន្ធ និង​សាច់​ស្រស់​ខូចគុណភាព ត្រូវ​មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ នៃ​ខេត្តកោះកុង ពិសេស​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ចាំ​យាម បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល មក​កម្ពុជា តាម​ច្រក​ចាំ​យាម និង​តាមផ្លូវ​សមុទ្រ​ជាដើម​បាន​បន្ត​កើតមាន​ស្ទើ​ជា​រៀងរាល់ថ្ងៃ​។


​ទំនិញគេចពន្ធ​ទាំងនោះ​មានដូចជា​៖ ម៉ូតូ​សេរី​ទំនើបៗ សម្ភារៈ​សំណង់ សាច់​ស្រស់ ឬ​អាហារ​សមុទ្រ​ស្រស់ៗ គ្រឿងសម្អាង ភេសជ្ជៈ អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព ឬ​ជិត​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាពិសេស​គ្រឿង​អេ​ឡិច​ត្រូ មាន​ទូរស័ព្ទដៃ អាយ​ផែត កុំ​ព្យួ​ទ័​រ និង​ទិញ​ជាច្រើន​ប្រភេទ​ទៀត​។

​មន្ត្រី​សង្គម​ស៊ីវិល បាន​ដកស្រង់​សំដី ប្រជាពលរដ្ឋ​មក​បញ្ជាក់ថា រាល់​ការ​នាំចូល​ទំនិញ​ទាំង​គេចពន្ធ និង​ខូច គុណភាព​ភាគច្រើន នៅតាម​ច្រកព្រំដែន​កម្ពុជា​ថៃ ពិសេស​ច្រក​ចាំ​យាម ខេត្តកោះកុង​នេះ គឺ​មន្ត្រី​ស្ថាប័ន​ជំនាញ​មួយចំនួន ដែល​ឈរជើង​ប្រចាំការ នៅតាម​ច្រកព្រំដែន​នីមួយៗ ជា​អ្នក​បើកដៃ ឲ្យ​នាំចូល ទំនិញ​ទាំងនោះ ជា​ថ្នូរ​ទទួលបាន​សំណូក​លុយកាក់​ពី​ឈ្មួញ​ជាប្រចាំ​ថ្ងៃ និង​ប្រចាំខែ ទើប​គ្មាន​សកម្មភាព​បង្ក្រាប ឬ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​នាពេល​កន្លងមក​។

​អ្នកផ្តល់​ព័ត៌មាន​ទាំងអស់នោះ សុទ្ធសឹង​មានបំណង​ចង់​ឲ្យ​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់ជាតិ ឲ្យ​ជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ប្រចាំការ នៅ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង និង​ច្រក​ផ្សេងទៀត ដើម្បី​រក​ឲ្យ​ឃើញ​ការពិត ឈានទៅ​ទប់ស្កាត់​អំពើពុករលួយ ដែល​អាច​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ដ៏​សន្ធឹកសន្ធាប់​នា​ថ្ងៃ​អនាគត​៕ ដែន សីមា

spot_img
×