Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អូស្ត្រាលី​មួយ ​កំពុងតែ​សិក្សា​លទ្ធភាព​វិនិយោគ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្រូវ​-​អង្ករ​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​អូស្ត្រាលី​

spot_img

​ភ្នំពេញ​៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម ប៉ា​ប្លូ កាំ​ង (Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ក៏ដូចជា​ពិភាក្សា​ការងារ​មួយចំនួនទៀត​ផងដែរ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាបជូន​ពី​សកម្មភាព​មួយចំនួន​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​កិច្ចសហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធានាបាន​នូវ​លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​សង្គម​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​រួមមាន​ការផ្ទេរ​ប្រាក់​តាម​រយៈ​ក្រុមហ៊ុន​វី​ង (WING) ជូនទៅ​ក្រុមគ្រួសារ​ក្រីក្រ ក៏ដូចជា​ការផ្ដល់ជូន​នូវ​រថយន្ត​សង្គ្រោះ​បន្ទាប់​ចំនួន ២០ គ្រឿង​ជូន​ចំពោះ​ក្រសួងសុខាភិបាល​កម្ពុជា​។ ក្រៅពីនេះ​ផងដែរ រដ្ឋាភិបាល​អូស្ត្រាលី ក៏បាន​រៀបចំ និង​កំពុង​អនុវត្ត​គម្រោង​ដទៃទៀត​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគ និង​ពាណិជ្ជកម្ម​ផងដែរ​។ ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាប​អំពី​សកម្មភាព​ដែល​រដ្ឋាភិបាល​អូស្ត្រាលី បាន​ជួយ​ដល់​ក្រសួងពាណិជ្ជកម្ម រួមមាន ការជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជំនួយ​បច្ចេកទេស​ដល់​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រកួតប្រជែង​។ លើសពីនោះ​ទៀត អូស្ត្រាលី​ក៏​កំពុងតែ​សិក្សា និង​គ្រោង​នឹង​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២០២១​នេះ នូវ​គម្រោង​ថ្មី​មួយ​ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សម្របសម្រួល​វិនិយោគ និង​ពិពិធ​កម្ម​ពាណិជ្ជកម្ម​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្ដល់​ព័ត៌មាន​ជូន​ដោយ​ឯកឧត្តម​ឯកអគ្គរាជទូត​អូស្ត្រាលី ក៏ដូចជា​ចំពោះ​ជំនួយ​នានា​ដែល​រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្ដល់ជូន​ប្រទេស និង​ប្រជាជន​កម្ពុជា​។ កម្ពុជា និង​អូស្ត្រាលី ក៏​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយចំនួន​ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​អាស៊ាន​-​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ (AANZ) ហើយ​កម្ពុជា និង​អូស្ត្រាលី នឹង​សហការគ្នា​ដើម្បី​ជំរុញ​ការបញ្ចប់ និង​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងនោះ​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម ក៏បាន​ស្នើសុំ​ឲ្យ​អូស្ត្រាលី ពិនិត្យ​លទ្ធភាព​ជួយ​បន្ថែមទៀត​ក្នុង​សកម្មភាព​រួមមាន លិខិតបទដ្ឋាន​គតិយុត្ត និង​ការអភិវឌ្ឍ​សមាសធាតុ​ផ្សេងៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លិខិតបទដ្ឋាន​គតិយុត្ត​នៃ​ច្បាប់​ស្ដីពី​ការប្រកួតប្រជែង ក៏ដូចជា​ចូលរួម​អនុវត្ត​នូវ​អនុសាសន៍​នៃ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣​។

​ក្រៅពីនេះ​ផងដែរ កម្ពុជា និង​អូស្ត្រាលី ក៏​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​ក្នុងនោះ​ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាបជូន​ដែរ​ថា ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ក៏​កំពុងតែ​សិក្សា​លទ្ធភាព​វិនិយោគ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្រូវ​-​អង្ករ​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​អូស្ត្រាលី​៕

ដោយ​៖​កូ​ឡាប​

spot_img
×